ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ស្ពឺ ៖ មន្ដ្រី​យោធា​មួយ​រូប​មាន​ឋានៈ​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២) បាន​យក​កាំភ្លើងខ្លី​បាញ់​គំរាម​គូ​ជម្លោះ​រឿង​ដីធ្លី ហើយ​បើករថយន្ត​គេចខ្លួន​បាត់ ឯ​សមត្ថកិច្ច​បាន​ត្រឹមតែ​ចុះ​ធ្វើ​កំណត់ហេតុ ។

ប្រភព​ពី​មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ថា ករណី​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​៧ ខែមករា នៅ​ភូមិ​ចំការ​ចេក ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។ មន្ដ្រី​យោធា​ជាន់ខ្ពស់​ដែល​បាញ់​គំរាម​នេះ ឈ្មោះ សៅ សៀ​ប បម្រើ​ការ​នៅ​បន្ទាយ​អា​សេ​អូ ឋានៈ​ជា​មេបញ្ជាការ​រង​កងរថក្រោះ ។ ចំណែក​ភាគី​ម្ខាង​ទៀត​ឈ្មោះ កាំ​ង ប៊ុ​ន​ជី​ង ភេទ​ស្រី មុខរបរ​ជា​អ្នកទិញ​លក់​ដី ។

មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា ដើមហេតុ​នៃ​រឿង​គឺ​ផ្ដើម​ចេញពី​ការ​ដែល​មន្ដ្រី​យោធា​រូប​នេះ បាន​លក់​ដី​ឱ្យ​ស្ដ្រី​ឈ្មោះ កាំ​ង ប៊ុ​ន​ជី​ង ចំនួន​១០​ហិ​កតា (​មិនដឹង​តម្លៃ​) តែ​ក្រោយមក​លោក​ផ្កាយ​២​រូប​នេះ បាន​សុំ​ដូរ​ដី​ឱ្យ​ស្ដ្រី​ខាងលើ​ទៅ​យក​ដី​នៅ​កន្លែង​ផ្សេង ។ ដោយ​មានការ​ស្នើ​សុំ​ប្ដូរ​ពី​សំណាក់​មន្ដ្រី​យោធា​រូប​នេះ ណាមួយ​ដោយ​គិត​ថា​ជា​មនុស្ស​ស្គាល់គ្នា ស្ដ្រី​រូប​នេះ​ក៏​យល់ព្រម ស្រាប់តែ​ពេល​បង្ហាញ​ទីតាំង​ដី​ថ្មី គឺ​ទីនោះ​មាន​ទំហំ​តែ​៦​ហិ​កតា​ប៉ុណ្ណោះ ក៏​កើតជា​ការ​ប្រកែក​តវ៉ា​គ្នា​ទៅ​វិញ​ទៅ​មក ។ នៅ​ថ្ងៃ​កើតហេតុ ភាគី​ទាំង​២​បាន​ទៅ​ជួប​គ្នា​នៅ​ទីនោះ ពេល​ប្រកែក​មិន​ត្រូវ​គ្នា មន្ដ្រី​យោធា​រូប​នេះ​ក៏​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក​បាញ់​ទៅ​លើ​ចំនួន​៣​គ្រាប់ ដើម្បី​គំរាម​គូ​ជម្លោះ រួច​ហើយ​ជិះ​រថយន្ត​គេចខ្លួន​បាត់​ទៅ ។

លោក​ឧត្តមសេនីយ៍ត្រី សោម បូ​រា​៉ ស្នងការ​រង​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា ករណី​នេះ​កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​យា​៉​ង​យកចិត្តទុកដាក់​បំផុត ក្នុង​នោះ​ក៏​មានការ​សហការ​ពីសា​មី​អង្គភាព​ផង​ដែរ ។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​រិះគន់​ថា មិន​គួរ​ណា​គ្រាន់តែ​រឿង​តិចតួច លោក​ផ្កាយ​២​ហ៊ាន​ដក​កាំភ្លើង​បាញ់​គំរាម​គេ​បែប​នេះ​សោះ ។ ករណី​នេះ គួរ​ណាស់​តែ​នាយកដ្ឋាន​អធិការកិច្ច ចាត់​ក្រុមការងារ​ចុះ​មក​សង្កេត​ស្រាវជ្រាវ​ផង កុំ​បណ្តែតបណ្តោយ​ឱ្យ​មន្ត្រី​យោធា​រូប​នេះ​ធ្វើ​អ្វី​តាមតែ​ចិត្ត​នឹកឃើញ ៕​

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព