កម្ពុជា​នឹង​លុប​បំបាត់​ពន្ធ​គយ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​សមាជិក​អាស៊ាន​ចាប់​ពី​ថ្ងៃ​ទី​១០​មករា

ប្រទេស​កម្ពុជា នឹង​ចាប់​អនុវត្ត​កម្មវិធី​កាត់​បន្ថយ និង​លុប​បំបាត់​ពន្ធ​គយ ២០១៥-២០២៥ របស់​អាស៊ាន ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៦ នេះ​ត​ទៅ។ អ្នក​វិភាគ​ផ្នែក​សេដ្ឋកិច្ច មើល​ឃើញ​ថា ការ​អនុវត្ត​កម្មវិធី​នេះ ផ្ដល់​ទាំង​ប្រយោជន៍ និង​ការ​ខាត​បង់​ដល់​ប្រទេស​កម្ពុជា។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រកាស​ថា ប្រទេស​កម្ពុជា នឹង​លែង​យក​ពន្ធ​លើ​ការ​នាំ​ចូល​ទំនិញ​គ្រប់​មុខ​ពី​បណ្ដា​ប្រទេស​អាស៊ាន ស្រប​តាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជាក់​ថា ការ​អនុគ្រោះ​ពន្ធ​គយ​នាំ​ចូល​នេះ អនុវត្ត​សម្រាប់​ការ​នាំ​ចូល​នៅ​ថ្ងៃ​ទី​១០ មករា ទៅ​មុខ​ប៉ុណ្ណោះ។ មាន​ន័យ​ថា ការ​នាំ​ចូល​ទំនិញ​របស់​ប្រទេស​សមាជិក​អាស៊ាន​មក​ប្រទេស​កម្ពុជា មុន​ថ្ងៃ​ទី​១០ មករា គឺ​យក​ពន្ធ​ធម្មតា។

ការ​លើក​លែង​ពន្ធ​នេះ ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​កម្មវិធី​នានា​ក្នុង​គម្រោង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​ត្រូវ​បាន​ប្រកាស​បង្កើត​ជា​ផ្លូវ​ការ​កាល​ពី​ចុង​ឆ្នាំ​២០១៥។ ទោះ​យ៉ាង​ណា ឈ្មោះ​ទំនិញ​លើក​លែង​ពន្ធ ត្រូវ​បាន​គេ​បញ្ជាក់​នៅ​ក្នុង​នាមវលី​នៃ​តារាង​ពន្ធ​គយ​សុខដុម​របស់​អាស៊ាន ដែល​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​២០១២។

សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច លោក តេង ដឺលុច អបអរ​សាទរ​នឹង​ការ​អនុវត្ត​កម្មវិធី​លុប​បំបាត់​ពន្ធ​គយ​របស់​កម្ពុជា នេះ ដោយ​លោក​មើល​ឃើញ​ថា កម្មវិធី​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា ដូចជា ទំនិញ​មាន​តម្លៃ​ទាប​ជាង​មុន ការ​រក​ស៊ី​គេច​ពន្ធ​ថយ​ចុះ និង​កម្ពុជា នាំ​ទំនិញ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ងាយ៖ «កាល​ណា​មាន​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ អ្នក​ប្រើប្រាស់​មាន​ជម្រើស​ច្រើន។ ចំណុច​ទី​ពីរ គឺ​កម្ពុជា ស្វែង​រក​សក្ដានុពល​ប្រកួត​ប្រជែង​ឲ្យ​អស់​លទ្ធភាព ដើម្បី​ប្រកួត​ជាមួយ​ផលិតផល​នាំ​ចូល​ទាំងអស់​ហ្នឹង»

លោក តេង ដឺលុច យល់​ឃើញ​ដែរ​ថា ការ​លុប​ចោល​ពន្ធ​គយ​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ទីផ្សារ​ទំនិញ​របស់​បណ្ដា​ប្រទេស​អាស៊ាន ខណៈ​វិស័យ​សហគ្រាស​កម្ពុជា មិន​ទាន់​រឹងមាំ​អាច​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អាស៊ាន​បាន៖ «កម្ពុជា នឹង​ក្លាយ​ជា​ទីផ្សារ​របស់​ទំនិញ​ក្នុង​តំបន់ ដែល​ទំនិញ​របស់​យើង​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​គេ​បាន ដែល​អាច​ធ្វើ​ឲ្យ​សហគ្រាស​ក្នុង​ស្រុក​ត្រូវ​ក្ស័យ​ធន ឬ​បិទ​ទ្វារ ដោយសារ​តែ​មិន​អាច​ប្រកួត​ប្រជែង​បាន។ ផល​អវិជ្ជមាន​របស់​យើង គឺ​យើង​បាត់បង់​ចំណូល​ថវិកា​ជាតិ​តាម​រយៈ​ពន្ធ​គយ»

យ៉ាង​ណា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជាក់​ថា ការ​កាត់​បន្ថយ និង​លុប​បំបាត់​ពន្ធ​គយ​ពី​អាស៊ាន​នេះ គឺ​លើក​លែង​តែ​ពន្ធ​គយ​នាំ​ចូល​ប៉ុណ្ណោះ ដោយ​កម្ពុជា នៅ​តែ​អាច​ទទួល​បាន​ចំណូល​ពី​ការ​ដក​ហូត​ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម និង​ពន្ធ​អាករ​ពិសេស ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា វី.អេ.ធី (VAT)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។