មន្ត្រី​ជំនាញ​ខេត្ត​រតនគិរី​បដិសេធ​ថា​មិន​មាន​កងទ័ព​វៀតណាម​កាន់​កាប់​ដី​សម្បទាន

អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ខេត្ត​រតនគិរី បដិសេធ​ថា មិន​មាន​កងទ័ព​វៀតណាម ចូល​មក​កាន់​កាប់​ដី​សម្បទាន​នៅ​ខេត្ត​រតនគិរី ដូច​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នោះ​ឡើយ ក៏ប៉ុន្តែ​ទទួល​ស្គាល់​ថា ដី​សម្បទាន​មួយ​ចំនួន បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ឬ​មាន​ក្រុមហ៊ុន​សម្បទាន​របស់​សម្បទានិក​ខ្មែរ​ខ្លះ មាន​ភាគ​ហ៊ុន​ជាមួយ​ម្ចាស់​ភាគ​ហ៊ុន​ជា​យោធា​វៀតណាម។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន អះអាង​នៅ​ថ្ងៃ​ទី​៩ ខែ​មករា ថា ក្រសួង​ជំនាញ​ពាក់ព័ន្ធ បាន​ពិនិត្យ​កិច្ចសន្យា​វិនិយោគ​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ចំនួន ៤ រក​ឃើញ​ថា មិន​មាន​ពាក់ព័ន្ធ​កាន់​កាប់​ដោយ​កងទ័ព​វៀតណាម នោះ​ទេ។ ដោយឡែក​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ទាំង ៤ នោះ ត្រូវ​បាន​កាត់​បន្ថយ​ផ្ទៃដី​វិនិយោគ​ពី ៤​ម៉ឺន​ហិកតារ​មក​នៅ​ត្រឹម ៤​ពាន់​ហិកតារ តាម​ការ​ដាំ​ដុះ​បាន​ជាក់ស្តែង​របស់​ក្រុមហ៊ុន​ទាំង​នោះ៖ «ក្រុមហ៊ុន​ទាំងអស់​ដែល​គេ​គិត​ថា​ជា​ក្រុមហ៊ុន​ពាក់ព័ន្ធ​វៀតណាម គឺ​មិន​មែន​ទេ។ នៅ​ក្នុង​ផ្លូវ​ច្បាប់ គឺ​ខ្មែរ​យើង​អ្នក​កាន់​កាប់​ទាំងអស់»

ក្រុមហ៊ុន​សម្បទាន​ទាំង ៤ ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​កងទ័ព​វៀតណាម នោះ រួម​មាន ក្រុមហ៊ុន​វាសនា អិនវេសមេន (Veasna Investment) ទទួល​បាន​ដី​សម្បទាន​ចំនួន ៥.០៨០​ហិកតារ បច្ចុប្បន្ន​កាត់​បន្ថយ​នៅ​ត្រឹម ១.៥៤១​ហិកតារ។ ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ (Chea Chanrith Aphivath) ទទួល​បាន​ដី​សម្បទាន​ចំនួន ៥.១២៤​ហិកតារ បច្ចុប្បន្ន​កាត់​បន្ថយ​នៅ​ត្រឹម ៧៨៧​ហិកតារ។ ក្រុមហ៊ុន រ៉ាម៉ា​ខ្មែរ​អន្តរជាតិ ឬ​ក្រុមហ៊ុន ម៉ែន សារុន (Rama Khmer International) ទទួល​បាន​ដី​ចំនួន ៦១.៣២៤​ហិកតារ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​ត្រឹម ៩០០​ហិកតារ និង​ក្រុមហ៊ុន ដាយ​ដុង យឿង (Dai Dong Duoung) ទទួល​បាន​ដី​សម្បទាន ៤.៨៨៩​ហិកតារ ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​កាត់​បន្ថយ​មក​នៅ​ត្រឹម ៨០០​ហិកតារ។ ដី​សម្បទាន​ទាំង​នោះ​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​អូរយ៉ាដាវ និង​ស្រុក​អណ្ដូងមាស។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទាំង​៤ គឺ​មាន​ក្រុមហ៊ុន​ចំនួន​៣ ម្ចាស់​អាជ្ញាប័ណ្ណ​ជា​ជនជាតិ​ខ្មែរ លើក​លែង​តែ​ក្រុមហ៊ុន ដាយ​ដុង យឿង ម្ចាស់​អាជ្ញាប័ណ្ណ​មាន​ជនជាតិ​វៀតណាម។ លោក​ថា ក្រសួង​កសិកម្ម បាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​ទាំង​៤ ស្រប​តាម​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច ក៏ប៉ុន្តែ​កន្លង​ទៅ ដី​សម្បទាន​របស់​ក្រុមហ៊ុន​ទាំង​៤ ខ្លះ​ពាក់ព័ន្ធ​ដី​ព្រៃ​ឈើ ឬ​ដី​មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ។ ហេតុ​នេះ អន្តរ​ក្រសួង​បាន​ចុះ​ពិនិត្យ​វាយ​តម្លៃ​កាត់​ចេញ​ដី​មាន​ផល​ប៉ះពាល់​ចេញ នៅ​សល់​ដី​ដែល​ក្រុមហ៊ុន​បាន​ដាំ​ដុះ​ជាក់ស្តែង​តែ​ប៉ុណ្ណោះ។ លោក​ទទួល​ស្គាល់​ក្រុមហ៊ុន​ទាំង​៤ មាន​ភាគ​ហ៊ុន​ជាមួយ​កងទ័ព​វៀតណាម ក៏ប៉ុន្តែ​មិន​មាន​ការ​ទទួល​ស្គាល់​ផ្លូវ​ការ​ពី​រាជ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ក្នុង​ការ​បញ្ចូល​ភាគហ៊ុន​នោះ​ទេ៖ «វិនិយោគ​យើង​មិន​ប្រកាន់​ថា​ចិន វៀតណាម ស្អី​ទេ លើ​កិច្ចសន្យា​វិនិយោគ​ត្រឹមត្រូវ។ ក្រុមហ៊ុន​ហ្នឹង​មិន​មាន​ឈ្មោះ​ផ្លូវ​ការ ក្រុមហ៊ុន​៧២ ឬ ៧៥ នោះ​ទេ»

របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ដីធ្លី​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទាំង​បួន​នេះ​មាន​ភាគហ៊ុន​ជាមួយ​កងពល​លេខ​១៥ របស់​វៀតណាម។ ហេតុ​នេះ ក្រុមហ៊ុន រ៉ាម៉ា​ខ្មែរ​អន្តរជាតិ ឬ​ក្រុមហ៊ុន ម៉ែន សារុន និង​ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ បាន​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន​ទាំង​ពីរ​ថា ក្រុមហ៊ុន​៧២។ ក្រុមហ៊ុន ដាយ​ដុង យឿង ប្ដូរ​មក​ក្រុមហ៊ុន​៧៤។ ចំណែក​ក្រុមហ៊ុន វាសនា​អិនវេសមេន ប្ដូរ​មក​ក្រុមហ៊ុន​៧៥។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក លោក ឆាយ ធី កត់​សម្គាល់​ថា បន្ទាប់​ពី​ការ​បញ្ចូល​ភាគហ៊ុន​ជាមួយ​កងពល​លេខ​១៥ របស់​វៀតណាម ប្រតិបត្តិការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​សម្បទាន​ទាំង​៤ ត្រូវ​បាន​ដឹក​នាំ​ដោយ​ក្រុម​បច្ចេកទេស​ជា​ជនជាតិ​វៀតណាម ចំណែក​កម្មករ​ក្នុង​ក្រុមហ៊ុន គឺ​ជា​ពលរដ្ឋ​ខ្មែរ។ លោក​អះអាង​ថា មិន​ឃើញ​មាន​កងទ័ព​វៀតណាម បោះ​មូលដ្ឋាន​ទ័ព ឬ​ធ្វើ​ប្រតិបត្តិការ​ក្នុង​ក្រុមហ៊ុន​ទាំង​នោះ​ទេ៖ «យើង​ចុះ​អង្កេត​មិន​បាន​ឃើញ​ជា​ទ្រង់ទ្រាយ​កងទ័ព​វៀតណាម ទេ។ ជាទូទៅ​ឃើញ​ការ​គ្រប់គ្រង​ដោយ​អ្នក​បច្ចេកទេស​មេការ អ្នក​តំណាង​ជា​ជនជាតិ​វៀតណាម ហើយ​ការ​ដាំ​ដុះ​ម៉ៅការ​ដោយ​កម្មករ​ខ្មែរ»

យ៉ាង​ណា​ក៏ដោយ ក្នុង​នាម​ជា​អភិបាល​រង​ខេត្ត​ដែរ​នោះ លោក ញ៉ែម សំអឿន បញ្ជាក់​ថា ប្រសិន​ក្រុមហ៊ុន​សម្បទាន​ណា​អនុវត្ត​ផ្ទុយ​ទៅ​នឹង​កិច្ចសន្យា​ផ្តល់​ដី​សម្បទាន រាជ​រដ្ឋាភិបាល​នឹង​ពិនិត្យ​សម្រេច​លុប​ចោល ឬ​ដក​ហូត​ដី​សម្បទាន​នោះ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។