សមត្ថកិច្ចចាប់ខ្លួន ទណ្ឌិត ៣នាក់ ពីបទរក្សាទុក និងលក់គ្រឿងញៀន ក្នុងមណ្ឌលអប់រំ កែប្រែម.៣ ត្រពាំងផ្លុង

ត្បូងឃ្មុំ៖ កម្លាំងជំនាញនគរបាល ស្រុកពញាក្រែក ដឹកនាំបញ្ជាដោយលោក ហៀង សុភ័ក្ត្រ ព្រះរាជអាជ្ញា អមសាលាដំបួងខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ១០និង១៣នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ បានចុះសហការជាមួយកម្លាំង មណ្ឌលអប់រំកែប្រែ.ម៣ ត្រពាំងផ្លុង ស្ថិតឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ធ្វើការត្រួតពិនិត្យ និងបង្ក្រាបទណ្ឌិតចំនួន ៣នាក់ ក្នុងបទល្មើស រក្សាទុកចែកចាយគ្រឿងញៀន។

តាមមន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក ជូញដូរ និងចែកចាយនូវ សារធាតុញៀនខុសច្បាប់ របស់ទណ្ឌិតនៅក្នុង មណ្ឌលអប់រំកែប្រែ.ម៣នោះ សមត្ថកិច្ចបានរកឃើញ ម៉្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់ធំ និង០១កញ្ចប់តូច ដែលលាក់ទុកក្រោមកន្ទេល ក្នុងបន្ទប់ឃុំឃាំង។ ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ទណ្ឌិតសង្ស័យចំនួន ០៣នាក់រួមមាន ទី១.ទណ្ឌិតឈ្មោះ ឡឹក គ្រី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃស្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាប់ពន្ធនាគារ ១៦ឆ្នាំ ពីបទរួមគំនិតប្លន់, ទី២.ទណ្ឌិតឈ្មោះ វ៉ា ហេង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រែកហូរ ឃុំព្រែកហូរ ស្រុកតាខ្មៅ ខេត្តកណ្តាល ជាប់ពន្ធនាគារ ១២ឆ្នាំ ពីបទរំលោភសេពសន្ទវៈ, ទី៣.ទណ្ឌិតឈ្មោះ រស់ សាវ៉ាត់ ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិពាមលង្វែក ឃុំកំពង់លួង ស្រុកពញាព្ញ ខេត្តកណ្តាល ជាប់ពន្ធនាគារ ១៧ឆ្នាំពីបទប្លន់។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងជំនាញនគបាល ខេត្តត្បូងឃ្មុំ បានកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី៕

សមត្ថកិច្ចចាប់ខ្លួន ទណ្ឌិត ៣នាក់ ពីបទរក្សាទុក និងលក់គ្រឿងញៀន ក្នុងមណ្ឌលអប់រំ កែប្រែម.៣ ត្រពាំងផ្លុង