ក្រឡាប់ រថយន្តដឹក ជនភៀសខ្លួន នៅភាគខាងលិច តួកគី ស្លាប់អស់០៨ និងរបួស៤២នាក់

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅភាគខាងលិចប្រទេសតួកគី បណ្តាលឲ្យជនភៀសខ្លួន ចំនួន០៨នាក់បាត់បង់ជីវិត និង ៤២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។

គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅក្នុងក្រុង Hayran ក្នុងខេត្ត Balikesir ភាគខាងលិចតួកគី កាលពីព្រឹកថ្ងៃសុក្រ បណ្តាលឲ្យតៃកុងឡាន រថយន្តយន្តក្រុងស្លាប់ និងជនភៀសខ្លួនចំនួន០៧នាក់ ក្រៅពីនេះមានអ្នករងរបួសជាង៤០នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។

យោងតាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា រថយន្តក្រុងមួយគ្រឿង ដែលដឹកជនអន្តោប្រវេសន៍ខុសច្បាប់ ចង់ធ្វើដំណើរឆ្ពោះទៅកោះ Lesbos ប្រទេសក្រិច។

ជុំវិញករណីគ្រោះថ្នាក់ ចរាចរណ៍នេះដែរ មន្ត្រីប៉ូលិសកំពុងធ្វើការស៊ើបអង្កេតនៅឡើយ។

បើតាមការផ្សព្វផ្សាយ ព័ត៌មានដោយអង្គការ ជនភៀសខ្លួនអន្តរជាតិ បានឲ្យដឹងថា មានជនភៀសខ្លួន ប្រមាណជាង ៣.០០០នាក់ ដែលបានរត់ គេចចេញពីសង្រ្គាម កើតឡើនៅស៊ីរី ហើយរកទីមានសុវត្ថិភាព ក្នុងការរស់នៅដែលពួកគេយល់ថា កោះមួយនៅក្នុងប្រទេសក្រិច ជាកន្លែងដ៏សមគួរមួយ ដោយឆ្លងកាត់តួកគី។

សហភាពអឺរ៉ុប បានលើកឡើងអំពីបញ្ហា ជនភៀសខ្លួននេះជាបន្តបន្ទាប់ ដោយបានដឹងថា ជនភៀសខ្លួនជាង៦០០.០០០នាក់ បានមកដល់ដែន កោះនៃប្រទេសក្រិចរួចហើយ គិតនៅក្នុងឆ្នាំ២០១៥កន្លងទៅនេះ៕