គណបក្ស​ប្រជាជន​កម្ពុជា​ពិនិត្យ​ចំណុច​ខ្វះខាត​ដើម្បី​សម្រេច​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត

គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៩ មករា រៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​លើក​ទី​៣៩ នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ដែល​មាន​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​គណបក្ស​ចូលរួម​ជិត ១.៥០០​នាក់។

សន្និបាត​នេះ​មាន​រយៈពេល ២​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១០ មករា។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា នៅ​ក្នុង​សន្និបាត​បិទ​ទ្វារ​នោះ គណបក្ស​ប្ដេជ្ញា​ជំរុញ​កំណែ​ទម្រង់​គ្រប់​វិស័យ​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ប្រកប​ដោយ​គុណភាព។ លោក​ថា គណបក្ស​កាន់​អំណាច​មួយ​នេះ ក៏​រៀបចំ​ផែនការ​លម្អិត​ចាប់​ពី​ពេល​នេះ​ត​ទៅ ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

លោក សុខ ឥសាន បន្ត​ថា «យើង​វាយ​តម្លៃ​សភាពការណ៍។ យើង​ដក​ពិសោធ ហើយ​យើង​កែលំអ​រាល់​បញ្ហា​ដែល​មាន​ជា​កង្វះ​ខាត​កន្លង​ទៅ ដើម្បី​ធ្វើ​យ៉ាង​ណា​លើក​កម្ពស់​ប្រជាប្រិយភាព​គណបក្ស ពីព្រោះ​កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​តាម​រយៈ​ការ​បោះ​ឆ្នោត យើង​ឃើញ​ប្រជាពលរដ្ឋ​បាន​ទាញ​អារម្មណ៍​របស់​គណបក្ស​ទាំង​មូល​ឲ្យ​ខិតខំ​កែលំអ​រាល់​ចំណុច​ខ្វះខាត​នានា ដើម្បី​បំពេញ​សំណូមពរ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​យើង»

នេះ​ជា​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា លើក​ទី​១ ចាប់​តាំង​ពី លោក ហ៊ុន សែន លោក ស ខេង និង​លោក សាយ ឈុំ ត្រូវ​បាន​សន្និបាត​នេះ​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​ប្រធាន និង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។