ភាពមិនប្រក្រតី​នៃ​ការសាងសង់​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង

​មន្ត្រីនគរបាល​តូចតាច​បម្រើ​ការងារ​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា សំណើសុំ​ដឹកជញ្ជូន​ឈើ​ទៅ​សាងសង់​អគារ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង មាន​ភាពមិនប្រក្រតី​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ឈ្មួញ​បាន​យក​លិខិតអនុញ្ញាត​ក្នុង​ការទិញ​ឈើ​មក​សាងសង់​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ទៅប្រើ​ប្រាស់​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តឧត្ដរមានជ័យ ព្រមទាំង​មានការ​រិះគន់ថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តឧត្ដរមានជ័យ ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​។

សូមបញ្ជាក់ថា លិខិត​ស្នើសុំ​ដឹកឈើ​សាងសង់​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ចុះ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៥ ដោយ​លោក​វរសេនីយ៍ត្រី ស៊ុន សាន អធិការនគរបាល​ក្រុង​សំរោង ដោយមាន​ការឯកភាព​ពី​លោក ម៉ែន លី ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ និង​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ បានសរសេរថា​«​បច្ចុប្បន្ន​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង កំពុង​សាងសង​ថ្មី​ដោយមាន​ការខ្វះខាត​ឈើ​មួយចំនួន ហេតុនេះ​ខ្ញុំ​ស្នើសុំ​ដឹកឈើ​ប្រភេទ​លេខ​២​ចំនួន​៣៥​ម៉ែត្រត្រីគុណ​ពី​ស្រុក​ត្រពាំង​ប្រាសាទ ដើម្បី​យកមក​សាងសង់​អគារ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង នៅក្នុង​ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ​»​។ តាមរយៈ​សំណើ​នេះ​ប្រជាពលរដ្ឋ​កត់សម្គាល់​ឃើញថា ឈើ​រាប់រយ​ម៉ែត្រគូប​ត្រូវបាន​គេ​ដឹក​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ ឆ្លងកាត់​ស្រុក​អន្លង់វែង​ទៅកាន់​ស្រុក​ចុងកាល់ ដើម្បី​ចែកចាយ​តាម​ដេប៉ូ​នានា​យ៉ាង​រលូន​។

មន្ត្រីនគរបាល​តូចតាច​បាន​ឲ្យ​ដឹងថា លិខិត​ស្នើសុំ​របស់លោក ស៊ុន សាន បាន​ក្លាយទៅជា​អាជ្ញាប័ណ្ណ​សម្រាប់​ឈ្មួញ​ដឹកឈើ​ពី​ស្រុក​ត្រពាំង​ប្រាសាទ ទៅ​ចែកចាយ​តាម​ដេប៉ូ​នានា ហើយ​មិនទាន់​ឃើញ​យកទៅ​សាងសង់​អគារ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង​នោះទេ​។ ប្រជាពលរដ្ឋ​ក៏មាន​ការសង្ស័យ​ដែរ​ថា ឈើ​ត្រឹម​៣៥​ម៉ែត្រត្រីគុណ​ត្រូវបាន​គេ​ដឹកជញ្ជូន​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ​នៅតែ​មិនទាន់​គ្រប់​ទៀត ដូច្នេះ​លោក ស ថា​វី ជា​អភិបាលខេត្ត និង​លោក ម៉ែន លី ជា​ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ គួរ​បំភ្លឺ​ឲ្យ​មន្ត្រីនគរបាល​ក្នុង​ខេត្ត និង​ប្រជាពលរដ្ឋ​អស់​ការសង្ស័យ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា នគរបាល​ក្រុង​សំរោង និង​នគរបាល​ខេត្តឧត្ដរមានជ័យ ប្រមូល​លុយ​បាន​យ៉ាងច្រើន​ពី​លិខិត​ស្នើសុំ​ដឹកឈើ​ទៅ​សាងសង់​អគារ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ព្រោះ​គេ​បាន​ប្រើប្រាស់​លិខិតអនុញ្ញាត​នោះ ឲ្យ​ឈ្មួញ​ដឹកឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ជាង​១​ឆ្នាំ​មកហើយ​៕

102លោក ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ