សម្តេច​តេ​ជោ​៖ តាមរយៈ​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​តាម​សំណូមពរ​របស់​ប្រជាជន យើង​បាន​កាត់ចោល​នូវ​ដំបៅ​មហារីក​ជាច្រើន​

ភ្នំពេញ:  លោក ខៀវ កាញារីទ្ធ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៩ ខែមករា​នេះ​ថា នៅក្នុង​បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា “​ការជំរុញ​នីតិរដ្ឋ ជា​តំរូវការ​នៃ​យុគសម័យ​។ តាមពិត តាមរយៈ​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​តាម​សំណូមពរ​របស់​ប្រជាជន យើង​បាន​កាត់ចោល​នូវ​ដំបៅ​មហារីក​ជាច្រើន ដូចជា រឿង​ប័ណ្ណបើកបរ រឿង​ម្ចាស់​យានយន្ត​ច្រើន​ត​។ បើ​យើង​មិន​អនុវត្ត ដំបៅ​ទាំងនេះ នៅតែ​បន្ត​រាលដាល​រហូត​”​។​
​    ​
​នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩ អាណត្តិ​ទី​៥ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដើម្បី​បូកសរុប​ការងារ​នៅក្នុង​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​ផែនការ​សកម្មភាព​ទៅមុខ​បន្តទៀត​។ នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ គណបក្ស​ប្រជាជន​កម្ពុជា នឹងធ្វើ​ពិធី​បិទ​មហាសន្និបាត​។​
​    ​
​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩ គឺ​បាន​ធ្វើឡើង ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ  សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។
​សន្និបាត​នេះ មាន​អ្នកចូលរួម​ប្រមាណ ១០០០ នាក់​។

​អ្នកចូលរួម​ត្រូវ​លើសពី​ចំនួន​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ដែលមាន ៥៤៥ នាក់ ដោយសារ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខណ្ឌ​-​ស្រុក និង​ថ្នាក់មូលដ្ឋាន​មួយចំនួន ក៏ត្រូវ​អញ្ជើញ​ឲ្យ​មក​ស្តាប់​ខ្លឹមសារ​នៃ​សន្និបាត​នេះ ដោយផ្ទាល់​ដែរ​។ គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​អញ្ជើញ​ថ្នាក់​អភិបាលស្រុក ខណ្ឌ និង​ថ្នាក់មូលដ្ឋាន​មួយចំនួន មក​ស្តាប់​ខ្លឹមសារ​សន្និបាត​ផ្ទាល់​តែម្តង ដើម្បី​កុំ​ឲ្យ​ពិបាក​ក្នុងការ​ផ្សព្វផ្សាយ​នៅក្រោយ​សន្និបាត និង​ឲ្យ​ពួកគាត់​លើកឡើង​នូវ​បញ្ហា​នានា ដែល​ទាក់ទង​នឹង​ការបម្រើ​ប្រជាជន​ផងដែរ​។

​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩ បាន​ពិភាក្សា​ផ្តោតលើ​ចំណុច​សំខាន់ៗ​​ទំនាស់​​ដីធ្លី ការពង្រឹង​ស្មារតី​សមាជិក​គណបក្ស និង​បញ្ចូល​សមាជិក​វ័យក្មេង​ថ្មី សំដៅ​ត្រៀមខ្លួន សំរាប់​ការចូលរួម​បោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១៧៕​