ប្រហារ​ជីវិត​​ម្ដាយ​បង្កើត​ជា​សាធារណៈ ព្រោះ​ឲ្យ​ខ្លួន​ចាក​ចេញ​ពី ISIS

ស្ត្រីជាម្ដាយបង្កើតមួយរូប ត្រូវបានយកទៅប្រហារជីវិត កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយកូនបង្កើត​របស់គាត់ ដោយ​សារ​តែ​ស្ត្រីរូបនោះ ចង់បញ្ចុះបញ្ចូលកូនប្រុសម្នាក់នោះ ឲ្យចាកចេញពីជួរកងកម្លាំង របស់ក្រុម​រដ្ឋ​អ៊ីស្លាម។ ការ​ប្រហារ​ជីវិត ដែលធ្វើឡើងនៅកណ្ដាលក្រុង រ៉ាកា ត្រូវបានអះអាងបញ្ជាក់ដោយ ក្រុមអ្នកឃ្លាំ​មើល​ផ្នែក​សិទ្ធិ​មនុស្ស នៅក្នុង​ប្រទេស​ស៊ីរី។
ប្រហារ​ជីវិត​​ម្ដាយ​បង្កើត​ជា​សាធារណៈ ព្រោះ​ឲ្យ​ខ្លួន​ចាក​ចេញ​ពី ISIS
រូបថតឃោសនា របស់ក្រុមរដ្ឋអ៊ីស្លាម បង្ហាញពីការចូលរួមរបស់ស្ត្រី នៅក្នុងកិច្ចការរបស់ពួកគេ។ (រូបថតឯកសារ)

មនោគមន៍វិជ្ជា ដែលបង្រៀនមនុស្ស ឲ្យសម្លាប់ម្ដាយឪពុកខ្លួនឯង នៅលើលោកនេះ មានមិនច្រើនឡើយ។ ប្រសិនបើមានរបបខ្មែរក្រហម ដែលបង្រៀនកុមារ យុវជនជំនាន់ក្រោយ ឲ្យគោរពស្រឡាញ់តែអង្គការនោះ នៅសម័យនេះ នៅមានក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) មួយទៀត ក៏បានបង្រៀនមនុស្ស ឲ្យឈប់ទទួលស្គាល់ ឪពុកម្ដាយរបស់ខ្លួន រហូតហ៊ានលើកដៃ សម្លាប់អ្នកមានគុណរបស់ខ្លួន ជាសាធារណៈ ដើម្បីជាការព្រមានដល់អ្នកដទៃ ប្រហាក់ប្រហែលគ្នាដែរ។

កាលពីថ្ងៃសុក្រម្សិលម៉ិញ ក្រុមអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស នៅក្នុងប្រទេសស៊ីរី (OSDH) បានអះអាង ពីករណី​«ប្រហារជីវិតមួយ» អនុវត្តដោយជនស្ម័គ្រប្រយុទ្ធម្នាក់ អាយុ២០ឆ្នាំ របស់ក្រុមរដ្ឋអ៊ីស្លាម ដែលបានលើកដៃ ប្រហារ​ជីវិតម្ដាយបង្កើតរបស់ខ្លួន កណ្ដាលហ្វូងមនុស្ស បន្ទាប់ពីស្ត្រីចំណាស់រូបនេះ បានព្យាយាម​ទាក់​ទាញ​ឲ្យ​ខ្លួន ចាក​ចេញ​ពី​អង្គការភេរវកម្ម នៃរដ្ឋអ៊ីស្លាម។

បើតាមក្រុមអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស បានឲ្យដឹងថា ស្ត្រីជាម្ដាយឈ្មោះ លីណា (Lina) ដែលមាន​អាយុ​៤០​នាក់ បានព្រួយបារម្ភ ពីដំណើរជីវិត របស់កូនប្រុសវ័យក្មេងរបស់ខ្លួន ដែលបានចូលតស៊ូ ជាមួយនឹងកង​កម្លាំង​ស៊ីរី​សេរី (ASL) បន្ទាប់មកបានចូលក្នុងរណសិរ្យ «Al-Nosra (ដែលជាផ្នែកមួយ នៃក្រុមអាល់កៃដា)» មុន​នឹង​ភ្ជាប់​ខ្លួន មក​ក្នុង​ចលនារដ្ឋអ៊ីស្លាម។ ការព្រួយបារម្ភ របស់អ្នកស្រី លីណា បានជំរុញឲ្យអ្នកស្រី ធ្វើ​ដំណើរ​ក្នុង​ចំងាយ​ប្រមាណ​ជា ៥០គីឡូម៉ែត្រ ដើម្បីមកមើល និងហៅកូនឲ្យត្រឡប់ទៅផ្ទះវិញ ពីក្នុងបន្ទាយ «Tabaqa» ក្នុង​ក្រុង រ៉ាកា (Raqqa) ដែលជារដ្ឋធានីកំណត់ឡើង ដោយក្រុមរដ្ឋអ៊ីស្លាម។

នៅចំពោះការបញ្ចុះបញ្ចូល របស់ម្ដាយបង្កើត ដែលចង់ឲ្យកូនប្រុសរបស់ខ្លួន ចាកចេញពីក្រុមរដ្ឋអ៊ីស្លាម យុវជន​អាយុ២០ឆ្នាំ បែរជារាយការណ៍រឿងនេះ ទៅកាន់«ថ្នាក់លើ»របស់ខ្លួន ឲ្យចាប់ខ្លួនអ្នកមានគុណភ្លាមៗ។ ស្ត្រី​ចំណាស់​ត្រូវបានគេបណ្ដើរ ទៅកាន់ទីលានកណ្ដាលក្រុងរ៉ាកា ដែលមានហ្វូងមនុស្ស ច្រើនជាង១០០នាក់ ជួប​ជុំ​គ្នា​រួចជាស្រេច។ បន្ទាប់មក អ្នកស្រីត្រូវបានកូនប្រុសបង្កើត របស់អ្នកស្រី បាញ់សម្លាប់ ដោយគ្រាប់កាំភ្លើង មួយ​គ្រាប់​ចំក្បាល។

បន្ថែមពីលើហេតុការណ៍នេះ ក្រុមអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស នៅបានធ្វើស្ថិតិ ពីឧក្រិដ្ឋកម្មប្រមាណជា ៥០​ករណី ដែលបានប្រព្រឹត្តិឡើង ដោយសមាជិករបស់ក្រុមរដ្ឋអ៊ីស្លាម ធ្វើទៅលើមនុស្សជាច្រើន ដែលមិនត្រូវ​ចិត្ត​ជាមួយ​នឹង​ក្រុមភេរវជនមួយនេះ ក្នុងនោះមានដូចជា ជនលួចសាហាយស្មន់ ជន​ស្រឡាញ់​ភេទ​ដូចគ្នាជាដើម៕