គ្រាប់បែក​អ៊ីដ្រូសែន​៖ កូរ៉េខាងជើង​ថា អាមេរិក​និង​សម្ព័ន្ធមិត្ត​ច្រណែន​នឹង​ភាពជោគជ័យ​ខ្លួន


​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បានចាត់ទុក​ការចាក់​សំឡេង​រំខាន​នៅតាម​ព្រំដែន​កូរ៉េ​ទាំងពីរ​ដោយ​កូរ៉េខាងត្បូង ថា ជាការ​ច្រណែន​ពី​សមិទ្ធផល​កូរ៉េខាងជើង និង​ជា​សកម្មភាព​ដែល​ជំរុញ​ឲ្យ​មាន​សង្គ្រាម​នៅក្នុង​ឧបទ្វីប​កូរ៉េ​ទៀតផង​។ ការរិះគន់​នេះ ធ្វើឡើង​ក្នុងឱកាស​នៃ​ការជួបជុំ​មួយ​ក្នុង​ក្រុង​ព្យុងយ៉ាង​ដែល​ត្រូវជា​ថ្ងៃកំណើត​របស់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​ផងដែរ​។​

​កាលពី​ថ្ងៃ​សុក្រ​ទី​០៨ មករា ម្សិលមិញ មន្ត្រីជាន់ខ្ពស់​បក្ស​កម្ម​ករ​កូរ៉េខាងជើង លោក Kim Ki Nam បាន ថែ្ល​ង​រិះគន់ និង​ចំអក​កូរ៉េខាងត្បូង ក្នុងចំណោម​ប្រជាជន​រាប់ពាន់នាក់​ដែល​បាន​ប្រមូលផ្តុំ​នៅក្នុង​ក្រុង​ព្យុងយ៉ាង ដែល​ស្រប​នឹង​ថ្ងៃកំណើត​របស់លោក គីម ជុង​អ៊ុន​។  នេះ គឺជា​ការ​ថ្លែងការណ៍​ឆ្លើយតប លើកដំបូង​របស់​កូរ៉េខាងជើង​ទៅនឹង​ការផ្តើម​ឡើងវិញ​នៃ​ការចាក់​បំពង​សំឡេង​នៅតាម​ព្រំដែន​កូរ៉េ​ដោយ​កូរ៉េខាងត្បូង​។

​យោងតាម​សារព័ត៌មាន Reuters លោក Kim Ki Nam បាន​អះអាងថា ការ​ច្រណែន នៃ​ភាពជោគជ័យ នៃ​ការបាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​លើកដំបូង​របស់​កូរ៉េខាងជើង​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​ខ្លួន នឹងធ្វើ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ និង​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​ទៀតផង​។

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​០៦ មករា កន្លងទៅ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ដោយ​ជោគជ័យ​។ គ្រាប់បែក​អ៊ីដ្រូសែន គឺជា​ប្រភេទ​អាវុធ​ដ៏​ទំនើប និង​មាន​ឥទ្ធិពល​របស់​កូរ៉េខាងជើង ដែល​ទើបតែ​រកឃើញ​។ កូរ៉េខាងជើង បានចាត់ទុក​សមិទ្ធផល​នៃ​ការផលិត​គ្រាប់បែក​នេះ​ថា​នឹងធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ប្រទេស​ដ៏​មានអំណាច​របស់​ពិភពលោក​ផងដែរ​។​

​ជុំវិញ​នៃ​ការបាញ់​សាកល្បង​របស់​កូរ៉េខាងជើង​នេះដែរ បាន​រង​នូវ​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​យ៉ាង ខ្លាំង ដ្បិត​សកម្មភាព​នេះ បាន​បំពាន​ទៅនឹង​បំរាម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​បាន​គំរាមកំហែង​កំហែង​ដល់​សន្តិសុខ​នៅក្នុង​តំបន់​ទៀតផង​។​

​បច្ចុប្បន្ន ចិន អាមេរិក និង​កូរ៉េខាងត្បូង បាននិងកំពុង​ជជែក​គ្នា​រក​ដំណោះស្រាយ​ណាមួយ​ដើម្បី​កាត់ បន្ថយ​នូវ​ភាព​តានតឹង និង​បញ្ជៀ​ស​ពី​ការ​ប្រឈម​គ្នា​ផ្នែក​សព្វាវុធ​។ ក្នុងនោះ​តាមរយៈ​កិច្ចសន្ទនា រវាង​ប្រមុខ​ការទូត​អាមេរិក លោក ច​ន ខេ​រី និង​សម​ភាគី​ចិន លោក វ៉ាង យី ចិន ទទូច​ឲ្យ​មានការ​ចរចា​ឡើង វិញ​នូវ​ភាគី​៦​ដែល​បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០០៣ និង​បញ្ឈប់​នៅ​ឆ្នាំ​២០០៩ ក្រោយ​កូរ៉េខាងជើង​បាន ដកខ្លួន​។ ភាគី​៦ មានដូចជា អាមេរិក រុស្ស៊ី ចិន ជប៉ុន កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​។

​សូមបញ្ជាក់​ផងដែរ​ថា ភាព​តានតឹង​ដែល​ឈានទៅដល់​ការបាញ់​គ្រាប់ផ្លោង​ដាក់គ្នា​នៅ​ឧបទ្វីប​កូរ៉េ បាន​កើតឡើង​ចុងក្រោយ​កាលពី​ខែសីហា ឆ្នាំ​២០១៥​។ ការប្រឈមមុខគ្នា​បាន​ស្ងប់ស្ងាត់​ទៅវិញ ក្រោម​កិច្ចព្រមព្រៀង​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៥ ដោយ​ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ដកទ័ព​ចេញពី ព្រំដែន​៕


ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​