ផ្ទេរកម្មសិទ្ធិយានយន្ត៖ រាជរដ្ឋាភិបាល សម្រេច​ទទួលស្គាល់​ការកាន់កាប់​ជាក់ស្តែង ដោយ​មិន​តម្រូវ​ឲ្យ​មានការ​បញ្ជាក់​ពី​ម្ចាស់​ដើមឡើយ​

ភ្នំពេញ: ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន បានចេញ​សេចក្តី​ជូន​ដំណឹង​ថ្មី​មួយ នៅ​រសៀល​ថ្ងៃទី​៩​មករា​នេះ ដោយ​សម្រេច​ថា ការ​កាត់ឈ្មោះ ផ្ទេរកម្ម​សិទ្ធិ​​​​យានយន្ត គឺរាជរដ្ឋាភិបាល ​សម្រេច​ទទួលស្គាល់​ការកាន់កាប់​​ជាក់​ស្តែង ដោយ​មិន​តម្រូវ​ឲ្យ​មានការ​បញ្ជាក់​ពី​ម្ចាស់​ដើមឡើយ​។​

​សេចក្តីជូនដំណឹង បាន​លើកឡើងថា "​ដើម្បី​ដោះស្រាយ​ការលំបាក​ជូន​ប្រជាពលរដ្ឋ​ចំពោះ​ការផ្ទេរកម្មសិទ្ធិ​យានយន្ត សំដៅ​ធានា​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ ក៏ដូចជា រួមចំណែក​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ឲ្យ​កាន់តែ​ប្រសើរឡើង គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ជម្រាបជូន​ថា រាជរដ្ឋាភិបាល សម្រេច​ទទួលស្គាល់​ការកាន់កាប់​ជាក់ស្តែង ដោយ​មិន​តម្រូវ​ឲ្យ​មានការ​បញ្ជាក់​ពី​ម្ចាស់​ដើមឡើយ​។ ដើម្បី​ឲ្យ​ការកាន់កាប់ និង​ការធ្វើ​ចរាចរណ៍​មាន​ភាពស្របច្បាប់ ម្ចាស់​យានយន្ត​ត្រូវ​ទៅ​បង់ពន្ធ និង​ធ្វើ​ផ្លាកលេខ ក្នុងករណី​មិនទាន់​បង់ពន្ធ និង​មិនទាន់​ធ្វើ​ផ្លាកលេខ​"​។​

​តាម​សេចក្តីប្រកាស​នោះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ស​ង្ឃេ​ម​ថា សាធារណជន ដែល​ពាក់ព័ន្ធ នឹង​រួត​រះ​បំពេញបែបបទ ស្តីពី ការផ្ទេរកម្មសិទ្ធិ​យានយន្ត​របស់ខ្លួន ស្របតាម​លក្ខខណ្ឌ​តម្រូវ​ដោយ​ច្បាប់ ជា​ធរមាន​។​

​សូម​រម្លឹកថា សេចក្តីជូនដំណឹង​ខាងលើនេះ បានធ្វើ​ឡើង​ភ្លាមៗ ក្រោយពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី  ហ៊ុន សែន បានប្រកាស នៅ​ថ្ងៃទី​៩​មករា​នេះ​ថា ការ​កាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិ​ម៉ូតូ និង​ឡាន មិនចាំបាច់ មានការ​បញ្ជាក់​ពី​ម្ចាស់​មុន​នោះទេ​។ ការសម្រេច​ដូច្នេះ ដើម្បី​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវ​ទៅ​កាត់ឈ្មោះ​ផ្ទេរកម្មសិទ្ធិ​ម៉ូតូ និង​ឡាន ហើយ​មន្ត្រី​ធ្វើ​កិច្ចការ​នេះ ទាមទារ​ឲ្យ​មាន​ម្ចាស់​ដើម ទៅ​ផ្តិតមេដៃ​បញ្ជាក់ ទើប​អាច​ធ្វើបាន​។​

​ឆ្លើយតប​នឹង​សំណូមពរ​លោក Yoeun Som នៅតាម​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃទី​៩​មករា​នេះ សម្តេច​ហ៊ុនសែន បាន​លើកឡើងថា "​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ដែល​ដឹកនាំ​ការងារ​នេះ ដែល​ផ្តល់នូវ​ការយោគយល់​ទទួលស្គាល់​ការកាន់កាប់​ជាក់ស្តែង ដោយ​មិនចាំបាច់​ឱយមាន​ការបញ្ជាក់​ពី​ម្ចាស់​មុន​នោះទេ​។ ក្នុងករណី​រថយន្ត ឬ​ម៉ូតូ មិនទាន់​បង់ពន្ធ ត្រូវ​បង់ពន្ធ​តាមច្បាប់​។ នៅពេល​ខាងមុខ ពេល​ទិញ​រថយន្ត ឬ​ម៉ូតូ​ត្រូវមាន​ការបញ្ជាក់​ត្រឹមត្រូវ​ពី​អ្នកលក់ ទើប​ងាយស្រួល​ទាំងអស់គ្នា​។ គណៈកម្មការ​សុ​វ​តិ្ថ​ភាព​ចរាចរណ៍​ផ្លូវគោក នឹង​ចេញ​ការណែនាំ​ជាក់ស្តែង​"៕​

ផ្ទេរកម្មសិទ្ធិយានយន្ត៖ រាជរដ្ឋាភិបាល សម្រេច​ទទួលស្គាល់​ការកាន់កាប់​ជាក់ស្តែង ដោយ​មិន​តម្រូវ​ឲ្យ​មានការ​បញ្ជាក់​ពី​ម្ចាស់​ដើមឡើយ​