សាលារាជធានី ភ្នំពេញ គ្រោងនឹងសាងសង់ ចំណតរថយន្ដ សាធារណៈ ក្រោមដី

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសត្រៀមសាងសង់ ចំណតរថយន្តសាធារណៈ ក្រោមដីជម្រៅ ៣ជាន់ស្ថិតនៅមុខ រ៉ារថភ្លើង ក្នុងរាជធានីភ្នំពេញ ដែលនឹងត្រូវសាងសង់ ក្នុងពេល ដ៏ខ្លីខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាខ្វះចំណតយានយន្ត និងបង្កឱ្យមានការស្ទះចរាចរណ៍។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា ក្នុងឱកាសចុះត្រួតពិនិត្យ គម្រោងកែលម្អ ព្រះសក្យមុនីចេតិយ មុខស្ថានីយ៍រាជាយស្ម័យយាន កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានលើកឡើងថា បញ្ហាស្ទះចរាចរណ៍ក្នុងទីក្រុងនេះ កំពុងប្រឈមជា រៀងរាល់ថ្ងៃ ដូច្នេះការរៀបចំឱ្យមាន ចំណតរថយន្តសាធារណៈត្រឹមត្រូវ គឺជាមធ្យោបាយ ដ៏ប្រសើរក្នុងការរួមចំណែក កាត់បន្ថយការកក់ស្ទះនេះ។

លោកបានបន្តថា គម្រោងនេះ គឺជាគម្រោងទីមួយ របស់រាជធានីភ្នំពេញ ដោយនឹងត្រូវសាងសង់ ឡើងនា ពេលដ៏ខ្លីខាងមុខនេះ ហើយជាការវិនិយោគរួមគ្នា ជាមួយនឹងក្រុមហ៊ុន ធនាគារកាណាឌីយា និងក្រុមហ៊ុនធនាគារវឌ្ឍនៈ។

លោកអភិបាលរាជធានី បានបន្ថែមថា ការធ្វើចំណតរថយន្តសាធារណៈ គឺជាមធ្យោបាយដោះស្រាយ ចំពោះមុខជាបន្ទាន់ ខណៈពេលដែលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ គ្មានចំណត់នាំឱ្យមានការ ចតយានយន្តគ្មានសណ្តាប់ធ្នាប់រំលោភលើដងផ្លូវ និងចំណីផ្លូវដែលនាំឱ្យរំខាន ដល់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គម្រោងសាងសងចំណត រថយន្តសាធារណៈក្រោមដី ដែលមានរួមទាំងផ្សារ ផងដែរនោះមានជម្រៅកម្ពស់ ៣ជាន់ ស្ថាបនានៅក្រោមសួនច្បារ សាធារណៈមុខ ព្រះសក្យមុនីចេតិយ ហើយនៅចន្លោះអគារខ្ពស់កាណាឌីយ៉ា និងអគារវឌ្ឍនៈ៕

សាលារាជធានី ភ្នំពេញ គ្រោងនឹងសាងសង់ ចំណតរថយន្ដ សាធារណៈ ក្រោមដី

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត