ឆ្នាំ​ថ្មី ជូន​ចំណងដៃ ផ្លូវ​មួយ​ខ្សែ​ដល់​ប្រជាជន​ភូមិ​ត្រពាំង​សោម​

តាកែវ: កំណាត់​ផ្លូវលំ​មួយ​ខ្សែ ដែល​ចាក់​ក្រាល​ក្រួស​ក្រហម ស្ថិតនៅក្នុង​មូលដ្ឋាន​ភូមិ​ត្រពាំង​សោម ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦​នេះ ដោយមាន​ការចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​។
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា បាន​បញ្ជាក់ជូន​ប្រជាជន​ដែល​បាន​ចូលរួម​នាឱកាស​នោះ​ថា នេះ​គឺជា​កំណាត់​ផ្លូវ​ថ្មី​មួយ ដែល​កសាង​ដោយ​ចាក់​ក្រួស​ក្រហម ដែល​លោក​បាន​ចំណាយ​ថវិកា​ផ្ទាល់​ផង និង​ថវិកា​បានមកពី​ការជួយឧបត្ថម្ភ​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរ បាល​នគរបាលជាតិ​ផង និង​ថវិកា​បានមកពី​សប្បុរសជន​ផង ព្រមទាំង​មានការ​ចូលរួម​ថវិកា​មួយ​ចំ​នួ ន​ធំ​ទៀត​ពី​ចៅអធិការ​វត្ត​ត្រពាំង​ខ្ទុ​ម ព្រះនាម ម៉ែ ឆន ផងដែរ​។
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា បាន​បន្តថា នេះ​គឺជា​កំណាត់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ថ្មី ក្នុង​ឆ្នាំ​២០១៦​នេះ ដោយ​កំណាត់​ផ្លូវ​នេះ មាន​ប្រវែង​ចំនួន ១៨៥០ ម៉ែត្រ ត​ភ្ជាប់​ពី​ចំណុច​វត្ត​ត្រពាំង​ធំ ចូលទៅ​កាន់​វត្ត​ត្រពាំង​ខ្ទុ​ម និង​សាលាបឋមសិក្សា​ត្រពាំង​ខ្ទុ​ម ស្ថិតនៅក្នុង​មូលដ្ឋាន​ភូមិ​ត្រពាំង​សោម​។​
​    ​
​លោក ខេង រ៉ា បាន​បន្តទៀតថា នេះ​គឺជា​សមិទ្ធិផល​ថ្មី​មួយ ក្នុងចំណោម​សមិទ្ធិផល​ជាច្រើន ដែល​បាន​កសាង​នៅក្នុង​មូលដ្ឋាន​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ដែល​រូបលោក បាន​ខិតខំ​រក​ថវិកា​មក​កសាង អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ឃុំ​ទាំងមូល​។
​    ​
​លោក​បានលើកឡើង​ផងដែរ​ថា កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ​នេះដែរ កំណាត់​ផ្លូវ​ប្រវែង​ជិត ៥០០០ ម៉ែត្រ ស្ថិតនៅក្នុង​មូលដ្ឋាន​ឃុំ​ព្រៃ​ព្រៀល ក្នុង​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ក៏បាន​បើកសម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​រួចហើយ​ដែរ​។​
​    ​
​ក្នុងឱកាស​នោះដែរ លោក ខេង រ៉ា ក៏បាន​លើកយក​ថ្ងៃកំណើត​ទី​២ ថ្ងៃ​៧​មករា​១៩៧៩ មក​បញ្ជាក់ជូន​ប្រជាជន ក៏ដូចជា​លោកគ្រូ អ្នកគ្រូ អំពី​តម្លៃ​នៃ​ប្រវត្តិសាស្ត្រ មិនអាច​បំភ្លេច​បានឡើយ​។

​លោក​បន្តថា អ្នក​ដែល​មិន​ទទួលស្គាល់​ថ្ងៃ​៧​មករា គឺ​អ្នកនោះ បាន​ក្បត់​ឧ​ត្ត​ម​គតិ​របស់ខ្លួន​។
​    ​
​ក្នុង​ពិធី​នោះដែរ លោក​ខេង រ៉ា បាន​ឧបត្ថម្ភ​ថវិកា​ដល់​អ្នកគ្រូ លោកគ្រូ និង​ប្រជាពលរដ្ឋ​ចូល រួម​សរុប​ចំនួន​៤០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​សារុង​មួយ និង​ថវិកា​ផងដែរ​៕

​រូបភាព​៖​លោក ខេង រ៉ា កាត់​ខ្សែបូ​សម្ពោធ​ផ្លូវ​ក្រាល​ក្រួស​ក្រហម នៅ​ភូមិ​ត្រពាំង​សោម​