ក្រសួងមហាផ្ទៃ ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ បាន​ជាង ៦,៦ លាន​នាក់ នៅសល់​ជាង ៤,២ លាន​នាក់​ទៀត​

ភ្នំពេញ: ថ្លែង​ក្នុង​សន្និបាត​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា លើក​ទី​៣៩ អាណត្តិ​ទី​៥ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមករា សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស បានប្រកាសថា ការងារ​ធ្វើ​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​ខ្មែរ គិត​មកដល់​ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៦ សម្រេច​ធ្វើបាន ៦.៦៥៨.៧២៩ ប័ណ្ណ​ហើយ និង​ក្រសួងមហាផ្ទៃ បន្ត​អនុវត្តន៍​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ផ្តល់ជូន​ប្រជាពលរដ្ឋ ចំនួន ៤.២៨៥.៣៧២ ប័ណ្ណ​ទៀត នៅ​ទូទាំងប្រទេស​។​

​សូម​រម្លឹកថា ក្រសួងមហាផ្ទៃ បានកំណត់​គោលការណ៍​ដល់​ប៉ូលិស​ខេត្ត​រាជធានី ស្រុក​ក្រុង​ខណ្ឌ និង​ឃុំ​សង្កាត់ ឲ្យ​បង្កើន​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​ឲ្យ​គ្រប់ៗ​គ្នា ព្រោះ​អត្តសញ្ញាណប័ណ្ណ​នោះ ដើម្បី​បម្រើ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត​។ ចំណែក​សេវា​ធ្វើ​អត្តសញ្ញាណប័ណ្ណ គឺ​តម្លៃ​ត្រឹមតែ ១​ម៉ឺន​រៀល​ប៉ុណ្ណោះ សម្រាប់​ម្នាក់​។

​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ អាច​ទៅ​ចុះឈ្មោះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចាប់ពី​អាយុ ១៥ ឆ្នាំ​ឡើងទៅ​។ ប៉ុន្តែ​សម្រាប់តែ​ជនជាតិខ្មែរ​ប៉ុណ្ណោះ​។ បើសិនជា​ប៉ូលិស​ណា ហ៊ាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ឲ្យ​ជនបរទេស ជា​ថ្នូរ​នឹង​លុយកាក់​សូកប៉ាន់ នោះ ប៉ូលិស​នោះ នឹងត្រូវ​មានទោស​តាមច្បាប់​របស់​ក្រសួងមហាផ្ទៃ​។​

​ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត គឺ​ត្រូវមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​។ បើ​មាន​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ នោះ​មិន​ទាមទារ​ឲ្យ​មាន​ឯកសារ​អ្វី​ផ្សេង​ទៀតឡើយ សម្រាប់​ចុះឈ្មោះ​បោះឆ្នោត​៕​