ក្រសួង​នឹង​ពិន័យ​យានយន្ត​ដែល​គ្មាន​វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​បច្ចេកទេស​ចាប់​ពី​ថ្ងៃ​ទី​១​មីនា

អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ស្នើ​ឲ្យ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ មក​ដាក់​ពាក្យ​ស្នើសុំ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ជា​មុន ដើម្បី​ងាយ​ស្រួល​ដល់​មន្ត្រី​ត្រួត​ពិនិត្យ ចាត់​ចែង​ត្រួត​ពិនិត្យ​តាម​លំដាប់​លេខ​រៀង ជៀសវាង​ខាត​ពេលវេលា។ សង្គម​ស៊ីវិល គាំទ្រ​វិធានការ​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​ក្រសួង​ត្រូវ​តែ​ធានា​ថា ការ​អនុវត្ត​ជាក់ស្តែង​មាន​ប្រសិទ្ធភាព។

អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បញ្ជាក់​ថា វិធានការ​នេះ សំដៅ​បញ្ចៀស​ការ​កក​ស្ទះ សម្រួល​ដល់​ការ​ត្រួត​ពិនិត្យ និង​ជៀសវាង​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អះអាង​ទៀត​ថា កន្លង​មក​មាន​រថយន្ត​ជាច្រើន​បាន​ចូល​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ក្នុង​ពេល​ជាមួយ​គ្នា និង​បើកបរ​រថយន្ត​តៗ​គ្នា​ជា​ជួរ សំដៅ​ទៅ​កាន់​ម៉ាស៊ីន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស បាន​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ ខាត​ពេលវេលា និង​មាន​ករណី​ខ្លះ ម្ចាស់​យានយន្ត​បាន​ចំណាយ​ប្រាក់​បន្ថែម​លើស​ពី​ការ​កំណត់​ក្នុង​តារាង​សេវា​សាធារណៈ ដែល​បាន​បិទ​ផ្សាយ​នៅ​ទីតាំង​ផ្តល់​សេវា​ទៀត​ផង។

ការ​លើក​ឡើង​របស់​ក្រសួង​នៅ​ពេល​នេះ ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង នៅ​ថ្ងៃ​ទី​៨ ខែ​មករា។

សេចក្តី​ជូន​ដំណឹង​ដដែល​ឲ្យ​ដឹង​ថា ក្រសួង​ក៏​បាន​ដាក់​វិធានការ​ដល់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ដែល​ត្រូវ​ទៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស ឲ្យ​អនុវត្ត​ចំណុច​សំខាន់ គឺ​ស្នើ​ឲ្យ​ម្ចាស់​យានយន្ត​មក​ដាក់​ពាក្យ​ស្នើសុំ​មុន​នៅ​តាម​បញ្ជរ​ទទួល​ពាក្យ​សុំ តាម​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​នីមួយៗ ដើម្បី​ងាយ​ស្រួល​ដល់​មន្ត្រី​ធ្វើ​ការ​ត្រួត​ពិនិត្យ ស្នើ​ឲ្យ​ម្ចាស់​យានយន្ត​បង់​ប្រាក់​សេវា​សាធារណៈ​តាម​តម្លៃ​ដែល​បាន​កំណត់​ក្នុង​តារាង​កម្រៃ​សេវា​សាធារណៈ ដែល​បិទ​ផ្សាយ​នៅ​តាម​បញ្ជរ​ទទួល​ពាក្យ​សុំ។ ក្រសួង​ព្រមាន​ថា បើ​ម្ចាស់​យានយន្ត​ណា​មិន​អនុវត្ត​តាម​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ នគរបាល​ចរាចរណ៍​នឹង​ផាក​ពិន័យ​លើ​រថយន្ត​ដែល​គ្មាន​វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស ឬ​អស់​សុពលភាព នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៦  ខាង​មុខ​នេះ។

ទាក់ទិន​នឹង​ករណី​នេះ ប្រធាន​អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផល​ប៉ះពាល់​គ្រឿង​ស្រវឹង (IARD) លោក គង់ សុវណ្ណ មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​ការ​ជូន​ដំណឹង​នេះ ព្រោះ​វា​មិន​ត្រឹម​តែ​ចំណេញ​ពេលវេលា​ប៉ុណ្ណោះ​ទេ វា​នឹង​ជួយ​លុប​បំបាត់​ការ​ចំណាយ​ផង​ដែរ ប៉ុន្តែ​ស្នើ​ឲ្យ​ក្រសួង ត្រូវ​តែ​ធានា​ថា បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​សេវា​ដល់​ម្ចាស់​យានយន្ត កុំ​ឲ្យ​មាន​ភាព​យឺតយ៉ាវ​បន្ត​ទៀត៖ «ខ្ញុំ​នៅ​តែ​ព្រួយ​បារម្ភ​ដដែល ព្រោះ​ថា ហើយ​ក៏​ចង់​ស្នើ​ឲ្យ​ថា បើ​ថ្ងៃ​ដែល​ទុក​ផុត​កំណត់​ត្រឹម​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៦ រឹត​បន្តឹង​ចឹង ក្រសួង​គួរ​តែ​ត្រៀម​ឲ្យ​បាន​រួច​រាល់ ទាំង​កម្លាំង​មន្ត្រី​អនុវត្ត​ការងារ ធ្វើ​ម៉េច​ឲ្យ​បាន​លឿន ឲ្យ​អ្នក​ដែល​យក​យានយន្ត​ទៅ​ត្រួត​ពិនិត្យ​ច្បាស់​នឹង​ពី​ដំណាក់​កាល​ដែល​ត្រូវ​ទៅ​ណា​ឲ្យ​ច្បាស់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​លើ​សេចក្តី​សេចក្តី​ជូន​ដំណឹង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​មករា។

ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល​ឲ្យ​ដឹង​ថា អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​បាន​ប្រកាស​ដល់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ថា ប្រសិន​បើ​ករណី​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ ដូចជា ការ​ទាមទារ​កម្រៃ​បន្ថែម ការ​មិន​ចេញ​បង្កាន់ដៃ​បង់​ប្រាក់ ឬ​ការ​ចេញ​បង្កាន់ដៃ​បង់​ប្រាក់​មិន​គ្រប់​ចំនួន ខុស​ពី​តារាង​កម្រៃ​សាធារណៈ ម្ចាស់​យានយន្ត​ត្រូវ​ធ្វើ​ការ​ទាក់ទង​ទៅ​មន្ត្រី​ដែល​មាន​ឈ្មោះ និង​លេខ​ទូរស័ព្ទ​ដែល​បង្ហាញ​នៅ​តាម​ការិយាល័យ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស ឬ​នៅ​តាម​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស។

ក្រសួង​រំពឹង​ថា ប្រជាពលរដ្ឋ​ជា​ម្ចាស់​យានយន្ត​ទាំងអស់ នឹង​រួម​គ្នា​សហការ​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។