មន្ត្រី​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​ប្រកាស​ថា​ទិន្នផល​ស្រូវ​វស្សា​ថយ​ចុះ​នៅ​ឆ្នាំ​២០១៥

ទិន្នផល​ស្រូវ​វស្សា​ឆ្នាំ​២០១៥ នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ថយ​ចុះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤។ មន្ត្រី​កសិកម្ម​បញ្ជាក់​ថា ការ​ថយ​ចុះ​នៃ​ទិន្នផល​ស្រូវ​ឆ្នាំ​នេះ បណ្ដាល​មក​ពី​បញ្ហា​ធំ​មួយ គឺ​ខ្វះ​ទឹក​ភ្លៀង។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន មាន​ប្រសាសន៍​ថា ផ្ទៃ​ដី​កសិកម្ម​ភាគ​ច្រើន​ខ្វះ​ខាត​ទឹក​បង្កបង្កើន​ផល​នៅ​ដើម​រដូវ​វស្សា។ បញ្ហា​ខ្វះ​ទឹក ធ្វើ​ឲ្យ​កសិករ​លំបាក​រៀបចំ​ដី​ព្រោះ​ស្រូវ នៅ​តំបន់​ខ្លះ​សំណាប​ចាស់​ដើម និង​មិន​សូវ​បែក​គុម្ព​ធំ ដែល​ធ្វើ​ឲ្យ​បាត់​ទិន្នផល។ លោក​ថា ផល​ស្រូវ​បាន​ថយ​ចុះ ៣០​គីឡូក្រាម​ក្នុង ១​ហិកតារ ដែល​កាល​ពី​ឆ្នាំ​២០១៤ គិត​ជា​មធ្យម​ធ្លាប់​ទទួល​បាន ២​តោន ៨៦០​គីឡូ​ក្រាម​ក្នុង ១​ហិកតារ៖ «ថយ​តិចតួច​ទេ! ដោយសារ​ការ​អូស​បន្លាយ​ការ​រាំង​ស្ងួត ដែល​ធ្វើ​ឲ្យ​សំណាប​គាត់​ចាស់​ដើម ហើយ​ម្យ៉ាង​ការ​លូតលាស់​របស់​វា​អត់​មាន​បែក​គុម្ព​ធំ​អ៊ីចឹង ព្រោះ​វា​យឺត​ពេល​របស់​វា»

ចំណែក​ការ​បង្កបង្កើនផល​ស្រូវ​ប្រាំង ក៏​មាន​ការ​ខ្វះខាត​ទឹក​ដែរ ដោយសារ​កម្ពស់​ទឹក​ទន្លេ​ទាប មិន​អាច​ហូរ​ចូល​បឹង ឬ​ព្រែក​នានា ប៉ុន្តែ​គេ​នៅ​សង្ឃឹម​ថា ទិន្នផល​ស្រូវ​អាច​ទទួល​បាន​ច្រើន​គួរ​សម ព្រោះ​បាន​អនុវត្ត​ការ​ដាំ​ដុះ​លើស​ផែនការ។ ក្នុង​ផែនការ​ផលិតកម្ម​ស្រូវ​ប្រាំង មាន​ផ្ទៃ​ដី​ទំហំ​ជិត ៣​ម៉ឺន​ហិកតារ ហើយ​អនុវត្ត​បាន​ជាង ៣​ម៉ឺន​ហិកតារ។ ប្រជា​កសិករ អាច​នឹង​បញ្ចប់​ការងារ​បង្កបង្កើនផល​ស្រូវ​ប្រាំង​នៅ​ចុង​ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។