«ស្បែក​ស ធ្វើ​ឲ្យ​អ្នក​ឈ្នះ» ស្ប៉ត​ដែល​បង្ក​ការ​រើសអើង​នៅ​ថៃ?


នៅក្នុងវីដេអូ ផ្សាយពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយ ឈ្មោះ «Séoul Secret» តារា​សម្ដែង​ស្រី​ម្នាក់​បានអះអាងថា ជោគជ័យដែលទទួលបាន ក្នុងអាជីពរបស់នាង បានមកពីស្បែក​​មាន​ពណ៌​«ស»។ វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​នេះ បាន​បង្ក​ឲ្យផ្ទុះ ជារឿងអាស្រូវ​នៃ​ការរើសអើងមួយ នៅក្នុងប្រទេសថៃ។
«ស្បែក​ស ធ្វើ​ឲ្យ​អ្នក​ឈ្នះ» ស្ប៉ត​ដែល​បង្ក​ការ​រើសអើង​នៅ​ថៃ?

ការប្រៀបធៀបពណ៌ស្បែកសម្បុរ នៅក្នុងស្ប៉តពាណិជ្ជកម្ម នៃផលិតផលឲ្យស្បែក«ស»មួយ នៅប្រទេសថៃ។ (រូបថតផ្តិតពីវីដេអូ)

«ស្បែក"ស" ធ្វើឲ្យអ្នក"ឈ្នះ"» នេះជាពាក្យមួយឃ្លា ដែលគេអាចអានបាន ក្នុងវីដេអូផ្សាយពាណិជ្ជកម្មមួយ នៅប្រទេសថៃ ដើម្បីលក់ថ្នាំគ្រាប់ សម្រាប់លេបឲ្យស្បែក«ប្ដូរពណ៌» របស់ក្រុមហ៊ុន មកពីប្រទេស​កូរ៉េ​ខាង​ត្បូង​មួយ ឈ្មោះ «Séoul Secret»។ វីដេអូនេះ បានបង្កឲ្យផ្ទុះការរិះគន់ដ៏ខ្លាំងក្លាមួយ នៅក្នុងរយៈពេល​ចុង​ក្រោយ​នេះ នៅតាមបណ្ដាញសង្គម រហូតបង្ខំឲ្យក្រុមហ៊ុន ត្រូវដកវីដេអូនេះ ចេញពីប្រព័ន្ធឃោសនា​របស់​ខ្លួន កាលពីថ្ងៃសុក្រ សប្ដាហ៍នេះ។

ផ្នត់គំនិត ដែលបង្កើតភាពរើសអើង!

នៅក្នុងវីដេអូនេះ ដែលត្រូវចុចចូលទៅទស្សនា នៅលើគេហទំព័រ យូធូប ដល់ទៅជាង១០០ ០០០ដងនោះ តារា​សម្ដែងស្រីម្នាក់ បានអួតអាងថា នាងទទួលបានភាពជោគជ័យ ក្នុងអាជីពរបស់នាង ព្រោះនាងមាន​ស្បែក​«ស»។ ហើយដើម្បីឲ្យបានស្បែក«ស» ជាការពិតហើយ គេត្រូវប្រើប្រាស់ក្រែម ដែលលាបធ្វើឲ្យ«ស» ឬលេបថ្នាំដែលជួយឲ្យស្បែក ប្រែក្លាយជា«ស» ដែលជាផ្នត់គំនិតដ៏សម្បើម នៅក្នុងប្រទេសថៃ។

ផ្នត់គំនិតដែលចង់បាន និងឲ្យតម្លៃទៅលើ ស្បែក«ស» មិនមែនមាននៅក្នុងតែប្រទេសថៃទេ។ ប៉ុន្តែនៅក្នុង​តំបន់អាស៊ីអាគ្នេយ៍ មួយភាគធំ ដូចយ៉ាងនៅក្នុងប្រទេសកម្ពុជាជាដើម ក៏ផ្នត់គំនិតនេះ បានស្ថិតនៅក្នុង​ស្រទាប់​មហាជន ជាទូទៅ ជាពិសេសសម្រាប់អ្នកអន្ទ្រើសៗ ដែលមានប្រាក់ មានឥទ្ធិពល និងក្រុម​តារា​សម្ដែង​មួយ​ចំនួននោះដែរ។ ប៉ុន្តែ គេបានភ្លេចគិតថា ប្រសិនជាសង្គមឲ្យតម្លៃ ទៅលើតែក្រុមអ្នកសម្បុរស្បែក ពណ៌​«ស» ចុះចំណែកឯអ្នកមានស្បែកស្រគាំ ឬខ្មៅវិញ នឹងក្លាយជាអ្វី? ការបែងចែករបៀបនេះ ដែលធ្វើឲ្យ​មនុស្ស​ជា​ច្រើន បានសម្ដែងប្រតិកម្មថា វាជាផ្នែកមួយ នៃការប្រកាន់ពណ៌សម្បុរ ហើយកំពុងចាក់ឫស​ជា​បន្ត​បន្ទាប់ ដោយគ្មានវិធានការទប់ស្កាត់។

យុទ្ធសាស្ត្រទាក់ទាញ...

យ៉ាងណាក៏ដោយ ក្រុមហ៊ុន «Seoul Secret» បានប្រកាសនៅក្នុងសេចក្ដីថ្លែងព័ត៌មានរបស់ខ្លួន ចេញផ្សាយ​កាលពីល្ងាចថ្ងៃសុក្រដដែលថា៖ «ក្រុមហ៊ុនរបស់យើង មិនមានចេតនា ក្នុងបញ្ជូនសារបែបរើសអើង និង​ប្រកាន់​ពណ៌​សម្បុរ​នោះ​ឡើយ»។

សម្រាប់ម្ចាស់គេហទំព័រ «thaiwomantalks.com» បានថ្លែងទម្លាក់កំហុសថា ជាការចង់ស្វែងរកផល​ចំណេញ ដែលមិនគិតពីផលប៉ះពាល់។ នាង «Kaewmala» ដែលសរសេរពីបញ្ហាស្ត្រី នៅក្នុងគេហទំព័រមួយនេះ បាន​ថ្លែង​ថា៖ «ក្រុមហ៊ុនផលិតស្ប៉ត ដឹងច្បាស់ណាស់ ពីអ្វីដែលខ្លួនផលិត។ (...) យើងមិនមែនរស់​នៅលើ​ថាន​ព្រះចន្ទ​ទេ។ អញ្ចឹងខ្ញុំប្រាកដក្នុងចិត្តថា ក្រុមហ៊ុនពិតជាដឹងថា នឹងមានផលប៉ះពាល់ ហើយមាន​ប្រតិកម្ម​ត្រឡប់​វិញ តែមើលទៅ ទំនងជាយុទ្ធសាស្ត្រទាក់ទាញមួយ ដើម្បីរកផលចំណេញ ឲ្យបានច្រើនបំផុតសិន បើ​ទោះ​ជា​ការ​ផ្សាយ​នោះ ដែលសម្រាប់ខ្ញុំ វាជារឿងមិនអាចទទួលយកបាន ក៏ដោយ។»

----------------

» វីដេអូស្ប៉តពាណិជ្ជកម្ម បង្ហាញពីភាពខុសគ្នា នៃស្បែកសនិងខ្មៅ៖