នៅ​ខែម​ករានេះ រថភ្លើង ដឹក​អ្នកដំណើរ ភ្នំពេញ​-​ព្រះសីហនុ ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​ហើយ​

ភ្នំពេញ: តំណាង​ក្រុមហ៊ុន​រថភ្លើង បានប្រកាសថា រថភ្លើង​ដឹក​អ្នកដំណើរ ភ្នំពេញ​-​ព្រះសីហនុ នឹង​ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​ហើយ នៅ​ខែម​ករានេះ​។ ការសាកល្បង​លើកដំបូង​នៃ​រថភ្លើង​ដឹក​អ្នកដំណើរ បានធ្វើ​ឡើង ពី​ភ្នំពេញ ទៅកាន់​អូរ​ដឹ​ម កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦​។

​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP បាន​ផ្ស​ព​ផ្សាយ​ថា លោក RUSSEL TIZON មន្ត្រី​ផ្នែក​សេវាកម្ម​អតិថិជន​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ ( Royal Railway ) បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ ក្នុងពេល​សាកល្បង​ដំណើរការ​រថភ្លើង​ដឹក​អ្នកដំណើរ ពី​រា​ជាយ​ស្ម័យ​យាន​ភ្នំពេញ ទៅដល់​ស្ថានីយ​រថភ្លើង​អូ​ដឹ​ម ចម្ងាយ ១២ គីឡូម៉ែត្រ ដោយ​លើកឡើងថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ បានធ្វើការ​សាកល្បង​ដឹក​ភ្ញៀវទេសចរ​តាម​រថភ្លើង ចំនួន ៣​ទូ អាច​ផ្ទុក​មនុស្ស​ចំនួន ១៥០​នាក់ ហើយ​ទូរថភ្លើង​ទាំង ៣​ទូ​នោះ មាន​ទូរថភ្លើង សម្រាប់​ប្រភេទ VIP និង ២​ទូ​ទៀត សម្រាប់​ភ្ញៀវទេសចរ​ធម្មតា​។ ដំណើរការ​សាកល្បង​នោះ គឺធ្វើឡើង​ពី​ភ្នំពេញ ទៅ​អូរ​ដឹ​ម​។​

​លោក​បាន​បន្តថា ការចេញដំណើរ​ពី​ភ្នំពេញ​ទៅកាន់​ក្រុងព្រះសីហនុ និង​ពី​ខេត្ត​ព្រះសីហនុ មកកាន់​ភ្នំពេញ​ប្រើ រយៈពេល ៨​ម៉ោង ផ្លូវដែក​មាន​ចម្ងាយ ២៦០​គីឡូម៉ែត្រ ហើយ​បើក​ក្នុង​ល្បឿន ៣៥​គីឡូម៉ែត្រ​ក្នុង ១​ម៉ោង​។​

​លោក​បាន​បញ្ជាក់ទៀតថា ការបើក​ដំណើរការ​ឡើងវិញ​នេះ គឺ​ផ្តោត​សំខាន់​លើ​ភ្ញៀវទេសចរ ដើម្បី​ភ្ញៀវទេសចរ មើលឃើញ​ទេសភាព​ធម្មជាតិ​ស្រស់ស្អាត​តាម​បណ្តា​ខេត្ត​នានា​ពី​ភ្នំពេញ ទៅដល់​ខេត្ត ជាប់មាត់​សមុទ្រ ព្រមទាំង​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរ​តាមផ្លូវ​ជាតិ​ទៀតផង​។​

​លោក​បាន​អះអាងថា ក្បាលរថភ្លើង និង​ទូរថភ្លើង​ផលិតឡើង​ក្នុង​ទសវត្សរ៍​៦០
​នៅ​ប្រទេស​បារាំង បាន​យកមកប្រើ​ប្រាស់​សម័យ​ស​ង្គ​ម​រាស្ត្រនិយម ហើយ ទូរថភ្លើង​
​ទាំង​៣​សម្រាប់​ដឹក​ភ្ញៀវទេសចរ នេះ​ខាងក្នុង​តុបតែង​យ៉ាង​ស្អាត​និង​បំពាក់ ឧបករណ៍​ម៉ាស៊ីនត្រជាក់​និង​មាន​អាហារ​ដ្ឋា​ន​សម្រាប់​បម្រើភ្ញៀវ​នៅលើ​រថភ្លើង​ទៀតផង​។​

​លោក​បាន​លើកឡើងថា បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​ទេសចរណ៍ កំពុង​មក​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​រ៉ូយ៉ាល់ រេល​វេ​ក្នុង​ការដឹក​ភ្ញៀវទេសចរ តាម​រថភ្លើង​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​។ ជាមួយគ្នានេះ ពេល​ដំណើរការ​បានល្អ​ហើយ ក្រុមហ៊ុន​គ្រោង​បើក​ការដឹកជញ្ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដោយ​កាត់​តាម​ខេត្តតាកែវ និង​ខេត្តកំពត​។​

​សូម​រម្លឹកថា ក្រុមហ៊ុន Toll Royal Railway ដែលជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន Toll អូស្ត្រាលី និង​ក្រុមហ៊ុន Royal Group របស់លោក​ឧកញ៉ា គិត​ម៉េង បាន​ទទួលបាន​កិច្ចសន្យា​សម្បទាន​ផ្លូវដែក ក្នុង​កុងត្រា​រយៈពេល ៣០​ឆ្នាំ ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​អាជីវកម្ម​ផ្លូវដែក​ជួសជុល និង​ថែទាំ​។ ក៏ប៉ុន្តែ​ក្រោយមក ក្រុមហ៊ុន​អូស្ត្រាលី Toll បាន​ដកខ្លួន ហើយ​ក្រុមហ៊ុន​វិនិយោគ​ផ្លូវដែក​កម្ពុជា​នោះ បាន​ប្តូរ​ឈ្មោះ​មកជា "Royal Railway" ដែលមាន​លោក​ឧកញ៉ា គិត​ម៉េង ជា​ប្រធាន​។​

​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១២ ផ្លូវ​រថភ្លើង ខ្សែ​ទី​១ បាន​សាកល្បង​បើក​ដំណើរការ ដោយ​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​កំពង់ផែ​ក្រុងព្រះសីហនុ ដែលមាន​ប្រវែង ២៥៦ គីឡូម៉ែត្រ បន្ទាប់ពី​បាន​ជួសជុល​រយៈពេល​បី​ឆ្នាំ​។​

​ចំណាយ​សរុប​នៅក្នុង​គម្រោង​ស្ថាបនា​ផ្លូវដែក​កម្ពុជា ពី​ភ្នំពេញ ទៅកាន់​កំពង់ផែ​ក្រុងព្រះសីហនុ​នេះ មាន​ចំនួន ១៤១,៦ លាន​ដុល្លារ ក្នុងនោះ មាន​៨៤ លាន​ដុល្លារ ជា​កម្ចី​ហិញ្ញ​ប្ប​ទាន​របស់ ADB ២១,៥ លាន​ដុល្លារ​ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​អូ​ស្រា្ត​លី ១៣​លាន​ដុល្លារ ជា​ជំនួយ​របស់ OPEC សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ជំនួយឥតសំណង​រប​ស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ប្រហែល ២,៨ លាន​ដុល្លារ និង​សម្បទាន​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន ២០,៣ លាន​ដុល្លារ​។​

​ផ្លូវ​រថភ្លើង​ថ្មី​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ដូចជា កាត់បន្ថយ​ការដឹកជញ្ជូន​ធុន​ធ្ងន់​តាម​រថយន្ត កាត់បន្ថយ​ការខូចខាត​ផ្លូវថ្នល់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការកកស្ទះ កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន និង​កាត់បន្ថយ​ផ្សែង​ពុល ជាដើម​។​
 
​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ហៅ​ការដាក់​ឲ្យ​ដំណើរការ​ផ្លូវ​នៅ​កម្ពុជា នៅ​ភាគខាងត្បូង គឺ​ពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ ដោយ​ឆ្លងកាត់​ខេត្តកណ្តាល តាកែវ និង​ខេត្តកំពត ថា ជា​ការវិវឌ្ឍ​ដ៏​មាន​សារៈសំខាន់​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​ផ្លូវដែក ដែល​ត​ភ្ជាប់​ក្នុង​ទ្វីបអាស៊ី​ទាំងមូល​ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​នោះ ហើយ​វា​ជា​ជំ​ហ៊ាន​ឆ្ពោះទៅរក​ការតភ្ជាប់​ពី​ប្រទេស​សិង្ហ​បុរី ទៅកាន់​ប្រទេស ស្ក​ត់ឡែ​ន (Scotland) ផងដែរ​។​

​ធនាគារ ADB ក៏បាន​ប្រកាសថា ខ្សែ​រថភ្លើង​ភាគ​ខាងជើង​ប្រវែង ៣៣៧ គីឡូ​ម៉ែត ត​ភា្ជ​ប់រាជ​ធានី​ភ្នំពេញ ទៅកាន់​ប្រទេស​ថៃ ដោយ​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ ត្រូវគេ​រំពឹងថា នឹង​បើក​ដំណើរការ​ជា ៣ ឬ ៤​ដំណាក់កាល នៅក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥​។ ក៏ប៉ុន្តែ​គម្រោង​នេះ មិន​សម្រេច​តាម​ផែនការ​នោះទេ មកទល់នឹង​ខែមករា ឆ្នាំ​២០១៦​នេះ​៕​

នៅ​ខែម​ករានេះ រថភ្លើង ដឹក​អ្នកដំណើរ ភ្នំពេញ​-​ព្រះសីហនុ ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​ហើយ​