យុវសិស្ស ២នាក់ លេងកាំភ្លើង ប្រើហ្គាស ត្រូវនគរបាល ឃាត់ខ្លួន

ភ្នំពេញ៖ យុវសិស្ស២នាក់ រៀននៅសាលាផ្សេងគ្នា ត្រូវនគរបាលឃាត់ខ្លួន ដោយសារយកកាំភ្លើងខ្លី ប្រើហ្គាសទុកក្នុងកាបូបរៀន ហើយត្រូវនាយកសាលាប្រទះ ឃើញរាយការណ៍ប្រាប់នគរបាល កាលពីវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី៩ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុង សាលាអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង ភូមិប៉ប្រកខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា យុវសិស្សដែលត្រូវឃាត់ខ្លួននោះ ទី១ឈ្មោះ តេង ដេវិត អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ និងទី២ឈ្មោះ ទីវ ដារ៉ាត់ អាយុ១៧ឆ្នាំរស់នៅ ផ្ទះលេខ ៣៦ ផ្លូវលេខ៥ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកបានបន្តថា មុនពេលឃាត់ខ្លួន លោកនាយកសាលា អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង បានឃើញយុវសិស្សឈ្មោះ តេង ដេវិត មានកាំភ្លើងខ្លី ដាក់នៅក្នុងកាបូប រួចក៏រាយការណ៍ប្រាប់នគរបាល ភ្លាមៗនោះកម្លាំង របស់បានចុះទៅដល់ ហើយធ្វើឆែកឆេរកាបូបរបស់ តេង ដេវិត ស្រាប់តែប្រទះឃើញ កាំភ្លើងខ្លីមួយដើមម៉ាកប៉េត្រូ ប៉េរីតា ប្រើហ្គាស រួចក៏បាននាំខ្លួន យុវសិស្សខាងលើ មកធ្វើការសាកសួរ ទើបដឹងថា គេបានខ្ចីមិត្តភក្តិ របស់គេឈ្មោះ ទីវ ដារ៉ាត់ មកលេង ក្រោយមកក៏បានហៅឈ្មោះ ទីវ ដារ៉ាត់ ធ្វើការសាកសួរ គេបានសារភាព កាំភ្លើងខាងលើ ជារបស់គេពិតមែន ដែលគេបានទិញមកពី ប្រទេសថៃមកលេងនោះទេ។

បច្ចុប្បន្នយុវសិស្សទាំងពីរ កំពុងធ្វើការសាកសួរ បន្ថែមនៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ៕

យុវសិស្ស ២នាក់ លេងកាំភ្លើង ប្រើហ្គាស ត្រូវនគរបាល ឃាត់ខ្លួន

យុវសិស្ស ២នាក់ លេងកាំភ្លើង ប្រើហ្គាស ត្រូវនគរបាល ឃាត់ខ្លួន

យុវសិស្ស ២នាក់ លេងកាំភ្លើង ប្រើហ្គាស ត្រូវនគរបាល ឃាត់ខ្លួន