ស្រី​ស្អាត​និស្សិត​ច្បាប់​ភាសា​អង់គ្លេស យៀក ម៉េងលី ក្លាយ​ជា​ថៅកែ​លក់​ម៉ូតូ

ស្រី​ស្អាត​និស្សិត​ច្បាប់​ភាសា​អង់គ្លេស យៀក ម៉េងលី ក្លាយ​ជា​ថៅកែ​លក់​ម៉ូតូ

តារា​សម្ដែង ដើរ​ម៉ូដ​វ័យ​ក្មេង យៀក ម៉េងលី បាន​បញ្ចេញ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ នាង​បាន​ហក់​មក​ប្រឡូក​ជំនួញ​វិញ​ហើយ ដោយ​ក្លាយ​ជា​ថៅកែ​ហាង​លក់​ម៉ូតូ​មួយ​កន្លែង​នៅ​ម្ដុំ​បុរី​កីឡា។

 

ស្រី​ស្អាត​និស្សិត​ច្បាប់​ភាសា​អង់គ្លេស យៀក ម៉េងលី ក្លាយ​ជា​ថៅកែ​លក់​ម៉ូតូ

 

ការ​ហក់​ងាក​មក​រក​ជំនួញ​វិញ​នេះ បន្ទាប់​ពី​នាង​បាន​ចូល​ប្រឡូក​សិល្បៈ​ប្រមាណ​១​ឆ្នាំ ក្រោយ​ជាប់ ជយលាភី​លេខ​២​ក្នុង​កម្មវិធី Freshie Girls & Boys ក្នុង​ឆ្នាំ ២០១៥​កន្លង​ទៅ។ ដោយ​សារ​ថា ការងារ​សិល្ប ពុំ​ទាន់​ហុច​ផ្លែ​ផ្កា​ល្អ​ផង ទន្ទឹម​នឹង​បង​ប្អូន​អូស​ទាញ​ផង តារា​ស្រី​កូន​ចៅ​ចិន​រូប​នេះ ប្រាប់​ថា នាង​ក៏​ងាក​មក​ចាប់​ជំនាញ​នេះ​តែ​ម្ដង។

 

ម៉េងលី បាន​ទទួល​យក​ម៉ូតូ​ពី​ហាង​របស់​បង​ប្រុស​នាង​មក​លក់​បន្ត ព្រោះ​បង​ប្រុស​រូប​នេះ គឺ​ជា​អ្នក​អូស​ទាញ។ ក្រោយ​ពី​ចាប់​ផ្ដើម​ប្រមាណ​១​ខែ តារា​ស្រី​វ័យ ១៩ ឆ្នាំ​រូប​នេះ បង្ហើប​ថា នាង​លក់​ដាច់​បាន​ច្រើន​គ្រឿង​ដែរ​ហើយ។ ដូច្នេះ​ហើយ នាង​យល់​ថា រក​ស៊ី​ងាយ​ស្រួល​ការ​ប្រកប​ការងារ​សិល្បៈ។ “ចេះ​​តែ​ខំ​ទៅ​បង​ខ្លាច​ក្រ ម្យ៉ាង​រក​ស៊ី​ស្រួល មិន​ចាំ​បាច់​ទ្រ​អ្នកណា” ម៉េងលី បន្ថែម។

 

ស្រី​ស្អាត​និស្សិត​ច្បាប់​ភាសា​អង់គ្លេស យៀក ម៉េងលី ក្លាយ​ជា​ថៅកែ​លក់​ម៉ូតូ

 

វិល​មក​ការងារ​សិល្បៈ​វិញ បើ​ទោះ​មាន​ភារកិច្ច​មើល​ការ​ខុស​ត្រូវ​ខ្លះ ប៉ុន្តែ​តារា​ស្រី​ដែល​មក​ពី​ក្រុង​ប៉ោយប៉ែត​រូប​នេះ ប្រាប់​ថា នាង​ក៏​នៅ​តែ​បន្ត ដោយ​កន្លង​មក​ច្រើន​ធ្វើ​ជា​ពិធីការិនី​ក្នុង​កម្មវិធី​មួយ​ចំនួន​របស់​ក្រុមហ៊ុន BKA Entertainment។ ដោយ​ឡែក​ថ្មី​ៗ​នេះ​ទៀត នាង​ទើប​នឹង​ចាប់​បាន​តំណែង​ជា​ពិធីការិនី​ទូរទស្សន៍​បាយ័ន​ទៀត។

 

បន្ទាប់​ពី​បន្ថែម​អាជីព​មក​ជា​អ្នក​ជំនួញ​មួយ​បន្ថែម​ទៀត ស្រី​ស្អាត ម៉េង​លី ប្រាប់​ថា ជីវិត​ហាក់​មាន​លំនឹង​ជាង​មុន ហើយ​អាច​គ្រប់​គ្រង​ពេល​វេលា​ស្រួល​ជាង​មុន ដែល​អាច​ឲ្យ​នាង​មាន​ឱកាស​ផ្ដោត​លើ​ការ​សិក្សា​របស់​នាង ជំនាញ​ច្បាប់​ភាសា​អង់គ្លេស​ឆ្នាំ​ទី២​ថែម​ទៀត​ផង៕

 
ត្រជាក់​ភ្នែក​សម្រស់​តារា​ស្រី​និស្សិត​ច្បាប់​ភាសា​អង់គ្លេស យៀក ម៉េង​លី
 
អត្ថបទ៖ ទារិកា