ខ្មែរ​ក្រោម​ទាមទារ​ឲ្យ​វៀតណាម​ស៊ើប​អង្កេត​រឿង​ដួល​រលំ​ប្រាសាទ​ប្រទីប​នៅ​កម្ពុជា​ក្រោម

ព្រះសង្ឃ និង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង ស៊ើប​អង្កេត​ចំពោះ​ការ​ដួល​រលំ​ប្រាសាទ​ប្រទីប​ដូន​អំ ដែល​ត្រូវ​បាន​ខ្មែរ​ក្រោម​សាងសង់​ដាក់​នៅ​ចំ​កណ្ដាល​ស្រះ​មួយ​ឈ្មោះ ស្រះ​គូ ឋិត​នៅ​ទី​រួម​ខេត្ត​ព្រះត្រពាំង។ ខ្មែរ​ក្រោម​សង្ស័យ​ថា ប្រាសាទ​ប្រទីប​នេះ​ដួល​រលំ​ដោយសារ​តែ​ជនជាតិ​វៀតណាម បាន​នាំ​យក​ម៉ូតូ​ទឹក​ទៅ​ជិះ​ប្រណាំង​គ្នា​លេង​នៅ​ក្នុង​ស្រះ​នោះ។

ចាប់​តាំង​ពី​ថ្ងៃ​ទី​៥ ខែ​មករា មក ព្រះសង្ឃ និង​យុវជន​ខ្មែរ​ក្រោម​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​នាំ​គ្នា​បង្ហោះ និង​ចែក​ចាយ​បន្ត​គ្នា​នូវ​រូប​ប្រាសាទ​ឈើ​មួយ​ដែល​កំពុង​ដួល​រលំ​នៅ​ក្នុង​ស្រះ​គូ។ ប្រាសាទ​នោះ ខ្មែរ​ក្រោម​ហៅ​ថា ប្រាសាទ​ប្រទីប​ដូន​អំ។

ប្រាសាទ​ប្រទីប​ដូន​អំ គឺ​ជា​ប្រាសាទ​ធ្វើ​ពី​ឈើ​មាន​រចនាបថ​ខ្មែរ ត្រូវ​បាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ព្រះត្រពាំង កសាង​ឡើង​កាល​ពី​ឆ្នាំ​២០១២ ដើម្បី​រម្លឹក​គុណ​ដល់​ជីដូន​ម្នាក់​ឈ្មោះ អំ ដែល​បាន​ដឹក​នាំ​ស្ត្រី​ខ្មែរ​ក្រោម​ជីក​ស្រះ​នេះ​តាំង​ពី​យូរ​លង់​មក​ហើយ។

ស្រះ​គូ ឬ​ខ្មែរ​ក្រោម​ហៅ​ម្យ៉ាង​ទៀត​ថា គូ​ស្រះ​ស្រី ត្រូវ​បាន​ខ្មែរ​ក្រោម​ថែ​រក្សា​តៗ​គ្នា ហើយ​សព្វថ្ងៃ បាន​ក្លាយ​ជា​រមណីយដ្ឋាន​មួយ​ដ៏​មាន​ប្រជាប្រិយ​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង ទៅ​ទស្សនា​កម្សាន្ត និង​សម្រាប់​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​សំខាន់​នៅ​ទីនោះ ពិសេស​គឺ​ក្នុង​ពិធី​បុណ្យ​អក​អំបុក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ។

ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​សុំ​មិន​បញ្ចេញ​ព្រះ​នាម ដោយ​ខ្លាច​អាជ្ញាធរ​វៀតណាម ធ្វើ​បាប មាន​ថេរ​ដីកា​ឲ្យ​ដឹង​ថា នៅ​មួយ ឬ​ពីរ​ថ្ងៃ​មុន​ប្រាសាទ​ប្រទីប​ដូន​អំ ដួល​រលំ គេ​ឃើញ​មាន​ជនជាតិ​វៀតណាម មួយ​ក្រុម បាន​ដឹក​យក​ម៉ូតូ​ទឹក​ប្រមាណ​ពី ៥ ទៅ ៦​គ្រឿង រួច​ទម្លាក់​ចុះ​នាំ​គ្នា​ជិះ​ប្រណាំង​យ៉ាង​អនាធិបតេយ្យ​ចុះ​ឡើង​ជុំវិញ​ប្រាសាទ ដែល​បង្ក​ឲ្យ​មាន​ជា​រលក​បោក​បក់​លើ​តួ​ប្រាសាទ។ ក្រោយ​ការ​ជិះ​ម៉ូតូ​ទឹក​របស់​ជនជាតិ​វៀតណាម ទាំងអស់​នោះ ស្រាប់​តែ​នៅ​ថ្ងៃ​ទី​៥ មករា ប្រសាទ​ប្រទីប​ដូន​អំ ត្រូវ​បាន​គេ​ឃើញ​ដួល​រលំ​ផ្ងារ​ជើង​នៅ​ក្នុង​ស្រះ​ទឹក​នោះ​តែ​ម្តង។ ពេល​នោះ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ក៏​ចាប់​ផ្តើម​នាំ​គ្នា​ថត​បង្ហោះ​ដាក់​លើ​ទំព័រ​ហ្វេសប៊ុក​ជា​ហូរហែ។ អ្នក​ខ្លះ​យល់​ថា ដោយសារ​តែ​មាន​ជនជាតិ​វៀតណាម នាំ​គ្នា​ជិះ​ម៉ូតូ​ប្រណាំង​ក្បែរ​ប្រាសាទ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ប្រាសាទ​រលំ​ដួល ខណៈ​អ្នក​ផ្សេង​ទៀត​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​អាជ្ញាធរ​វៀតណាម ដែល​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ទាំង​នោះ នាំ​គ្នា​ជិះ​ម៉ូតូ​ទឹក​យ៉ាង​អនាធិបតេយ្យ​ក្នុង​ស្រះ​ទឹក ដែល​ជា​កន្លែង​ថែ​រក្សា​របស់​ខ្មែរ។ ពួក​គេ​ថា តាំង​ពី​ដើម​មក ពុំ​មាន​នរណា​ម្នាក់​យក​ម៉ូតូ​ទឹក​មក​ជិះ​ប្រណាំង​គ្នា​លេង​ដូច​នេះ​ឡើយ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ដែល​បាន​ដឹង​ឮ​រឿង​នេះ​ដែរ​នោះ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ មករា ថា ស្រះ​គូ ឬ​ស្រះ​ស្រី មិន​មែន​ជា​ទីតាំង​ដែល​ជនជាតិ​វៀតណាម គួរ​យក​ម៉ូតូ​ទឹក​ទៅ​ជិះ​ប្រណាំង​គ្នា​កម្សាន្ត​សប្បាយ​ដូច​ក្នុង​ទន្លេ ឬ​ព្រែក​ធំៗ​នោះ​ទេ។ មួយ​វិញ​ទៀត លោក​ថា ស្រះ​នោះ គឺ​ជា​ទី​រមណីយដ្ឋាន​ដែល​ខ្មែរ​ក្រោម​ប្រើប្រាស់​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​ផ្សេងៗ និង​ជា​កន្លែង​គោរព​បូជា​សម្រាប់​បុព្វបុរស​ផង​ដែរ។

លោក ថាច់ សេដ្ឋា ដាក់​ការ​សង្ស័យ​លើ​អាជ្ញាធរ​វៀតណាម ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ចូល​ជិះ​ម៉ូតូ​ទឹក​លេង​យ៉ាង​អនាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាសាទ​ខ្មែរ​បែប​នេះ៖ «ស្រះ​គូ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់ ដែល​ខ្មែរ​ក្រោម​តែង​តែ​ទៅ​ទស្សនកិច្ច​កម្សាន្ត ហើយ​ចាត់​ទុក​ថា​ជា​កន្លែង​ប្រវត្តិសាស្ត្រ​សំខាន់​បំផុត​របស់​ខ្មែរ​យើង ហើយ​កន្លែង​នោះ​ជា​កន្លែង​តូច​ចង្អៀត មិន​ស័ក្តិសម​នឹង​ខាង​អាជ្ញាធរ ឬ​អ្នក​គ្រប់គ្រង​កន្លែង​នោះ​អនុញ្ញាត​ឲ្យ​ធ្វើ​បែប​នេះ​ទេ ពីព្រោះ​ថា ជា​កន្លែង​សម្រាប់​គោរព​បូជា​ផង កន្លែង​សក្ការៈ និង​ប្រវត្តិសាស្ត្រ​ផង»

លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​បន្ត​ថា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង បាន​វាយ​កម្ទេច​ខ្លោងទ្វារ​ខ្មែរ​ដែល​ចូល​ទៅ​កាន់​ទី​រួម​ខេត្ត​ព្រះត្រពាំង។ លើស​ពី​នេះ ពួក​គេ​ក៏​បាន​វាយ​បំផ្លាញ​កីឡាដ្ឋាន និង​ខ្លោងទ្វារ​រចនាបថ​ខ្មែរ​ចូល​ទៅ​កាន់​កីឡាដ្ឋាន​នេះ​ផង​ដែរ។ លោក​ថា រហូត​មក​ទល់​ពេល​នេះ ខ្លោងទ្វារ និង​កីឡដ្ឋាន​ទាំង​នោះ មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម សង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​វិញ​នៅ​ឡើយ​ទេ។

ចំណែក​ការ​ដួល​រលំ​ប្រាសាទ​ប្រទីប​ដូន​អំ របស់​ខ្មែរ​ក្រោម​នៅ​ពេល​នេះ​វិញ លោក ថាច់ សេដ្ឋា ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម បកស្រាយ​ឲ្យ​ច្បាស់លាស់​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ស្ងប់​ចិត្ត៖ «វា​ជា​កន្លែង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​សម្រាប់​តែ​ប្រជាពលរដ្ឋ​ខ្មែរ ព្រះសង្ឃ​ខ្មែរ​ប្រារព្ធ​ពិធី​ទំនៀមទម្លាប់ ដូចជា​ប្រណាំង​ទូក​ជា​ប្រវត្តិរូប បង្ហោះ​គោម អក​អំបុក​សំពះ​ព្រះ​ខែ លយ​ប្រទីប។ រឿង​អី​បាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ទៅ​លេង​បែប​នេះ ហាក់​ដូចជា​មាន​ចេតនា​គ្រោង​ទុក​មួយ​ហើយ អ៊ីចឹង​បាន​យើង​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​នៅ​ក្នុង​រឿង​នេះ​ផង»

ខេត្ត​ព្រះត្រពាំង គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត-ក្រុង ២០ ផ្សេង​ទៀត​នៅ​ដែនដី​កម្ពុជា​ក្រោម។ ខេត្ត​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​ជាង​គេ និង​មាន​វត្ត​រហូត​ដល់​ជិត ១៥០ ក្នុង​ចំណោម​វត្ត​ទាំងអស់​ប្រមាណ ៦០០ នៅ​ដែនដី​កម្ពុជា​ក្រោម ក្នុង​នោះ​មាន​វត្ត​មួយ​ឈ្មោះ វត្ត សម្បួរ​រង្សី ក្នុង​ស្រុក​កំពង់ស្ពាន ខេត្ត​ព្រះត្រពាំង ត្រូវ​បាន​កសាង​តាំង​ពី​ឆ្នាំ​៣៧៣ នៃ​គ.ស ដែល​គេ​ចាត់​ទុក​ថា​ជា​វត្ត​មាន​វ័យ​ចំណាស់​ជាង​គេ​បង្អស់​នៅ​ដែនដី​កម្ពុជា​ក្រោម។

បើ​និយាយ​ពី​ស្រះ​គូ ឬ​គូ​ស្រះ​ស្រី វិញ ស្រះ​នេះ​ត្រូវ​បាន​ជនជាតិ​វៀតណាម ហៅ​ថា អាវ បា អំ (Ao Bà Om) ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ស្រះ​យាយ​អំ ឬ​ស្រះ​ដូន​អំ។ ស្រះ​នេះ​មាន​ទទឹង​ប្រមាណ ៣០០​ម៉ែត្រ និង​បណ្តោយ ៥០០​ម៉ែត្រ ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ដើម​ឈើ​ទាល និង​ដើម​គគីរ​ធំៗ​ជាច្រើន។

ជុំវិញ​ការ​ដែល​មាន​ជនជាតិ​វៀតណាម យក​ម៉ូតូ​ទឹក​ទៅ​ជិះ​ក្នុង​ស្រះ​គូ​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​វៀតណាម ខេត្ត​ព្រះត្រពាំង បាន​នៅ​ឡើយ​ទេ។

វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​សុំ​ប្រតិកម្ម​ឆ្លើយ​តប​ពី​ប្រធាន​អភិបាល​ពុទ្ធសាសនា​ខ្មែរ​ខេត្ត​ព្រះត្រពាំង និង​ជា​មេគណ​រង​ខេត្ត​ព្រះត្រពាំង ព្រះតេជព្រះគុណ សុខ សាន បាន​ទេ នៅ​ថ្ងៃ​ទី​៨ មករា ដោយ​ព្រះអង្គ​មាន​ថេរ​ដីកា​ថា ព្រះអង្គ​ជាប់​រវល់​ប្រជុំ។

ព្រះសង្ឃ​ខ្មែរ​ក្រោម​យល់​ឃើញ​ថា ការ​ដែល​មាន​ជនជាតិ​វៀតណាម នាំ​គ្នា​ទៅ​ជិះ​ម៉ូតូ​ទឹក​ប្រណាំង​ពេញ​ស្រះ​ដូច​នេះ គឺ​បង្ហាញ​ពី​ការ​ប្រមាថ​របស់​ជនជាតិ​វៀតណាម ទាំង​នោះ​ទៅ​លើ​ទី​កន្លែង​ប្រវត្តិសាស្ត្រ ដែល​ខ្មែរ​ក្រោម​កំពុង​ខិតខំ​ថែ​រក្សា​ទុក​សម្រាប់​ឲ្យ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។