អគ្គិភ័យ លេបត្របាក់ ផ្សារធំមួយកន្លែង នៅទីក្រុងរ៉ង់ហ្គូន

រ៉ងហ្គូន៖ ទីផ្សាដ៏ធំមួយ មានឈ្មោះថា មីហ្គាឡាហ្សាយ ក្នុងទីក្រុងរ៉ង់ហ្គូន អតីតរដ្ឋធានី របស់មីយ៉ាន់ម៉ា បានឆាបឆេះទាំងកណ្តាលយប់ ឈានចូលថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ ២០១៦ នេះ ចាប់ពីជាន់ទី ៤របស់អគារ រហូតមកដល់ជាន់ក្រោម។ នេះបើតាមការផ្សាយរបស់ស៊ិនហួ កាលពីព្រឹកថ្ងៃសៅរ៍។

អគ្គិភ័យ ដែលមិនទាន់ដឹងពីមូលហេតុ បង្កឡើងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទី យប់រំលងអធ្រាត្រ ធ្វើឲ្យសង្កាត់ មីងហ្គាឡា តូង នីយុនត៍ ទាំងមូល កើតភាពចលនាចល បន្ទាប់ពីបានឮសំឡេងផ្ទុះយ៉ាងខ្លាំងក្លាផងដែរ។

រថយន្តពន្លត់អគ្គិភ័យ ៦៥គ្រឿង និង ក្រុមពន្លត់អគ្គិភ័យជាង ៦០០នាក់ បានព្យាយាមទាំងយប់ ដើម្បីបំពេញបេសកកម្ម របស់ខ្លួន ប្រកបដោយគ្រោះថ្នាក់ ព្រោះដំបូលផ្សារដែលឆាបឆេះនោះ បានបាក់ធ្លាក់ចុះមកដីជាបណ្តើរៗ ដែលជាហេតុធ្វើឲ្យប្រតិបត្តិការពន្លត់ពិបាក។
រហូតមកដល់ពេលនេះ ពុំទាន់មានព័ត៌មានសរុប អំពីការខូចខាត និង ការបាត់បង់អាយុជីវិតមនុស្ស ឬក៏ការបង្ករបួសស្នាមអ្វីនៅឡើយទេ៕

អគ្គិភ័យ លេបត្របាក់ ផ្សារធំមួយកន្លែង នៅទីក្រុងរ៉ង់ហ្គូន