សម្តេចហ៊ុនសែន៖ កាត់ឈ្មោះម៉ូតូ និងឡាន មិនចាំបាច់ មានការបញ្ជាក់ពីម្ចាស់មុននោះទេ

ភ្នំពេញ: នៅថ្ងៃទី៩មករានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសតាមហ្វេសប៊ុកថា ចាប់ពីពេលនេះតទៅ ការកាត់ឈ្មោះម៉ូតូ និងឡាន មិនចាំបាច់ មានការបញ្ជាក់​ពីម្ចាស់​មុន​នោះទេ។ ការសម្រេចដូច្នេះ ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដែល​ត្រូវទៅកាត់ឈ្មោះផ្ទេរកម្មសិទ្ធិម៉ូតូ និងឡាន ហើយមន្ត្រីធ្វើកិច្ចការនេះ ទាមទារ​ឲ្យ​មាន​ម្ចាស់​ដើម ទៅផ្តិតមេដៃបញ្ជាក់ ទើបអាចធ្វើបាន។

ឆ្លើយតបនឹងសំណូមពរលោក Yoeun Som នៅតាមហ្វេសប៊ុក នាព្រឹកថ្ងៃទី៩​មករានេះ សម្តេចហ៊ុនសែន បានលើកឡើងថា "ខ្ញុំបានពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ដែលដឹកនាំការងារនេះ ដែលផ្តល់នូវការយោគយល់ទទួលស្គាល់ការកាន់​កាប់​ជាក់ស្តែង ដោយមិនចាំបាច់​ឱយមានការបញ្ជាក់ពីម្ចាស់មុននោះទេ។ ក្នុងករណី​រថយន្ត ឬម៉ូតូ មិនទាន់បង់ពន្ធ ត្រូវបង់ពន្ធ​តាមច្បាប់។ នៅពេលខាងមុខ ពេល​ទិញ​រថយន្ត ឬម៉ូតូត្រូវមានការបញ្ជាក់ត្រឹមត្រូវពីអ្នកលក់ ទើបងាយស្រួល​ទាំង​អស់គ្នា។ គណៈកម្មការសុវតិ្ថភាពចរាចរណ៍ផ្លូវគោក នឹងចេញការណែនាំជាក់​ស្តែង"៕

សម្តេចហ៊ុនសែន៖ កាត់ឈ្មោះម៉ូតូ និងឡាន មិនចាំបាច់ មានការបញ្ជាក់ពីម្ចាស់មុននោះទេ