រថភ្លើងដឹកអ្នកដំណើរ ពីភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្តើមដំណើរ ការឡើងវិញ នៅដើមឆ្នាំ២០១៦នេះ

ភ្នំពេញ ៖ បន្ទាប់ពីអាក់ខាន ដំណើរការជាច្រើន ឆ្នាំកន្លងទៅ រថភ្លើងដឹកអ្នកដំណើរពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងពីខេត្ត ព្រះសីហនុ មកកាន់ភ្នំពេញ នឹងចាប់ផ្តើមដំណើរការឡើងវិញហើយ នៅដើមឆ្នាំ២០១៦នេះ។

 យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដក់ស្រងសម្តីរបស់ លោក RUSSEL TIZON មន្ត្រីផ្នែក សេវាកម្ម អតិថិជនរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦បានឲ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេបានធ្វើការ សាកល្បងដឹកភ្ញៀវទេសចរតាមរថភ្លើង ចំនួន៣ទូអាចផ្ទុកមនុស្សចំនួន ១៥០នាក់  ហើយទូ រថភ្លើងទាំង៣ទូនោះ មានទូ រថភ្លើង សម្រាប់ប្រភេទ VIP និង២ទូទៀត សម្រាប់ភ្ញៀវទេសចរធម្មតា។ ការចេញ ដំណើរពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ និងពីខេត្តព្រះសីហនុមកកាន់ភ្នំពេញប្រើរយៈពេល ៨ម៉ោង ផ្លូវដែកមាន ចម្ងាយ ២៦០គីឡូម៉ែត្រ ហើយបើកក្នុងល្បឿន ៣៥គីឡូម៉ែត្រក្នុង ១ម៉ោង។

លោកបានបន្តថា ការបើកដំណើរការឡើងវិញនេះ គឺផ្តោតសំខាន់លើភ្ញៀវទេសចរ ដើម្បីភ្ញៀវទេសចរ មើល ឃើញទេស ភាពធម្មជាតិស្រស់ស្អាតតាមបណ្តាខេត្តនានាពីភ្នំពេញ ទៅដល់ខេត្តជាប់មាត់សមុទ្រ ព្រមទាំងការ កាត់បន្ថយការកកស្ទះ ចរាចរតាមផ្លូវជាតិទៀតផង។ ក្បាលរថភ្លើង និងទូរថភ្លើងផលិតឡើងក្នុងទសវត្សរ៍៦០ នៅប្រទេសបារាំងបាន យកមកប្រើប្រាស់ សម័យសង្គមរាស្ត្រនិយម ហើយទូរថភ្លើង ទាំង៣ សម្រាប់ដឹកភ្ញៀវ ទេសចរនេះ ខាងក្នុងតុបតែង យ៉ាងស្អាត និងបំពាក់ឧបករណ៍ម៉ាស៊ីនត្រជាក់ និងមានអាហារដ្ឋានសម្រាប់បម្រើ ភ្ញៀវនៅលើរថភ្លើងទៀតផង។

លោកបានបញ្ជាក់ថា បច្ចុប្បនេះ មានក្រុមហ៊ុនទេសចរណ៍ កំពុងមកទំនាក់ទំនងជាមួយក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេក្នុងការ ដឹកភ្ញៀវទេសចរ តាមរថភ្លើងពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។ ជាមួយគ្នានេះពេលដំណើរ ការបានល្អហើយ ក្រុមហ៊ុន គ្រោងបើកការដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដោយកាត់តាមខេត្តតាកែវ និងខេត្តកំពត៕

រថភ្លើងដឹកអ្នកដំណើរ ពីភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្តើមដំណើរ ការឡើងវិញ នៅដើមឆ្នាំ២០១៦នេះ