កសិករ​មួយ​គ្រួសារ​នៅ​ខេត្ត​ឧត្ដរមានជ័យ​ចោទ​មន្ត្រី​បី​នាក់​ថា​ប្រើ​អាវុធ​បាញ់​គំរាម

កសិករ​មួយ​គ្រួសារ​នៅ​ឃុំ​លំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ កំពុង​ស្វែងរក​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ដើម្បី​តតាំង​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​យោធា​ម្នាក់ មេ​ព្រៃ​ម្នាក់ និង​មន្ត្រី​បរិស្ថាន​ម្នាក់​ទៀត ដែល​បាន​ប្រើ​អាវុធ​បាញ់​គំរាម ព្រម​ទាំង​បង្ខំ​ទារ​ប្រាក់​ពី​រូប​គាត់។

បុរស​អ្នក​ភូមិ​គោកសំព័រ នៃ​ឃុំ​លំទង គឺ​លោក លួន ឡត។ លោក​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៩ ខែ​មករា ថា កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា កន្លង​ទៅ លោក​បាន​ជួល​ត្រាក់ទ័រ ១​គ្រឿង​ទៅ​ភ្ជួរ​ដាស់​ដី​ស្រែ ស្រាប់​តែ​មេ​ភូមិ​រហាល បាន​នាំ​ទាហាន​ម្នាក់ មេ​ព្រៃ​ម្នាក់ និង​មន្ត្រី​បរិស្ថាន​ម្នាក់ ប្រដាប់​ដោយ​អាវុធ​អាកា (AK47) ១​ដើម ទៅ​បាញ់​គំរាម ធ្វើ​ឲ្យ​គាត់​ភិតភ័យ​ជា​ខ្លាំង។ បន្ទាប់​មក ក្រុម​អ្នក​ទាំង​នោះ បាន​ចាប់​យក​ត្រាក់ទ័រ ហើយ​បង្ខំ​ឲ្យ​លោក​បង់​ប្រាក់ ១០​ម៉ឺន​រៀល​ឲ្យ​ពួក​គេ ទើប​ដោះ​លែង​វិញ៖ «បាញ់​អា​ត្រាក់​រួច​ទៅ ខ្ញុំ​ក៏​រត់​ប្រវេប្រវា ភ័យ​ស្លន់ស្លោ​បាក់​ស្មារតី​អស់​រលីង រហូត​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​ញ័រ​ជើង​ញ័រ​ដៃ»

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា លោក​ទើប​តែ​បាន​ទទួល​ដំណឹង​ចំពោះ​អំពើ​ហិង្សា​នេះ ហើយ​លោក​នឹង​ចុះ​អង្កេត​នៅ​ពេល​ឆាប់ៗ។

មន្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ឲ្យ​ដឹង​ថា នៅ​ខេត្ត​ឧត្តរមានជ័យ គឺ​ឧស្សាហ៍​កើត​មាន​អំពើ​រំលោភ​សិទ្ធិ​មនុស្ស ដោយ​ក្រុម​អ្នក​មាន​អំណាច ដូចជា ទាហាន ប៉េអិម វាយ​ដំ​ទៅ​លើ​ជន​ស៊ីវិល​ជា​ញឹកញាប់ ក៏ប៉ុន្តែ​ប្រព័ន្ធ​ច្បាប់​មិន​បាន​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​ប្រើ​អំណាច​ខុស​ច្បាប់​ទាំង​នោះ​ឲ្យ​ខ្លាំងក្លា​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។