បើ​គ្រាប់​បែក​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង ធ្លាក់​ចំ​ភ្នំពេញ តើ​នឹង​​មាន​អ្វី​កើត​ឡើង?


ប្រទេសកូរ៉េខាងជើង បានអះអាង ពីការសាកល្បងជាលើកទី៤ នូវគ្រាប់បែកនុយក្លេអ៊ែរ របស់ខ្លួន ដែល​ជា​ប្រភេទ​គ្រាប់​បែក «H» ដ៏មានកម្លាំងខ្លាំងអស្ចារ្យ។ សាកល្បងគិតមើល ថាប្រសិនជាគ្រាប់បែកនេះ ធ្លាក់ចំ​ពី​លើ​រដ្ឋធានី​ធំៗ តើ​គ្រោះ​មហន្តរាយ កើត​ចេញពី​ការ​បំផ្ទុះ​គ្រាប់បែកនេះ នឹងមានទំហំដល់កម្រិតណា?
បើ​គ្រាប់​បែក​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង ធ្លាក់​ចំ​ភ្នំពេញ តើ​នឹង​​មាន​អ្វី​កើត​ឡើង?

រូបភាពជំនួស បង្ហាញពីការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ របស់សហភាពសូវៀត ដែលមានកម្រិតផ្ទុះដល់ទៅជិត៦០មេហ្គាតោន។ (រូបថត ឯកសារ)

អ្នកផងស្វាគមន៍ បុណ្យចូលឆ្នាំថ្មី ដោយការបាញ់កាំជ្រួចជ្វាលា ឬការរាំកំសាន្ដជុំគ្នា។ ដោយឡែក ​ប្រទេស​កូរ៉េ​ខាងជើង បានជ្រើសរើសការស្វាគមន៍ឆ្នាំថ្មី ដោយការ​សាកល្បង បំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ ប្រភេទ «H (ពាក្យ​កាត់​ពី អ៊ីឌ្រូសែន /Hydrogène)» កាលពីថ្ងៃពុធទី៦ ខែមករាកន្លងទៅ។ ប៉ុន្តែមកដល់ម៉ោងនេះ គ្មាននរណា​ម្នាក់​អះអាង ជំនួសប្រទេសកុម្មុយនីសមួយនេះ ថាវាពិតជាគ្រាប់បែកនុយក្លេអ៊ែរ ប្រភេទ «H» ដែលមាន​កម្លាំង​​ផ្ទុះ យ៉ាងហោច១០០០ដង ខ្លាំងជាងគ្រាប់បែក​នុយក្លេអ៊ែរធម្មតា (ជាឧទាហរណ៍គ្រាប់បែកនុយក្លេអ៊ែរ ដែល​ទម្លាក់​នៅ​ប្រទេសជប៉ុន ក្នុងសង្គ្រាមលោកលើកទី២) នោះទេ។

បើតាមវិទ្យាស្ថានភូមិសាស្ត្រអាមេរិក កម្លាំងរញ្ជួយនៅពេលសាកល្បង បំផ្ទុះគ្រាប់បែករបស់​ប្រទេសកូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃពុធ មានកម្រិតប្រមាណជា ៥,១ រិចទ័រ។ កម្រិតនេះ ធ្វើឲ្យអ្នកជំនាញជាច្រើន ត្រូវបាន​សារព័ត៌មាន​​អង់គ្លេស​​«DailyMail» ស្រង់សំដីមកអះអាងថា មិនមែនជាគ្រាប់បែកប្រភេទ«H»ទេ តែជា​គ្រាប់​បែក​ប្រភេទ«A» ដែល​ជា​ជំហាន​ដំបូង ឈានទៅផលិតគ្រាប់បែកប្រភេទ «​H»។ ក្នុងចំណោមគ្រាប់បែក ដែល​ប្រទេស​​កូរ៉េ​ខាង​ជើង បានសាកល្បង គ្រាប់បែកដែលមានកម្លាំងខ្លាំងជាងគេ ត្រូវបានគេរំពឹងថា មានកម្លាំងផ្ទុះ ត្រឹម​​ពី៦ ទៅ​​៧គីឡូ​តោន​​ប៉ុណ្ណោះ។

គ្រាប់បែកប្រភេទ«H» នឹងបង្កគ្រោះមហន្តរាយធំធេង មិនអាចប៉ាន់ស្មានបាន ប្រសិនជាវាត្រូវបានគេទម្លាក់ នៅ​លើតំបន់ដែលមានមនុស្សរស់នៅ។ គ្រាប់បែកប្រភេទនេះ ដែលធ្លាប់ត្រូវបានសាកល្បងតែម្ដងគត់ ដោយ​អតីត​សហភាពសូវៀត គឺគ្រាប់បែកដែលមានឈ្មោះថា «Tsar Bomba»។ គ្រាប់បែក របស់អតីត​ប្រទេស​កុម្មុយនីស​នេះ មានកម្លាំងផ្ទុះ៥០មេហ្គាតោន ដែលមានកម្រិត៣០០០ដង ខ្លាំងជាងគ្រាប់បែក​នុយក្លេអ៊ែរ​អាមេរិក ដែល​ទម្លាក់​នៅ​ក្រុង ហ៊ីរូស៊ីមា (ប្រទេសជប៉ុន) និងដែលធ្វើឲ្យមានមនុស្សស្លាប់ ដល់ទៅជាង ១៤០ ០០០នាក់ ក្នុង​​សង្គ្រាម​​​លោក​​​​លើក​​ទី២។

ប្រសិនបើ...

ចុះត្រឹមតែគ្រាប់បែកប្រភេទ«A» របស់ប្រទេសកូរ៉េខាងជើង ដែលបានសាកល្បងកាលពីថ្ងៃពុធនេះ នឹងបង្ក​វិនាស​កម្មដល់កម្រិតណា ប្រសិនជាវាត្រូវបានទម្លាក់ ចំកណ្ដាលរដ្ឋធានីធំៗ ដែលសម្បូរដោយ​មនុស្ស​រស់នៅ​នោះ? គ្មាននរណាអាចដឹងបានពីតួរលេខពិតប្រាកដនោះទេ។ តែសារព័ត៌មានអង់គ្លេស «DailyStar» បាន​ធ្វើការវាស់វែង ពីទំហំគ្រោះមហន្តរាយនេះ ដោយគិតពីកម្លាំងផ្ទុះ និងបរិមាត្រដែលកើតឡើង ជុំវិញ​ចំណុច​ផ្ទុះ​របស់គ្រាប់បែក។ សារព័ត៌មានបានបន្ថែមការប៉ាន់ប្រមាណ នូវតួលេខព្រឺរោមមួយចំនួន ដែលកើតចេញ ពីការ​សាក​ល្បង​​គ្រាប់​បែក របស់ប្រទេសកូរ៉េខាងជើង ដូចខាងក្រោម៖

- ដុំភ្លើងជាច្រើន ដែលផ្ទុះចេញពីគ្រាប់បែក អាចមានទំហំរហូតដល់ ៧០០ម៉ែត្រការេ ជុំវិញចំណុចផ្ទុះ។

- សារជាតិវិទ្យុសកម្ម ដែលធ្វើឲ្យជីវិតមនុស្សសត្វស្លាប់ភ្លាម នៅនឹងកន្លែង មានផ្ទៃក្រឡាប្រមាណជា ២,៥​គីឡូម៉ែត្រ​ការេ។

- សារជាតិវិទ្យុសកម្ម ដែលធ្វើឲ្យជីវិតមនុស្សសត្វស្លាប់ នៅក្នុងប៉ុន្មានថ្ងៃខាងមុខ មានផ្ទៃក្រឡាលាតសន្ធឹង បន្ត​ពីផ្ទៃក្រឡាខាងលើ ប្រមាណ៣,៥គីឡូម៉ែត្រការេ។

- សារជាតិវិទ្យុសកម្ម ដែលធ្វើឲ្យមនុស្សសត្វត្រូវរលាក រលះរលួយខ្លួន ឬដាច់ដៃដាច់ជើងនោះ មានផ្ទៃក្រឡា​លាតសន្ធឹង បន្តពីផ្ទៃក្រឡាខាងលើ ប្រមាណ៨,៨គីឡូម៉ែត្រការេ។

- សារជាតិវិទ្យុសកម្ម ដែលធ្វើឲ្យ​ខ្លួនមនុស្សសត្វត្រូវរោលខ្លួន ដូចត្រូវភ្លើង មានផ្ទៃក្រឡាលាតសន្ធឹង បន្ត​ពីផ្ទៃ​ក្រឡាខាងលើ ប្រមាណ២៨គីឡូម៉ែត្រការេ បន្ថែមទៀត។

តួលេខប៉ាន់ប្រមាណ នៃការស្លាប់របួសមនុស្ស របស់រដ្ឋធានីធំៗមួយចំនួន

តួលេខខាងក្រោមនេះ ត្រូវបានគណនាចេញ ពីដង់ស៊ីតេ នៃចំនួនមនុស្សរស់នៅ កណ្ដាលរដ្ឋធានីធំមួយចំនួន ប្រសិនជាគ្រាប់បែកនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ធ្លាប់ចំ៖

- ប៉ារីស (ប្រទេសបារាំង) ស្លាប់ ១៦១ ៥៥០នាក់ និងរបួស ៥០៦ ៥១០នាក់។

- ប៊ែកឡាំង (ប្រទេសអាល្លឺម៉ង់) ស្លាប់ ៤៤ ៤២០នាក់ និងរបួស ១៧៣ ៤៤០នាក់។

- ឡុងដ៍ (ប្រទេសអង់គ្លេស) ស្លាប់ ៥៩ ៥០០នាក់ និងរបួស ២៧៤ ៦៩០នាក់។

- សេអ៊ូល (ប្រទេសកូរ៉េខាងត្បូង) ស្លាប់ ១១០ ៨៥០នាក់ និងរបួស ៣១៤ ៦៧០នាក់។

- តូក្យូ (ប្រទេសជប៉ុន) ស្លាប់ ១០៩ ៤០០នាក់ និងរបួស ៣៤៣ ៥៣០នាក់។

- ក្រូងញ៉ូយក (ប្រទេសអាមេរិក) ស្លាប់២៣៩ ៦៨០នាក់ និងរបួស ៥៤៦ ៦៦០នាក់។

- ក្រុងឡូសអេនជឺឡេស (ប្រទេសអាមេរិក) ស្លាប់ ៩៥ ៤២០នាក់ និងរបួស ១៥៩ ០៤០នាក់។

- ប៉េកាំង (ប្រទេសចិន) ស្លាប់ ៨៧ ៦៧០នាក់ និងរបួស៣៦២ ១២០នាក់។ គួររំលឹកដែរថា ប្រទេសចិន​ជា​សម្ព័ន្ធមិត្ត​​ជាប្រវត្តិសាស្ត្រ របស់ប្រទេសកូរ៉េខាងជើង។

- ម៉ូស្គូ (ប្រទេសរ៉ូស្ស៊ី) ស្លាប់ ៧៤ ២៧០នាក់ និងរបួស ២២៦ ២៧០នាក់។

- ញូដេល្លី (ប្រទេសឥណ្ឌា) ស្លាប់ ១៨៥ ៧៥០នាក់ និងរបួស ៦២៤ ២៦០នាក់៕