អ្នក​ភូមិ​ឡពាង​ធ្វើ​ពិធី​តាម​បែប​សាសនា​រំឭក​ខួប​នៃ​ការ​ឈូស​កម្ទេច​ផ្ទះ​របស់​ពួក​គាត់

អ្នក​ភូមិ​ឡពាង នៅ​ខេត្ត​កំពង់ឆ្នាំង ជាង ២០​នាក់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នាំ​គ្នា​ធ្វើ​ពិធី​តាម​បែប​សាសនា​រំឭក​ខួប ៨​ឆ្នាំ នៃ​ការ​ឈូស​កម្ទេច​ផ្ទះ​សម្បែង និង​ផល​ដំណាំ​របស់​ពួក​គាត់​ពី​សំណាក់​ក្រុមហ៊ុន។ តាម​រយៈ​ពិធី​នេះ ក្រុម​ពលរដ្ឋ​ចង់​រំឭក​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថា ផ្ទះ ១៤​ខ្នង​ដែល​បាន​ឈូស​កម្ទេច​កាល​ពី​ថ្ងៃ​៩ ខែ​មករា ឆ្នាំ​២០០៨ នោះ ម្ចាស់​ផ្ទះ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ទេ។

តំណាង​អ្នក​ភូមិ​មាន​ជម្លោះ​ដីធ្លី និង​ជា​ម្ចាស់​ផ្ទះ​ដែល​ត្រូវ​គេ​ឈូស​កម្ទេច គឺ​លោក ផេង រ៉ុម មាន​ប្រសាសន៍​ថា ក្រុម​ពលរដ្ឋ​បាន​ធ្វើ​ពិធី​ដូច​គ្នា​នេះ​ជា​រៀង​រាល់​ឆ្នាំ មិន​ថា​តូច ឬ​ធំ នៅ​ចំណុច​ទី​សក្ការបូជា​ទួល​ក្រសាំង ឋិត​នៅ​ភូមិ​ឡពាង នៃ​ឃុំ​តាជេស ដើម្បី​បង្ហាញ​ពី​ការ​ឈឺ​ចាប់​របស់​អ្នក​ភូមិ ដែល​រងគ្រោះ​ដោយសារ​រឿង​ដីធ្លី​ផង និង​ចង់​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​ទំនាស់​ដ៏​រ៉ាំរ៉ៃ​របស់​ពួក​គាត់​ផង៖ «មិន​មែន​ទើប​តែ​ឆ្នាំ​នេះ​បាទ! ជា​រៀង​រាល់​ឆ្នាំ ដល់​ថ្ងៃ​ទី​៩ ខែ​មករា មក​ឈូស​ឆាយ​ផ្ទះ​រំលោភ​យក​ដី​ពួក​គាត់ អ៊ីចឹង​បាន​ពួក​គាត់​ធ្វើ​រំឭក​ដល់​ថ្ងៃ​នេះ​ជា​ថ្ងៃ​ឈឺ​ចាប់​របស់​ពួក​គាត់ ហើយ​ចង់​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ​បាន​ដឹង​បាន​ឮ អំពី​ការ​រំលោភ​សិទ្ធិ​លើ​អ្នក​ភូមិ​ឡពាង ផង»

អ្នក​ភូមិ​ធ្លាប់​ធ្វើ​ពិធី​ផ្សេងៗ​ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់ និង​ពន្លឿន​ការ​ដោះស្រាយ ប៉ុន្តែ​ទាំង​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី ធ្លាប់​បញ្ជាក់​ថា ក្រុមហ៊ុន​មាន​ប្លង់​រឹង ហើយ​ក្រុមហ៊ុន​បាន​ព្យាយាម​ដោះស្រាយ​បញ្ចប់​រឿង​ជាមួយ​ពលរដ្ឋ​ចំនួន ១៥​គ្រួសារ​ចុង​ក្រោយ ប៉ុន្តែ​មាន​ពលរដ្ឋ​ក្នុង​ចំណោម​នោះ​ខូច និង​លោភលន់ ខណៈ​ដែល​ខ្លួន​ពុំ​មាន​ឯកសារ​ត្រឹមត្រូវ​កាន់​កាប់​ដី​ដែល​កំពុង​តវ៉ា​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។