វ៉ាន់ ចាន់វ៉េត ជួបជាមួយអ្នកប្រដាល់ជើងថ្មីអ៊ុំ កំសត់

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន Black Cat របស់ SEA-TV យប់​ថ្ងៃទី​១០​មករា​អ្នក​ប្រដាល់​ជើងចាស់​វ៉ាន់ ចាន់​វ៉េ​ត​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ ជើង​ថ្មី​អ៊ុំ កំសត់​ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា​ពីមុនមក​ទេ​ដោយ​តែ​ម្នាក់​ស៊េរី​ចាស់ និង ម្នាក់​ស៊េរី​ថ្មី ។​ចាន់​វ៉េ​ត​ដែល​បន្ទាប់ពី​ស្រុតចុះ​មួយ​ខណៈនោះ​ពេលនេះ​គេ​ហាក់ដូចជា​វ៉ៃ​ បានល្អ​ជាង​មុន​ពិសេស​ការ​វ៉ៃ​របស់គេ​បង្ហាញថា​កម្លាំង​របស់គេ​គ្រប់គ្រាន់​ សម្រាប់​ការ​វ៉ៃ​សម្រុក ៥ ទឹក ។​

​    ​កំសត់​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ចាន់​វ៉េ​ត​ទេ​តែមួយ​រយៈ​នេះ​គេ​ សង្កេតឃើញថា​អ្នក​ប្រដាល់​រូបនេះ​បានធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ច្រើន​ដោយសារ​ តែមាន​អ្នក​ប្រដាល់​ជើងចាស់​មួយចំនួន​ត្រូវ​កំសត់​បង្ក្រាបបាន ។​តាមពិត​ស្នៀត​របស់​អ្នក​ប្រដាល់​រូបនេះ​មិនជា​លើសគេ​ទេ​តែ​កម្លាំង​របស់គេ ​អស្ចារ្យ​ណាស់ ។​

​    ​ពេលនេះ​កំសត់​ត្រូវ​ជួប​ជាមួយ​ចាន់​វ៉េ​ត​ដែលជា​អ្នក​ប្រដាល់​មាន​កម្លាំង ​ល្អ​និង​មានបទពិសោធន៍​ខ្ពស់ មិនដឹងថា​ កំសត់​អាច​យកឈ្នះ​បាន​ឬទេ ? បើ​ឈ្នះ​ចាន់​វ៉េ​ត​ក៏​លំបាក​ដែរ ។​

​    ​ប្រាក់ វិឆ័យ​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សំអាត ផល្លា​របស់​ក្លិប​កុលបុត្រ​កុន​ខ្មែរ​ ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​វិឆ័យ​ជា​អ្នក​ប្រដាល់​ថ្មី​មែន​តែ​គេ​មាន​ឈ្មគ​បោះ​សម្លេង​ខ្លាំង​ គ្រាន់បើ​ដែរ​មិនតែប៉ុណ្ណោះ​មាន​អ្នក​ប្រដាល់​ជើង​ចាស់​ជាច្រើន​ដែល​ត្រូវ​ អ្នក​ប្រដាល់​រូបនេះ​បង្ក្រាបបាន ។ ចំពោះ​ផល្លា​មិនសូវមាន​នរណា​ស្គាល់​នោះទេ​តែបើ​តាម​មន្ត្រី​ផ្គូរ​ផ្គង​នោះ​ ថា​អ្នក​ប្រដាល់​រូបនេះ​មិន​អន់​ឡើយ​គេ​អាចធ្វើ​ឲ្យ​គូប្រកួត​វេទនា​បាន ។​

​     ​ពេលនេះ​អាច​និយាយបានថា​ខ្លាំង​ជួប​ខ្លាំង​ហើយ​មិនដឹងថា​នរណា​មាន​សមត្ថភាព ​ដណ្ដើម​ជ័យជំនះ​នោះទេ​។​មន្ត្រី​បច្ចេកទេស​និយាយថា​សម្រាប់​គូ​នេះ​ទាំង​ អ្នកឈ្នះ ទាំង អ្នកចាញ់​នឹង​វេទនា​ដូចគ្នា​មិនខានឡើយ ។​

​    ​ទេស ឧ​ត្ត​ម​ក្លិប​កងពលតូច​លេខ ៧០​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឈាង ហុង​របស់​សមាគម​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ ចំពោះ​គង់ វុទ្ធី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់ ​អៀម ដា​វុ​ធ​ក្លិ​កងទ័ពជើងទឹក​ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​     ​ចំពោះ​គូប្រកួត​ប្រដាល់​សាកល​អាជីព​វិញ​នោះ​ពេជ្រ សំរិទ្ធ ក្លិប​អា​រុណ​រះ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​វ៉ាន់​ សារ៉ាក់​មកពី​ក្លិប​កុមារ​ទេព​ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៦​គីឡូក្រាម ។​