គេ​ប្រាប់ថា​ប្រពន្ធ​ខ្ញុំ​មាន​សហាយ តើ​ត្រូវធ្វើ​ដូចម្តេច ?

​ខ្ញុំ​ជា​បុរស​ម្នាក់​ដែលមាន​រូបរាង​សង្ហា​គួរសម ព្រមទាំង​សាច់​ស​មិន​ចាញ់​ស្រីៗ​ប៉ុន្មាន​ដែរ ប៉ុន្តែ​មិនដឹងថា​មកពី​មូលហេតុ​អ្វី​ទើប​អ្នកភូមិ​ប្រាប់​ខ្ញុំ​ថា ប្រពន្ធ​ខ្ញុំ​លួច​មាន​សហាយស្មន់​នៅពេល​ខ្ញុំ​ទៅធ្វើ​ការ​ឆ្ងាយ​ពី​ផ្ទះ​ច្រើន​ខែ ។​ ​មកដល់ពេលនេះ​ពួកយើង​មានកូន ៣ នាក់ ប្រពន្ធ​ខ្ញុំ​ឆ្នាំនេះ​អាយុ ៣១ ឆ្នាំ ចំណែក​ខ្ញុំ​អាយុ ៣៧ ឆ្នាំ ទីលំនៅ​របស់​គ្រួសារ​ខ្ញុំ​បច្ចុប្បន្ន​នៅក្នុង​តំបន់​មួយដែល​នៅ​មិន​ឆ្ងាយ​ពី​ផ្សារ​នៅ​ទីរួមស្រុក​មួយ​នៃ​ខេត្តតាកែវ ។ ប្រពន្ធ​ខ្ញុំ​នៅផ្ទះ​មើលថែ​កូនៗ និង លក់ដូរ​បន្តិចបន្តួច​មុខផ្ទះ ។ ដោយសារតែ​គ្រួសារ​យើងជា​អ្នកធ្វើ​ចម្ការ ដូច្នេះ​រាល់ពេល​ទំនេរ​ពី​ការងារ​ចម្ការខ្ញុំ​តែង​ទៅ​ក្រុងភ្នំពេញ ដើម្បី​រក​ការងារ​ធ្វើ ហើយ​តែង​ត្រឡប់ទៅផ្ទះ​វិញ​ពេល​រដូវ​ធ្វើ​ចម្ការ​មកដល់ ។

ជីវភាព​គ្រួសារ​ខ្ញុំ​ក្នុង​រយៈពេល ៤-៥ ឆ្នាំ​មកនេះមាន​លក្ខណៈ​ជាធម្មតា ដោយ​រស់នៅ​ជុំគ្នា​អំឡុង​ពេលធ្វើ​ចម្ការ ហើយ​បែក​គ្នា​ប្រហែល​ជាង ៣ ខែ ប៉ុណ្ណោះ​ពេល​រដូវ​ចម្ការ​រួចរាល់ ។ ការ​មក​រស់នៅ និង ស៊ីឈ្នួល​គេ​នៅ​ក្រុងភ្នំពេញ ថ្វីបើ​មិនអាច​រកប្រាក់​បាន​ច្រើន ប៉ុន្តែ​វា​ក៏​គ្រប់គ្រាន់​សម្រាប់​ការចាយវាយ និង ការ​សន្សំទុក​ខ្លះ​សម្រាប់​គ្រួសារ ។ ខ្ញុំ​ប្រហែលជា​ខុសពី​បុរស​ផ្សេង​ពេល​មក​ភ្នំពេញ ព្រោះថា​ខ្ញុំ​មិនចេះ​ជក់បារី ហើយក៏​មិនចេះ​ល្បែង ស្រី ស្រា ដូច្នេះប្រាក់ខែ​បើក​បាន​ប៉ុន្មាន គឺ​ខ្ញុំ​ផ្ញើ​ទៅឱ្យ​ប្រពន្ធ​ស្ទើរតែ​ទាំងអស់ ។ កាលពី​ជាង​មួយឆ្នាំ​មុន ពេលធ្វើការ​ឯ​ភ្នំពេញ​ខ្ញុំ​បានទទួល​ដំណឹង​អាក្រក់ពី​ប្អូនប្រុស​ខ្ញុំ​ប្រាប់ថា​ប្រពន្ធ​ខ្ញុំ​មាន​សហាយ ព្រោះ​មាន​អ្នកភូមិ​ម្នាក់​បានឃើញ​ប្រពន្ធ​ខ្ញុំ និង ប្រុស​ម្នាក់​នៅ​កន្លែង​ស្ងាត់​ពីរ​នាក់ ។

មិនតែប៉ុណ្ណោះ​អ្នកភូមិ​ម្នាក់​ក៏​ឃើញ​សកម្មភាព​ស្និទ្ធស្នាល​កាន់​ដៃ​កាន់ជើង​គ្នា​របស់​ពួកគេ​ទៀតផង ។ ដំណឹង​នេះ​ធ្វើឱ្យ​ខ្ញុំ​ខឹង​យ៉ាងខ្លាំង ព្រោះតែ​យល់ថាអ្នកភូមិ​ម្នាក់​នោះកំពុង​ប្រឌិត​រឿង​បំផ្លាញ​គ្រួសារ​ខ្ញុំ​ដើម្បី​សងសឹក ដោយសារតែ​កាលពី​ប៉ុន្មានឆ្នាំមុន​គ្រួសារ​របស់​ម្នាក់​នោះ និង គ្រួសារ​ខ្ញុំ​ធ្លាប់មាន​ជម្លោះ​នឹង​គ្នា​រឿង​ព្រំដី ។ ដូច្នេះ​ខ្ញុំ​ក៏​មិន​ចាប់អារម្មណ៍​លើ​អ្វីដែល​ប្អូនប្រុស​ខ្ញុំ​បាន​ប្រាប់​បន្ត​មក​ខ្ញុំ​ទេ ប៉ុន្តែ​ប្រហែលជា​បួន​ខែ​កន្លងទៅនេះ បន្ទាប់ពី​ត្រឡប់​ទៅ​ស្រុក​វិញ មិត្តភក្តិ​ជិតស្និទ្ធ​មួយចំនួន​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​អំពី​បញ្ហា​ទាក់ទិន​នឹង​ប្រពន្ធ​ខ្ញុំ ។

ពួកគេ​ថា កាលពី​ខែ​មុន​ប្រពន្ធ​ខ្ញុំ​លួច​មាន​ប្រុស​ផ្សេង ហើយ​ថា​ពួកគេ និង អ្នកភូមិជាច្រើន​បានឃើញ​ទង្វើ​អាក្រក់​នោះ ។ តាម​ការសង្កេតប្រពន្ធ​ខ្ញុំ​មិនបាន​បញ្ចេញ​ឥរិយាបថ​ចម្លែក​ដែល​គួរឱ្យ​សង្ស័យថា​នាង​មាន​សហាយ​នោះទេ ។ ម្យ៉ាងទៀត​នាង​មាន​រូបរាង​ធាត់​ស្ទើរ​ឱប​មិន​ជុំ ដូច្នេះ​ខ្ញុំ​ពិបាក​ជឿថា​មាន​ប្រុស​មក​ស្រឡាញ់​នាង​ដែរ ។ ពេលនេះ​ខ្ញុំ​ពិតជា​ចង់ដឹង​រឿង​ពិត​ទាំងអស់នេះ ប៉ុន្តែ​មិនដឹងថា​ត្រូវ​ចាប់​ផ្តើមធ្វើ​អ្វីខ្លះ​ដើម្បី​រកឃើញ​ការពិត សូមមេត្តា​ជួយផ្តល់យោបល់​ដល់​ខ្ញុំ​ផង ?

ចំពោះ​បុរស​មាន​វិបត្តិ​
​បន្ទាប់ពី​បាន​អាន​ខ្លឹមសារ «​ប្រជាប្រិយ​» យល់ថា លោក​គឺជា​មនុស្សស្មោះត្រង់ ជា​ប្តី​ដ៏​ល្អ​ម្នាក់ ដូច្នេះ​ការដែល​លោក​ទុកចិត្ត​ភរិយា​របស់ខ្លួន​គឺជា​រឿង​ធម្មតា ។ ប៉ុន្តែ​ការដែល​លោក​មិនបាន​សង្ស័យ​អ្វី​សោះ​ចំពោះ​ប្រពន្ធ ក្រោយពី​បានទទួល​ដំណឹង​លើកទីមួយ គឺជា​រឿង​ដែល​គួរឱ្យ​សោកស្តាយ ព្រោះ​លោក​មិនចេះ​ឈ្វេងយល់​អំពី​ប្រពន្ធ​ខ្លួនឯង​នៅពេល​ហេតុការណ៍​ទើបតែ​កើតឡើង ។​

ប្តី​ប្រពន្ធ​ដែល​ធ្លាប់​នៅក្បែរ​គ្នា តែ​ពេល​រស់នៅ​ឆ្ងាយ​ពីគ្នាពួកគេ​តែង​នឹក​គ្នា តែង​អាឡោះអាល័យ​គ្នា និង កាន់តែ​ស្រឡាញ់គ្នា​ច្រើនឡើង ប៉ុន្តែមនុស្ស​មួយចំនួន​ក៏​ប្រព្រឹត្ត​ផ្ទុយ​ពីនេះ ដោយសារ​ថា​ពួកគេ​ធ្លាប់តែ​បានទទួល​ភាពកក់ក្តៅ និង ការ​បបោសអង្អែល​រាល់​រាត្រី នៅពេល​ខ្វះ​ភាពកក់ក្តៅ​បែបនេះ​ច្រើន​ខែ អ្នកខ្លះ​ក៏​មិនអាច​ទ្រាំ​បាន ព្រោះ​មាន​តណ្ហា​ក្រាស់ ដូច្នេះពួកគេ​អាច​រក​វិធី​ដើម្បី​បំពេញ​ចំណង់​របស់ខ្លួន ។ «​ប្រជាប្រិយ​»​គិតថា ភរិយា​របស់លោក​ក៏​អាច​ធ្លាក់​ក្នុង​អន្ទាក់​តណ្ហា​នេះដែរ ។​

«​ប្រជាប្រិយ​»​ប្រហែលជា​មិនបាច់​និយាយ​វែកញែក​អ្វី​ច្រើន​ដែរ ព្រោះថាមនុស្ស​ច្រើន​នាក់​បានឃើញ​ហេតុការណ៍​ដូចគ្នា វា​គ្រប់គ្រាន់​នឹងបញ្ជាក់បាន​ថា​ប្រពន្ធ​លោក​បានធ្វើ​អ្វីខ្លះ ប៉ុន្តែ​«​ប្រជាប្រិយ​»​សូមបញ្ជាក់ ថា ចិត្ត​ស្មោះរប​ស់មនុស្ស​គឺអាច​ប្រែប្រួល​ទៅតាម​កាលៈទេសៈ ដូច្នេះ​ការដែល​មិនមាន​ប្តី​នៅក្បែរ​ច្រើន​ខែ​ក៏​អាច​នាំឱ្យ​ភរិយា​លោក​បែកគំនិត ។ ចំណែក​ប្រការ​ដែល​លោក​និយាយថា​នាង​មាន​រូបរាង​ធាត់​ស្ទើរ​ឱប​មិន​ជុំ ដូច្នេះ​«​ប្រជាប្រិយ​»​ពិបាក​ជឿថា​មាន​ប្រុស​មក​ស្រឡាញ់​នាង​ណាស់ ។ «​ប្រជាប្រិយ​»​យល់ថា ការមើល​តែ​រូបរាង​មិនអាច​នឹង​ដឹង​ដល់​បេះដូង​នោះទេ ។

ជាងនេះទៀត​លោក​គួរ​ដឹងថា បុរស​ភាគច្រើន​ចូលចិត្ត​ដៃគូ​ស្នេហា​ដែលមាន​រូបរាង​ស្រ​ឡូ​ន​ពេល​ពួកគេ​បណ្តើរគ្នា ក៏ប៉ុន្តែ​បុរស​ទាំងនោះ​តែង​ចូលចិត្ត​ដៃគូ​មាន​រូបរាង​ធាត់​ពេល​នៅលើ​គ្រែ ។ បែបនេះហើយ​«​ប្រជាប្រិយ​»​នៅតែ​យល់ថា ភរិយា​របស់លោក​នៅតែ​ជា​មនុស្ស​គួរឱ្យ​សង្ស័យ ។​អ្វីដែល​លោក​គួរតែ​ធ្វើ​នៅពេលនេះ គឺ​ដំបូង​មិនត្រូវ​ខឹងនឹង​អ្នក​ដែល​បានមក​ផ្តល់ដំណឹង​អាក្រក់​នេះ​ដល់​លោក​ទេ ។ បន្ទាប់មក លោក​ត្រូវដាក់​ផែនការ​ច្បាស់លាស់​មួយ​ដើម្បី​តាមដាន​ឱ្យដឹងថា អ្នកភូមិ និង មិត្ត​ជិតស្និទ្ធ​របស់លោក​និយាយ ពិត ឬ មិន​ពិត ។

ផែនការ​ដែល​លោក ត្រូវធ្វើ​គឺ​ការ​លួច​តាមដាន​ស៊ើបការណ៍​សម្ងាត់​ក្នុងអំឡុងពេល​«​លោក​មក​ធ្វើការ​នៅ​ភ្នំពេញ​» ដើម្បី​ចាប់​«​ឆ្មា​លួច​ស៊ី​ត្រីអាំង​» ។​បើ​ទោះ​រកឃើញ​ព័ស្តុតាង​ជាក់ស្តែង និង មាន​សាក្សី​គ្រប់គ្រាន់​ដែល​បញ្ជាក់បាន​ថា ភរិយា​របស់លោក​ពិត​ជា​បាន​ក្បត់​លោក​មែន ពេលនោះ​លោក​មិនត្រូវ​ប្រើ​ហិង្សា​នោះទេ តែ​លោក​ត្រូវ​និយាយ​ម៉ឺងម៉ាត់​ជាមួយ​នាង ដូចជា​ថា «​រវាង​បង និង ប្រុស​ស្នេហ៍​របស់​អូន តើ​អូន​សម្រេច​ជ្រើស​មួយណា ?» «​បង​នឹង​ឈប់​ប្រកាន់​ខឹង​ប្រសិនបើ​អូន​កែប្រែ​គំនិត យើង​នឹង​សាង​សុភមង្គល​ជាថ្មី​» ។​ល​។ យ៉ាងនេះ​ក្តី ដើម្បី​ចៀសវាង​ភាពអាម៉ាស់​ដែល​អាច​នឹង​រីក​រាលដាល​ក្នុងភូមិ ។ ការដោះស្រាយ​បញ្ហា​រវាង​លោក និង ភរិយា គឺ​គួរ​ធ្វើឡើង​ដោយ​ស្ងាត់ៗ និង តាម​សន្តិវិធី ។ សូម​ជូនពរ លោក និង គ្រួសារ​បានទទួល​សំណាងល្អ ៕