ជន​សង្ស័យ​បាញ់​ប្រហារ​លើ​ប៉ូលិស​ក្រុង Philadelphia ត្រូវ​បាន​ចាប់​ខ្លួន

ជន​សង្ស័យ​បាញ់​ប្រហារ​លើ​ប៉ូលិស​ក្រុង Philadelphia ត្រូវ​បាន​ចាប់​ខ្លួន

រូបភាព​នឹង​ថ្កល់​មួយ​បង្ហាញ​ពី​ជន​ប្រដាប់​អាវុធ​ធ្វើ​ការ​បាញ់​ប្រហារ​លើ​រថយន្ត​មន្រ្តី​ប៉ូលិស​នៅ​ក្រុង​ Philadelphia នៅ​ពេល​រំលង​អាធ្រាត​នៅ​នៅ​ថ្ងៃ​ទី០៧ ខែ​មករា ឆ្នាំ​២០១៦។

ជន​ប្រដាប់អាវុធ​ម្នាក់​ ដែល​បាន​ប្តេជ្ញា​ការ​ស្មោះស្ម័គ្រ​ចំពោះ​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម​ បាន​ស្ទាក់​វាយ​ប្រហារ​ប៉ូលិស​ម្នាក់ ​នៅ​ពេល​ប៉ូលិស​នេះ​អង្គុយ​នៅ​ក្នុង​ឡាន​គាត់​នៅ​ក្នុង​ក្រុង​ Philadelphia រដ្ឋ Pennsylvania នា​ប៉ែក​ខាង​កើត​ស.រ.អា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​បាន​បាញ់កាំភ្លើង​ច្រើន​គ្រាប់​ទៅ​លើ​ប៉ូលិស​រូប​នោះ។​

ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា​ ប៉ូលិស​រូប​នោះដែល​ត្រូវ​បាន​បាញ់​បី​គ្រាប់​ចំ​ដៃ​ខាង​ឆ្វេង​បាន​បាញ់​តបត​វិញ ហើយត្រូវ​ចំ​ជន​វាយ​ប្រហារ​អាយុ​៣០ឆ្នាំ​រូប​នោះ ​ដែល​បាន​រត់គេច​ខ្លួន​ តែ​ត្រូវ​ចាប់​បាន​នៅ​ពេល​បន្ទាប់មក។​

ជន​ប្រដាប់​អាវុធ​ជាប់សង្ស័យនោះ ដែល​ត្រូវ​បាន​រាយការណ៍​ថា​ បាន​បាញ់​កាំភ្លើង​យ៉ាង​តិចណាស់​១១​គ្រាប់ បាន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​តាមឈ្មោះ Edward Archer អាយុ​៣០ឆ្នាំ មក​ពី​ក្រុង Philadelphia។​ ជន​នោះ​មាន​ប្រវត្តិ​ធ្លាប់​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​កន្លង​មក។​ គ្មាន​ការ​បញ្ជាក់​ណា​មួយ​ថា​ ឈ្មោះ Archer បាន​ធ្វើ​សកម្មភាព​ជាមួយ​នរណា​ម្នាក់ទៀត​ក្នុង​ការ​វាយ​ប្រហារ​នេះ​ទេ។​ ក្រុមមេដឹកនាំ ឥស្លាមក្នុង​ស្រុក​និយាយ​ថា​ គ្មាន​ការ​បញ្ជាក់ណាមួយ​ថា Archer ជា​អ្នកប្រតិបត្តិសាសនា​ឥស្លាម​ទេ។​

ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា​ Archer បាន​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ី សាអូឌីត​កាល​ពី​ឆ្នាំ២០១១ និង​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប​ក្នុង​ឆ្នាំ២០១២ ហើយ​ថា​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ (FBI) កំពុង​ស៊ើបអង្កេត​អំពី​គោលបំណង​នៃ​ការ​ធ្វើ​ដំណើរ​ទៅទាំង​ពីរ​ប្រទេស​ខាង​លើរបស់​ជន​នោះ។​

ប៉ូលិស​ដែល​បាន​ត្រូវ​រង​ការ​បាញ់​ប្រហារ​នោះ​មានឈ្មោះ​ថា Jesse Harnett អាយុ៣៣ឆ្នាំ។​ គេរំពឹង​ថា​ លោក​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិតទេ ក៏​ប៉ុន្តែ​លោក​នឹង​ត្រូវ​វះកាត់​ច្រើនកន្លែង នេះ​បើ​តាម​ការ​ប្រាប់​ឲ្យដឹង​ពី​សំណាក់​មន្រ្តីប៉ូលិស​កាល​ពី​ថ្ងៃ​សុក្រ៕