យុវជន ៤ នាក់ ជា​ពលករ​ខ្មែរ ធ្វើការ​នៅ​កូរ៉េ ជេរប្រមាថ និង​ដុត​រូបថត​សម្តេច​ហ៊ុនសែន​

ភ្នំពេញ: យុវជន ៤ នាក់ ដែល​អះអាងថា ជា​ពលករ​ខ្មែរ ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​ជេរប្រមាថ និង​ដុត​រូបថត​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​។ វិ​ដេ​អូ​ជិត ៨ នាទី​នោះ ត្រូវបាន​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៨​មករា និង​បន្ត​ដល់​ថ្ងៃទី​៩​មករា​នេះ​។

​ចំណែក​លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ ឬ​ប្រទេស​កូរ៉េខាងត្បូង បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​កូរ៉េ និង​គ្រប់​រោងចក្រ ឬ​អ្នក​ស្គាល់​កន្លែង​ស្នាក់នៅ​របស់​យុវជន​ទាំងនោះ សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​ចាត់ការ​តាមច្បាប់​កូរ៉េ និង​កម្ពុជា ដើម្បី​ចាប់បញ្ជូន​យុវជន​មួយក្រុម​នោះ ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​។​

​លោក ស៊ុត ឌី​ណា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​ថ្ងៃទី​៨​មករា​ថា "​នៅ​ឆ្នាំ​២០១៦​នេះ យើង​នឹង​ធ្វើការ​យ៉ាង​ហ្មត់ចត់​ជាមួយ​ភាគី​កូរ៉េ ក្នុងការ​បោសសំអាត​ជន​បាត​សង្គម ពី​ទឹកដី​កូរ៉េ​អោយអស់​។ ឆ្នាំ​២០១៦ នឹង​ធ្វើការ​បោសសំអាត ដោយសារ​រយៈពេល ២​ឆ្នាំ​ហើយ ដែល​ខ្ញុំ​តែង​អង្វរ​ដល់​ភាគី​កូរ៉េ អនុគ្រោះ​ដល់​ពលករ​ខ្មែរ កុំអោយ​គេ​ចាប់ ឬ​ធ្វើទុក្ខបុកម្នេញ ដោយសារ​ការ​អាណិត​"​។​

​សូម​រម្លឹកថា ករណី​ជេរប្រមាថ និង​គំរាម​សម្លាប់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន តាម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​ប៉ូលិស ចាប់ខ្លួន​យុវជន​ម្នាក់ នៅ​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​៦​មករា​។ យុវជន​នោះ ឈ្មោះ ម៉ាន់ សំ​អ៊ា​ន់ អាយុ ២៥​ឆ្នាំ ត្រូវបាន​ប៉ូលិស ចាប់ខ្លួន នៅ​ឃុំ​កោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ រហូតដល់​ព្រឹក​ថ្ងៃទី​៩​មករា​នេះ តុលាការខេត្ត​កំពង់ធំ បានសម្រេច​ឃុំខ្លួន​យុវជន​នោះ នៅ​ពន្ធនាគារ ដោយ​ចោទប្រកាន់​ពីបទ "​ប្រមាថ និង​គំរាម​សម្លាប់​" តាម​មាត្រា ៥០២ និង​មាត្រា​២៣៣ នៃ​ច្បាប់ព្រហ្មទណ្ឌ ដែល​បានកំណត់​ពី​ការផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ៦​ខែ ដល់ ២​ឆ្នាំ​៕​

យុវជន ៤ នាក់ ជា​ពលករ​ខ្មែរ ធ្វើការ​នៅ​កូរ៉េ ជេរប្រមាថ និង​ដុត​រូបថត​សម្តេច​ហ៊ុនសែន​

សូមសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជាពិសេសក្រសួងការងារប្រចាំការនៅប្រទេសកូរ៉េ សូមមេត្តាវែកមុខរកជន៤នាក់នេះមកកាត់ទោសអោយបានព្រោះវាបានប្រមាថដល់ថ្នាក់ដឹកនាំប្រទេសរបស់យើង ហើយបើបងប្អូនណាស្គាល់ជន៤នាក់នេះសូមមេត្តាផ្តល់ដំណឹងមកឱ្យខ្ញុំដោយក្តីអនុគ្រោះផង(សិទ្ធតែពួកអាក្មេងពាលកើតក្រោយ៧មករា)

Posted by សម្បត្តិ សម្បត្តិ ភិរុណ on Friday, January 8, 2016