សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​ខកខាន​បង្ហាញមុខ​ក្នុង​ពិភព​សិល្បៈ​កុ​ល ដា​វី ត្រូវ​ទស្សនិកជន និង​អ្នក​ក្នុង​ចង្កោម​សិល្បៈ​លើក​ឡើង​ថា មាន​ក្តី​សុខ​ជាមួយ​លោក​សុខ រក្សា ក្នុង​នាម​ជា​គូស្នេហ៍​រហូត​ស្ទើរតែ​ក្លាយជា​ប្តី​ប្រពន្ធ ។ ពេល​នេះ​កុ​ល ដា​វី មិន​ទាន់​លៃលក​រៀប​ពិធី​មង្គលការ​នៅឡើយ ក្រៅ​តែ​ពី​អះអាង​ថា​សុខ រក្សា នៅ​តែ​ស្រឡាញ់​នាង​រហូត​ដល់​ថ្នាក់​ខ្លាច​គេ​បេះ​យក​ទៅ​បាត់​ទៀត​ផង ។

កុ​ល ដា​វី នៅ​តែ​ប្រើ​ជីវិត​រួមរស់​ជាមួយ​លោក​សុខ រក្សា តារាចម្រៀង​មនោសញ្ចេតនា​ដូច​ប្តី​ប្រពន្ធ ។ ទោះជា​យ៉ាងណា​ក្តី ពួក​គេ​នៅ​មិន​ទាន់​ឆ្លង​ដល់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​ទេ ដោយ​លេចឮ​ថា​ពួក​គេ​ចូល​រោងការ​នៅ​ឆ្នាំ​២០១៨​ឯណោះ ។ បែប​នេះ​ហើយ​ទើប​គេ​លើក​ឡើង​ថា ស្នេហា​ពួក​គេ​អាច​នឹង​ប្រែប្រួល​សោះកក្រោះ​ព្រោះតែ​ចំណាយពេល​មើលចិត្ត​គ្នា​យូរ​ខុស​ពី​គូស្នេហ៍​ដទៃ ។

មាន​ពាក្យ​លេច​ឮជា​ច្រើន​លើក​ឡើង​ពី​ភាព​ស្ងាត់ជ្រងំ​រប​ស់កុល ដា​វី ពី​ការងារ​សិល្បៈ​ក្រោយ​សាង​ស្នេហ៍​ផ្អែមល្ហែម​ជាមួយ​លោក​សុខ រក្សា ថា​នាង​ដកខ្លួន​ឲ្យ​ឆ្ងាយ​ពី​សិល្បៈ ទុក​ឱកាស​រឹតចំណង​ស្នេហ៍ ហើយ​មិន​ចង់​ខ្វល់​នឹង​ការងារ​សិល្បៈ​ដែល​បាន​លុយ​កំប៉ិកកំប៉ុក​នោះ​ទេ​។ ប៉ុន្តែ​ស្រស់​ស្រី​កុ​ល ដា​វី ប្រកែក​ថា ស្នេហា​មិនមែន​ជា​ហេតុផល​ដែល​នាំ​ឲ្យ​នាង​ស្ងប់ស្ងាត់​ពី​ការងារ​សិល្បៈ​ទេ ។

ជាមួយ​រូប​សម្រស់​នៅ​តែ​ស្រស់​សោភា ក្នុង​សម្លៀក​បំពាក់​ស្រស់​ឆើត តែ​មិន​សិច​ស៊ី​បញ្ចេញ​ដើមទ្រូង​ដូច​កាលពីមុន​នោះ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កុ​ល ដា​វី ដែល​ឆ្លើយ​តប​នឹង​សំណួរ​អ្នកកាសែត​ស្នើ​សុំ​បញ្ជាក់​រឿង​នាង​ស្ងាត់​ពី​ការងារ សិល្បៈ និង​រឿង​ថា​ត្រៀមខ្លួន​ធ្វើ​កូនក្រមុំ រៀប​ការ​នោះ​ថា មូលហេតុ​ដែល​នាង​មិនសូវ​ចេញ​មុខ​ក្នុង​កម្មវិធី​សិល្បៈ ក៏​ដូច​ជា​តាម​កម្មវិធី ផ្សេង​ៗ មិនមែន​មក​ពី​នាង​មិន​ចង់ ឬ​ជាប់រវល់​ការងារ​រកស៊ី ឬ​ក៏​ដូច​គេ​ចោទ​ថា នាង​លែង​ចង់​សន្សំ​លុយ​ពី​ការងារ​សិល្បៈ​នោះ​ទេ ។
កុ​ល ដា​វី និយាយ​ថា «​វា​មិន​អីុ​ចឹ​ង​ទេ វា​ជា​រឿង​ផ្សេង​ហ្នឹង​ទើបបាន​នាំ​ឲ្យ​ខ្ញុំ​ស្ងាត់​ពី​ការងារ​សិល្បៈ​នោះ​» ។

តារា​សម្តែង​មានកំណើត​ពី​ទឹកដី​ខេត្តបន្ទាយមានជ័យ និង​វិ​វ​ឌ្ឍ​ខ្លួន​ចេញពី​អ្នកបម្រើ​ការ​នៅ​កាស៊ីណូ នាង​កុ​ល ដា​វី អះអាង​ទៀត​ថា «​ទោះជា​យ៉ាងណា​ក្តី ខ្ញុំ​មិន​ដែល​បំភ្លេច​ការងារ​សិល្បៈ ឬ​ក៏​រមិលគុណ​ពី​ការងារ​សិល្បៈ​ទេ ។ វា​ជា​អ្នក​មានគុណ​ទី​ពីរ​បន្ទាប់​ពី​ឪពុក​ម្តាយ ដែល​ជួយ​ជីវិត​ខ្ញុំ​ឲ្យ​អណ្តែត​បាន​ប៉ុណ្ណេះ​» ។

កញ្ញា​កុ​ល ដា​វី ទម្លាយ​ឱ្យ​ដឹង​ដែរ​ថា «​មូលហេតុ​ពិត ផ្ទុយ​ពី​ព័ត៌មាន​លេចឮ​នោះ គឺ​បណ្តាល​មក​ពី​បង សុខ រក្សា មិន​ចង់​ឲ្យ​ខ្ញុំ​ដើរទៅ​ណា​មក​ណា​ឆ្ងាយ​ពី​ផ្ទះ ដោយ​គ្មាន​រូប​គាត់​ទៅ​ជាមួយ​ទេ​» ។

ហេតុផល​ដែល​បង​រក្សា​ធ្វើ​ដូច្នេះ គឺ​មក​ពី​គាត់​ខ្លាច​ខ្ញុំ​ត្រូវ​គេ​ឆក់​យក​ទៅ​បាត់​» ។

ដោយ​ភាព​អំណោយផល​ពី​ធម្មជាតិ​ដ៏​សិច​ស៊ី កែវភ្នែក​ស្រទន់ ការ​បណ្តែត​ខ្លួន​លើ​ជីវិត​សិល្បៈ​រប​ស់កុល ដា​វី នៅ​មុន​ជួប​ស្នេហ៍​ជាមួយ​តារាចម្រៀង និង​តន្ត្រីករ​លោក​សុខ រក្សា នាង​ត្រូវ​មហាជន​កត់​សម្គាល់ថា មាន​ស្នេហ៍​ដោត​ចង្កោម ហើយ​ថា បើ​ទោះជា​ពេល​នេះ មាន​លោក​សុខ រក្សា ដើរ​តាម​ស្អិត​គ្មាន​ឃ្លាត​មួយ​ជំហាន​ក៏​ដោយ ក៏​នៅ​មាន​អ្នក​តាម​សុំ​ស្នេហ៍​នាង​ដែរ ។

កុ​ល ដា​វី និយាយ​ថា «​ពេល​នេះ​ខ្ញុំ​យល់ចិត្ដ​គ្នា​ច្រើន និង​បាន​បង្ហាញ​ពី​ចំណង​ស្នេហ៍​បើកចំហ​ជាមួយ​បង​រក្សា តែ​នៅ​តែ​មាន​បុរស​ក្រៅ​សិល្បៈ តាម​ក្រវែល​សុំ​ឲ្យ​ខ្ញុំ​ចង់​បែក​ពី​បង​សុខ រក្សា ងាក​ទៅ​ទទួល​ស្នេហា​ពី​គេ​វិញ​ម្ដង​ដែរ ។ ចំណុច​នេះ​ដែរ​បង​សុខ រក្សា ឃើញនឹងភ្នែក​ជា​ច្រើន​លើក គាត់​ក៏​ចេះ​តែ​ខ្លាច​ខ្ញុំ​បែកចិត្ត​ពី​គាត់ ទើបបាន​គាត់​មិន​ចង់​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ណា​មក​ណា​តែ​ម្នាក់ឯង​ហ្នឹង​» ។

ទោះជា​យ៉ាងណា​ក្តី កុ​ល ដា​វី អះអាង​ថា នាង​នឹង​មិន​ទន់​ទោរ​តាម​ការ​ព្យាយាម​បំបែក​នោះ​ទេ ហើយ​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយ​សុខ រក្សា ពិតជា​នឹង​លេច​ចេញ​នៅ​ឆ្នាំ​២០១៨ តាម​ការ​គ្រោងទុក ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព