ព្រៃឈើ​ខេត្តស្ទឹងត្រែង ត្រូវ​រលាយ​ដោយសារ​ស្នាដៃ​លោក ឈាង តុលា

​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ដែន​ជម្រក​សត្វ ព្រមទាំង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ខេត្តស្ទឹងត្រែង នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ដោយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ គឺជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ហេតុនេះហើយ​ទើប​បទល្មើស​នៅតែ​កើតឡើង​ឥតឈប់ឈរ​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ ព្រៃ​អភិរក្ស នៅ​ស្រុក​សេ​សាន ស្រុក​សៀម​ប៉ាង និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​លោក ឈាង តុលា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​មានការ​ឃុបឃិត​ជាមួយ​លោក កុល សំអុល អតីត​អភិបាលខេត្ត​ស្ទឹងត្រែង បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​យ៉ាង​គគ្រឹកគគ្រេង​។ ឈ្មួញ​ធំៗ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​អំពើ​ចិត្ត ដោយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កូនចៅ​លោក ឈាង តុលា ចាំ​ទទួលផល​ប្រយោជន៍​យ៉ាង​ត្រជាក់ចិត្ត​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។

ឈ្មួញ​ដឹកជញ្ជូន​ឈើ​មួយចំនួន​បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក ឈាង តុលា និង​មន្ត្រី​អាជ្ញាធរ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ពួកគេ​មិនអាច​ដឹកឈើ​ចេញពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ យកទៅលក់​នៅ​ស្រុក​យួន​បានឡើយ​។ ឈ្មួញ​ទាំង​នោះបាន​ឲ្យ​ដឹងថា ពួកគេ​ផ្ដល់​ផលប្រយោជន៍​ឲ្យ​លោក ឈាង តុលា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន ទើប​អាច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដោយ​គ្មាន​ការរំខាន​។ ជាងនេះទៅទៀត​ពួកគេ​អាច​ចូល​កាប់​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ និង​ឈើ​ប្រភេទ​លេខ​២ ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ តាម​អំពើ​ចិត្ត​។

ចំណែក​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​មួយចំនួន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា រាល់​ការដឹកជញ្ជូន​ឈើ​ប្រណីត​ចូល​រោង​សិប្បកម្ម​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កូនចៅ​លោក ឈាង តុលា ជាប្រចាំ ទើប​អាច​គេច​ផុតពី​ការបង្ក្រាប​។ មានន័យថា ក្នុងតួនាទី​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង លោក ឈាង តុលា មិនបាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​នោះទេ ហើយ​បែរជា​ប្រើប្រាស់​តួនាទី​ដើម្បី​ប្រមូល​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ ដូច្នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ គួរពិនិត្យមើល​ផងដែរ ព្រោះ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តស្ទឹងត្រែង រិះគន់ថា​ព្រៃឈើ​ក្នុង​ខេត្ត​នេះ​ត្រូវ​រលាយ​សាបសូន្យ​ដោយសារ​ស្នាដៃ​លោក ឈាង តុលា និង​បក្ខពួក​៕

Wat-Chheag-Tola-400x2881 314