អភិបាលក្រុង ព្រមាន​អាជ្ញាធរ​ខណ្ឌចំការមន អំពី​សំណង់​អនាធិបតេយ្យ​រំលោភ​ចូល​បឹងត្របែក

ភ្នំពេញ: អភិបាល​រាជធានី​ភ្នំពេញ បាន​ស្តីបន្ទោស​យ៉ាងខ្លាំង ទៅលើ​លោក ព្រំ សំខាន់ អភិបាលខណ្ឌ​ចំការមន និង​លោក​ចៅសង្កាត់​ផ្សារ​ដើមថ្កូវ ដែល​បាន​បណ្តែត បណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​រំលោភ​យក​ដី​អាង​ស្តុ​ប​ទឹក​បឹងត្របែក ដោយ​មិនបាន​រាយការណ៍ ដល់​ថ្នាក់លើ​ឲ្យ​ដឹង។ ដែល​ការមិន​រាយការណ៍​នេះ អភិបាល​បញ្ជាក់ថា ស្មើនឹង​ការឃុបឃិត​ជាមួយ​អ្នកមានអំណាច អ្នកមាន​លុយ ចាក់ដី​រំលោភ​យក​ផ្ទៃ​បឹង​នេះ​តែម្តង​។​
 
លោកប៉ា សុជាតិវង្ស បានបន្តថា ការរំលោភ​យក​ប្រឡាយ​បឹងត្របែក​នេះ​ធ្វើ​ឲ្យ​ចរន្តទឹក​ហូរ​ពី​កណ្តាល​ទីក្រុង​ទម្លាក់​ទៅ​បឹង​ជើងឯក​មានការ​កកស្ទះ ដែលជា​បញ្ហា​ចោទ​នៅពេល​មាន​ជំនន់​ទឹកភ្លៀង​រដូវវស្សា​មានការ​លិចលង់ បង្ក​ឲ្យ​ស្ថានីយ​បូមទឹក​បឹងត្របែក​បូម​មិនទាន់ បណ្តាល​លិចលង់​រាជធានី ធ្វើ​ឲ្យ​មានការ​រិះគន់​មកលើ​អាជ្ញាធរ ពិសេស​សាលា​រាជធានី​ភ្នំពេញ​តែម្តង​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ដែល​លោក​និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យមើល​ការដ្ឋាន​សាងសង់​ស្ថានីយ​បូមទឹក​ថ្មី​និង​ប្រព័ន្ធ​ប្រឡាយទឹក​សម្អុយ បឹងត្របែក កាលពី​រសៀល​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០១៦​។​

​លោកប៉ា សុជាតិ​វង្ស បាន​លើកឡើងថា ជា​វិធាន​ការរំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ បាន​ទាល់​ពេលវេលា អាជ្ញាធរ​សង្កាត់ ខណ្ឌ ពិសេស​មេភូមិ ត្រូវ​បញ្ឈប់​ជាបន្ទាន់ ទៅលើ​ការរំលោភបំពាន​ទៅ​លើដី​ខ្នង​ទំនប់​បឹង​ប្រឡាយ​បឹងត្របែក​នេះ ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​។​
 
​លោក​បន្តថា ដើម្បី​ឲ្យ​ការដ្ឋាន​សាងសង់​ស្ថានីយ​ថ្មី​បឹងត្របែក​នេះ​មានដំណើរ​រលូន​បាន​ឆាប់ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​រួម​នឹង​អាជ្ញាធរ​ដែនដី ត្រូវ​សហការគ្នា​មើល​ភូមិសាស្ត្រ នៅ​ជុំវិញ​ស្ថានីយ​នេះ​ឲ្យ​បានល្អ ពិសេស​ប្រព័ន្ធ​ប្រឡាយ​បង្ហូរទឹក​សម្អុយ​ចេញពី​កណ្តាល​ទីក្រុង​ឆ្ពោះ​មក​ស្ថានីយ​នេះ​ដើម្បី​រំដោះ​ទឹកបាន​ទាន់ពេលវេលា​។​

​លោក ប៉ា សុជាតិ​វង្ស បាន​បញ្ជាក់ថា គោលការណ៍​ដែល​ប្រជាជន និង​អាជ្ញាធរ​រួមគ្នា កសាង​ប្រព័ន្ធ​ប្រឡាយ​នេះ គឺ​ប្រជាជន​សុខចិត្ត​កាត់​ប្រមាណ​១០​ម៉ែត្រ ជូនទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្ថាបនា​ផ្លូវ​អម​តាម​ប្រឡាយ ហើយ​ជាការ​តបស្នង​មកវិញ អាជ្ញាធរ​រាជធានី នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាជន​ឲ្យ​រស់នៅ​ស្របច្បាប់​នៅលើ​ទីតាំង​ដដែល​។​
 
ជុំវិញ​បញ្ហា​តំបន់​បឹងត្របែក​នេះ លោក​អភិបាល នឹង​ឲ្យ​ប្រជាពលរដ្ឋ​ជ្រើស​រើសយក​ជម្រើស​ពីរ គឺ​ទី​១.​សាលា​រាជធានី អាច​ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់ តែ​ត្រូវ​ទិញ​ដី​នេះ​ពីរ​ដ្ឋ ព្រោះ​វា​ជា​ដី​របស់​រដ្ឋ ទី​២.​ប្រគល់​ដី​ឲ្យ​រដ្ឋ ហើយ​រដ្ឋ​ប្រគល់​សំណង​គោលនយោបាយ​ឲ្យ​មក​ប្រជាពលរដ្ឋ​វិញ​។​
 មួយវិញទៀត ការស្តា​រអាង​ស្តុ​ប​ទឹក​ប្រឡាយ​បឹងត្របែក​នេះ ដាច់ខាត​ត្រូវតែ​ធ្វើ​បន្ទាន់ ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ នៅពេល​ស្តារ និង​ការចុះ​ស្រង់​ទិន្នន័យ​ជាក់ស្តែង​។​
 
សូមបញ្ជាក់ថា​៖ អាង​ស្តុក​ទឹក​បឹងត្របែក​ខាងត្បូង​មាន​ទំហំ​២៦​ហិកតា ប​ច្ច​ប្បន្ន​នេះ​នៅសល់​មិន​ដល់​១០​ហិកតា ដោយ​ប្រជាពលរដ្ឋ​កាន់កាប់ ដោយ​ខុសច្បាប់ សាងសង់​លំនៅដ្ឋាន​រំលោភ​យក​ដី​ចំណី​ប្រឡាយ​និង​បឹង មាន​ចំនួន​ជាង​៣០០​គ្រួសារ​៕

អភិបាលក្រុង ព្រមាន​អាជ្ញាធរ​ខណ្ឌចំការមន អំពី​សំណង់​អនាធិបតេយ្យ​រំលោភ​ចូល​បឹងត្របែក

អភិបាលក្រុង ព្រមាន​អាជ្ញាធរ​ខណ្ឌចំការមន អំពី​សំណង់​អនាធិបតេយ្យ​រំលោភ​ចូល​បឹងត្របែក

អភិបាលក្រុង ព្រមាន​អាជ្ញាធរ​ខណ្ឌចំការមន អំពី​សំណង់​អនាធិបតេយ្យ​រំលោភ​ចូល​បឹងត្របែក