រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អ្នក​ទិញ​ឡាន​ម៉ូតូ​ត​ពី​គេ​អាច​កាត់​ឈ្មោះ​បាន​ដោយ​មិន​បញ្ជាក់​ពី​ម្ចាស់​ដើម

ប្រមុខ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ម្ចាស់​ឡាន និង​ម៉ូតូ​ដែល​ទិញ​ត​ពី​គេ​ អាច​កាត់​ឈ្មោះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ឯង​បាន ដោយ​មិន​ចាំ​បាច់​បញ្ជាក់​ពី​ម្ចាស់​ដើម​ឡើយ។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបែប​នេះ ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក ដែល​ជា​ការ​ឆ្លើយ​តប​នឹង​សំណូមពរ​ពលរដ្ឋ​ម្នាក់​នៅ​ថ្ងៃ​ទី​៩ មករា​នេះ។ លោក​បញ្ជាក់​ថា បញ្ហា​នេះ​លោក​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ហើយ ដោយ​នឹង​ទទួល​ស្គាល់​ការកាន់​កាប់​ជាក់ស្ដែង និង​ពុំ​ចាំ​បាច់​ឲ្យ​មាន​ការ​បញ្ជាក់​ពី​ម្ចាស់​មុន​នោះ​ទេ។ ចំណែក​ម្ចាស់​រថយន្ត ឬ​ម៉ូតូ​ដែល​មិន​ទាន់​បង់​ពន្ធ ត្រូវ​មក​បង់​ពន្ធ​តាម​ច្បាប់។

ប៉ុន្តែ​លោក ហ៊ុន សែន ក៏​អំពាវ​ដល់​​ពលរដ្ឋ ត្រូវ​តែ​មាន​ការ​បញ្ជាក់​ត្រឹមត្រូវ​ពី​អ្នក​លក់ សម្រាប់​ការ​ទិញ​រថយន្ត ឫ​ម៉ូតូ​នៅ​ពេល​មុខ ដើម្បី​ភាព​ងាយ​ស្រួល​ទាំង​អស់​គ្នា។

មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ឆ្លើយ​ឆ្លង និង​ដោះស្រាយ​សំណូម​ពរ​របស់​ពលរដ្ឋ​មួយ​ចំនួន ដូចជា ការ​លុប​ចោល​ប័ណ្ណ​បើកបរ​ម៉ូតូ​ចាប់​ពី​កម្លាំង​១២២​សេសេ (CC) ចុះ​ក្រោម ការ​ពន្យារ​ពេល​ធ្វើ​ប័ណ្ណបើកបរ​យានយន្ត​គ្រប់​ប្រភេទ និង​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ប័ណ្ណបើកបរ​ប្រភេទ​ក​១​រួច​ហើយ ទៅ​យក​ថវិកា​វិញ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។