បុរស​ជនជាតិ​ចិន ស្រវឹងស្រា​ជោគជាំ​បើករថយន្ត​តា​កូ​ម៉ា បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ ៥ ផ្ទាំង​

ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​ ៥ ​ផ្ទាំង​បាន​រង​ការខូចខាត ដោយសារតែ​បុរស​ជនជាតិ​ចិន រួម​ដំណើរ​ជាមួយ​ស្រី​ស្នេហ៍​បាន​បើករថយន្ត​តា​កូ​ម៉ា​ក្នុង​ល្បឿន​យ៉ាង​លឿន​បុក​រះ​ពេញទំហឹង ហើយ​រថយន្ត​បាន​ព្យាយាម​បើក​រត់​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បាន​ប្រគល់ឱ្យ​សមត្ថកិច្ច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១​ និង​ ១ ​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្តុ​ប​បូក​គោ មុខនឹង​ក្រុមហ៊ុន​តូយ៉ូតា តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។​ ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​តា​កូ​ម៉ា ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-8501 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន និង​ ស្រី​ស្នេហ៍​រួម​ដំណើរ​ជាមួយ​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោគជាំ បាន​បើក​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​រេ​ពេញ​ផ្លូវ ។

បុរស​ជនជាតិ​ចិន ស្រវឹងស្រា​ជោគជាំ​បើករថយន្ត​តា​កូ​ម៉ា បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ ៥ ផ្ទាំង​

ពេលមកដល់​ចំណុចកើតហេតុ​បាន​បុក​រះ​រនាំង​ដែក​ពេញទំហឹង បណ្តាលឱ្យ​បាក់​អស់​ចំនួន​៥​ផ្ទាំង ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ទាំង​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ដេញតាម​ឃាត់​បាន​នៅ​ចំណុច​ស្តុ​ប​បឹង​កេងកង តាម​បណ្តោយ​ផ្លូវ ​៣៦០ កែង​នឹង​ផ្លូវ​លេខ​៦៣ និង​ បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ផងដែរ ។​ ភ្លាមៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បានមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ដែល​បើករថយន្ត​បង្ក និង ​បាន​ទំនាក់ទំនង​ទៅ​ជំនាញ​ឱ្យធ្វើ​ការវាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕​ (ប្រភព TV5)

បុរស​ជនជាតិ​ចិន ស្រវឹងស្រា​ជោគជាំ​បើករថយន្ត​តា​កូ​ម៉ា បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ ៥ ផ្ទាំង​