​ឈ្មួញ​ឈើ ឈ្មោះ គា យកឈ្មោះ​នាយ​ឧ​ត្ត​សេនីយ៍​បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​

សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​របស់​ឈ្មួញ​ឈើ​ឈ្មោះ គា ដែល​កំពុង​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន TDC របស់លោក​ឧកញ៉ា ល័​ក្ខ ហើយ​ថ្លើមធំ​ហ៊ាន​យកឈ្មោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ម្នាក់​ទៅ​គំរាម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មួយចំនួន​រិះគន់​កាន់តែខ្លាំង​ឡើងៗ​។ ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជំនាញ​នៅ​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា ឈ្មួញ​ឈើ​ឈ្មោះ គា បាន​យកឈ្មោះ​មន្ត្រី​មានអំណាច​ទៅ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តមណ្ឌលគិរី​ដែល​បញ្ហា​នេះ​បង្ក​ការរាំងស្ទះ​ដល់​សមត្ថកិច្ច​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​។​

បច្ចុប្បន្ននេះ​ឈ្មោះ គា បាន​បង្កើន​សកម្មភាព​ដឹកឈើ​ចេញពី​ព្រៃ​ការពារ​ចំណុច​ភូមិ​ប៉រ​ប៉េ​ត ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។ សមត្ថកិច្ច​ស្រុក​ពេ​ជ្រា​ដា បាន​បញ្ជាក់ថា ឈ្មោះ គា បាន​យកឈ្មោះ​នាយ​ឧ​ត្ត​ម​សេនីយ៍​នៅ​ក្រសួងការពារជាតិ​ទៅប្រើ​ដើម្បី​ការពារ​មុខរបរ​កាប់​ព្រៃឈើ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មិន​ថា​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍​ការពារ​ឈ្មួញ​ឈ្មោះ គា ពិតប្រាកដ​មែន ឬ​យ៉ាងណា​នោះទេ តែ​ស្ថានភាព​ជាក់ស្តែង​សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​របស់​ឈ្មួញ​ឈ្មោះ គា នោះឡើយ​។​

សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​បាន​អះអាងថា សព្វថ្ងៃនេះ សកម្មភាព​របស់​ឈ្មួញ​ឈើ​ឈ្មោះ គា បាន​ប្រើ​រថយន្ត​ដឹកឈើ​ចេញពី​ព្រៃ​ជ្រៅ​ក្នុងស្រុក​ពេ​ជ្រា​ដា​ក្នុង​មួយថ្ងៃៗ​មិនតិចជាង​ពី​១០​ទៅ​២០​គ្រឿង​ទេ​ដែល​ក្នុង​នោះគេ​សង្កេតឃើញ​ភាគច្រើន​ជា​ឈើ​សុ​ក្រំ​មានមុខ​កាត់​ចាប់​៥០​ទៅដល់​៧០​សង់ទីម៉ែត្រ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា កន្លងមក​មាន​សមត្ថ​កិច្ច​ជំនាញ​ធ្លាប់​ឃាត់​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ឈ្មោះ គា ដែរ តែមួយ​រយៈ​ចុង​ក្រោយនេះ​គ្មានទេ​។

ចំពោះមុខ​បញ្ហា​នេះ ប្រជាពលរដ្ឋ​រស់នៅ ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​រិះគន់ថា សមត្ថកិច្ច​ជំនាញ​ត្រូវតែ​បង្ក្រាប​បទល្មើស​ព្រៃឈើ បើទោះជា​ជន​ប្រព្រឹត្ត​បទល្មើស​ជា​អ្នកណា ឬ​មាន​អ្នកកាង​ពីក្រោយ​ឋានៈ​ខ្ពស់​ប៉ុណា​ក៏ដោយ ព្រោះ​ជាគោលការណ៍​ច្បាប់​គ្មាន​ការលើកលែង​នោះទេ​។ ប្រភព​ដដែល​បានបញ្ជាក់​ថាបើ​សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​បង្ក្រាប គួរតែ​រាយការណ៍​បញ្ហា​នេះ​ទៅ​ថ្នាក់លើ​ដោយ​មិនត្រូវ​បណ្តែតបណ្តោយ​ឲ្យ​ជនល្មើស​ធ្វើ​សកម្មភាព​បាន​យ៉ាង​រលូន​ដូច​សព្វថ្ងៃ​ដែល​បញ្ហា​នេះ​កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​៕

kea2 kea4​    ​