ម្ចាស់រថយន្តទិញត ពីគេថ្លែងអំណរគុណ សម្តេចតេជោ លើកលែងមិនឲ្យ បញ្ជាក់ពីម្ចាស់ដើម

ភ្នំពេញ ៖ នេះជាសារដ៏ល្អប្រសើរ ដែលសម្តេចតេជោ ហ៊ុន សែន ប្រកាសមិន ឲ្យម្ចាស់រថយន្តទិញតពីគេ មិនបាច់ទៅបញ្ជាក់ លិខិតស្នាមផ្សេងៗពីម្ចាស់ដើម  ដែលករណីនេះ បានធ្វើឲ្យម្ចាស់រថយន្តទិញតពីគេ មានការសប្បាយចិត្តជាខ្លាំង និងបានថ្លែងអំណរគុណ សម្តេចយ៉ាងជ្រាលជ្រៅ។

ក្រោយពីច្បាប់ចរាចរណ៍ថ្មី តម្រូវឲ្យម្ចាស់រថយន្ត ដែលទិញតពីម្ចាស់ដើមត្រូវកាត់ឈ្មោះមកជា របស់ខ្លួនវិញ នេះ បានធ្វើឲ្យពួកគាត់រអ៊ូរទាំជាខ្លាំង ក្នុងនោះ  ពួកគាត់បានស្នើ ទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ការកាត់ ឈ្មោះនេះ ពីព្រោះមានការលំបាកជាខ្លាំង ក្នុងការស្វែងរកម្ចាស់ដើម។

លោក ហៀម តារា ដែលជាម្ចាស់រថយន្តទិញតពីគេ ត្រេកអរជាខ្លាំង ក្រោយពីសម្តេចបានប្រកាស បញ្ឈប់មិនឲ្យ កាត់ឈ្មោះយាន្តយន្តគ្រប់ប្រភេទ។

លោកបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ថា ការបញ្ឈប់កាត់ឈ្មោះ នឹងធ្វើឲ្យមានភាពងាយស្រួលដោយមិនចាច់ត្រូវចំណាយពេលវេលា ទៅរកម្ចាស់ដើមដើម្បីកាត់ឈ្មោះឲ្យជា របស់ខ្លួនវិញ។

លោកបញ្ជាក់ថា “ខ្ញុំសប្បាយចិត្ត ហើយធ្វើអីចឹងគឺជារឿងល្អ  ហើយម្ចាស់ឡានអត់ភ័យខ្លាចរឿងឡានណា ឡានអីទៀត  ព្រោះនៅពេលដែលយើងទិញយើងមានឯកសារដែលម្ចាស់ដើមគេស៊ីញ៉េឲ្យយើង “។

លោកថា ការបញ្ឈប់មិនឲ្យកាត់ឈ្មោះ នេះ លែងធ្វើឲ្យអ្នកដែលកំពុងបើកបរមានការឈឺក្បាល ព្រោះនៅពេល ដែលសម្តេចមិនទាន់ប្រកាស ហើយធ្វើដំណើរម្តងៗតែងតែគិតថា ប៉ូលីសនឹងផាកពិន័យដោយសារតែឈ្មោះ រថយន្តជារបស់ម្ចាស់ដើម។

លោក ហៀម តារា ក៏បានស្នើឲ្យមន្រ្តីជំនាញដែលមានភារកិច្ចបញ្ជាក់ឯកសារផ្សេងៗលើរថយន្ត និងម៉ូតូកុំឲ្យយក កម្រៃជើងសារថ្លៃពេក ព្រោះពលរដ្ឋមិនមានថវិកាគ្រប់គ្រាន់សម្រាប់បង់ឡើយ។

លោកក៏បានគាំទ្រឲ្យច្បាប់ចរាចរណ៍ថ្មីនេះ ធ្វើការរឹតបន្តឹងជាខ្លាំង ដើម្បីឲ្យពលរដ្ឋចូលរួមគោរពច្បាប់គ្រប់គ្នា ជាពិសេសកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ នៅតាមដងវិថីនានា៕