ចូល​ឆ្នាំ​២០១៦​ភ្លាម​ បុរស​ខ្លាំង​រំលោភច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ភ្លែត​ ទុកជា​គំរូ​មិនល្អ​

​មាត្រា​៤០​ កថាខណ្ឌ​ទី​១​ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០១១៥/០០១​ ចុះ​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៥​ បាន​ចែង​កំណត់​អំពី​ប័ណ្ណបើកបរ​ជាតិ​ សម្រាប់​បើកបរ​យានយន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​៥​ប្រភេទ​ ក្នុង​នោះ​ប្រភេទ​ ក​ សំដៅលើ​ទោចក្រយានយន្ត​ និង​ត្រីចក្រយានយន្ត​ ហើយ​ប្រភេទ​ ក​១​ សម្រាប់ទោ​ចក្រយានយន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​ចាប់ពី​៤៩​ដល់​១២៥​សង្ទីម៉ែត្រ​គូប​ ឬ​ទោចក្រយានយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដែល​គ្មាន​ឈ្នាន់​ធាក់​ដូច​ទោចក្រយាន​ ។​ ប៉ុន្តែ​នា​ពេល​ថ្មីៗ​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បែរជា​បាន​ចេញ​សេចក្តីសម្រេច​មួយ​លេខ​០២​សសរ​ ចុះ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៦​ ស្តី​ពី​ការ​លុប​ចោល​ប័ណ្ណបើកបរ​ប្រភេទ​ ក​១​ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​មុន​ពេល​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ទៅ​វិញ​ ជា​ហេតុ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​ច្បាប់​រិះគន់​ថា​ បុរស​ខ្លាំង​ប្រើ​អំណាច​រំលោភ​បំពាន​លើ​ច្បាប់​អនុម័ត​ដោយ​រដ្ឋសភា​ ពិនិត្យ​ដោយ​ព្រឹទ្ធសភា​ និង​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​ឡាយ​ព្រះហស្ត​លេខា​ដោយ​ព្រះមហាក្សត្រ​ ដែល​ជា​គំរូ​អាក្រក់​បំផុត​ ។​

​ប្រការ​១​នៃ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​០២​សសរ​ ចុះ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៦​ ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ស្តី​ពី​ការ​លុប​ចោល​ប័ណ្ណបើកបរ​ប្រភេទ​ ក​១​ បាន​ចែង​ថា​ "​លុប​ចោល​ប័ណ្ណបើកបរ​ប្រភេទ​ ក​១​ មាន​ន័យ​ថា​ អ្នកបើកបរ​ទោចក្រយានយន្ត​ដែល​មាន​កម្លាំង​ចាប់ពី​១២៥CC​ ចុះ​ក្រោម​ មិន​ចាំបាច់​មាន​ប័ណ្ណបើកបរ​ទៀត​ទេ​ ។​ "​ ។​

​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​សេចក្តីសម្រេច​ស្តី​ពី​ការ​លុប​ចោល​ប័ណ្ណបើកបរ​ប្រភេទ​ ក​១​ ខាងលើ​នេះ​ គឺ​បាន​យោង​ទៅ​លើ​ព្រះរាជក្រម​ដែល​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ដែរ​ ប៉ុន្តែ​បាន​សរសេរ​លេខ​ និង​កាលបរិច្ឆេទ​ព្រះរាជក្រម​ខុសឆ្គង​ ពោល​ព្រះរាជក្រម​ពិតប្រាកដ​ដែល​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ គឺ​ ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០១១៥/០០១​ ចុះ​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៥​ ដោយឡែក​ រាជរដ្ឋាភិបាល​បាន​យោង​​ទៅ​លើ​ព្រះរាជក្រម​លេខ​ន​ស​/​រក​ត​/០០១៥/០០១​ ចុះ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៥​ទៅ​វិញ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​ឈឺឆ្អាល​ និង​ការ​យកចិត្តទុកដាក់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ ដោះស្រាយ​សំណូមពរ​ និង​សេចក្តី​ត្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ គឺជា​​ប្រការ​ល្អ​ប្រសើរ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ រាជរដ្ឋាភិបាល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ​ មិន​គួរ​ចេញ​សេចក្តីសម្រេច​ ឬ​អនុក្រឹត្យ​សម្រេច​លុប​ចោល​ទាំង​រំលោភ​បំពាន​ច្បាប់​នោះ​ទេ​ ដោយ​រាជរដ្ឋាភិបាល​អាច​ចាត់ការ​ជា​បន្ទាន់​នូវ​វិធានការ​ត្រឹមត្រូវ​ (​អាច​ចែង​ក្នុង​ប្រការ​១​នៃ​សេចក្តីសម្រេច​)​ ថា​ ៖​ ពន្យារពេល​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​នៅ​ត្រង់​មាត្រា​៤០​ ដែល​ចែង​អំពី​ប័ណ្ណបើកបរ​ប្រភេទ​ក​១​ជា​បណ្តោះអាសន្ន​សិន​ រង់ចាំ​រាជរដ្ឋាភិបាល​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ នូវ​ចំណុច​មាត្រា​នេះ​៕​

ចូល​ឆ្នាំ​២០១៦​ភ្លាម​ បុរស​ខ្លាំង​រំលោភច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ភ្លែត​ ទុកជា​គំរូ​មិនល្អ​ចូល​ឆ្នាំ​២០១៦​ភ្លាម​ បុរស​ខ្លាំង​រំលោភច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ភ្លែត​ ទុកជា​គំរូ​មិនល្អ​