ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តមណ្ឌលគិរី៖​ ផ្លូវ​គ្រួ​ស​ក្រហម​មួយ​ខ្សែ​ឆ្លង​កាត់​តំបន់​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច​ មាន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ ឆ្លងកាត់​ពី​តំបន់​ភ្នំ​ព្រេច​ ស្រុក​ស្នូល ខេត្តក្រចេះ ​ចូល​មក​ស្រុក​កោះ​ញែក ​ខេត្តមណ្ឌលគិរី​ ត្រូវ​បាន​ក្រុម​ឧកញ៉ា​មួយចំនួន​ដែល​ល្បី​ខាង​រកស៊ី​ឈើ ​ចំណាយ​លុយរាប់​លាន​ដុល្លារ ​ឈូស​ឆាយ​និង​ផ្តួលរំលំ​កាត់​ព្រៃស្តុក​ព្រៃរបោះ​អស់​រាប់​សិប​លាន​ដើម​ ដើម្បី​ប្រមូល​យក​ឈើ​​ពី​ព្រៃ​ក្នុងស្រុក​កោះ​ញែក ​​ខណៈ​អាជ្ញារ​ធរ​ខេត្ត​បាន​ត្រឹម​ឆ្លើយ​ដាក់​គ្នា​។ ​បើតាមប្រជា​សហ​គម​ន៏​ក្នុង​ឃុំ​សុខសាន្ត​ ស្រុក​កោះ​ញែក​ បាន​ឲ្យ​ដឹង​ទៀតថា ​ដើម​ជ័រ​ច្បោះ​និង​ឈើ​ប្រភេទ​សុ​ក្រំ ​ផ្ទឹ​ក ធ្នង់ ​បេង នាងនួន​និង​ប្រភេទ​ឈើ​មាន​តម្លៃ​មួយ​ចំនួន​ទៀត ​ត្រូវ​បាន​ក្រុម​ឈ្មួញ​មក​​ពី​គ្រប់​ច្រកល្ហក​ចូល​កាប់​ឈើ ក្នុង​ដែន​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច ​ដែលស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​ ។ ​​ប្រភព​បាន​បន្ត​ថា ​ក្រោយ​ពី​កាប់​ឈើ​ប្រមូល​ពី​ក្នុង​ព្រៃ​រួច​ គេ​ដឹក​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ដែល​មា​នទី​តាំង​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ ​ដែល​បាន​ទទួល​សិ​ទ្ឋ​វិនិយោគ​ពី​រាជរដ្ឋាភិបាល ​អភិវឌ្ឍ​ន៏​​លើ​ដំនាំ​កសិឧស្សាហកម្ម ​ប៉ុន្តែ​ជាក់ស្តែង ​ការ​សុំ​សិ​ទ្ឋ​វិនិយោគ​ដី​ព្រៃ​សម្បទាន​សេដ្ឋកិច្ចពី​រាជរដ្ឋាភិបាលត្រូវបានប្រជាសហគមន៍អះអាងថា ​គ្រាន់​តែជា​ឡេះ​មួយ ដើម្បី​ឲ្យ​ការ​រកស៊ី​របស់​​ថៅកែ​ឈើ​ល្បីឈ្មោះមួយ​ចំនួន​អាច​ប្រ​ព្រឹ​ត្ត​បទល្មើស​ព្រៃឈើ ​បាន​ដោយ​គ្មាន​ការ​រំខាន​ពី​​សមត្ថកិច្ច​ជំនាញ​ប៉ុណ្ណោះ ។ ទាក់ទងទៅនឹងព័ត៌មានខាងលើ ​នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​លោក​ ​សំ​រ៉​ង់ ឌី​វិចិត្រ ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​ដែល​ទើប​​ឈូស​ឆាយ​រួចរាល់​ថ្មី​នេះ​ គឺជា​ផ្លូវ​ចាស់​លេខ​៧៧ ​ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ឈ្មោះ​ ម៉ាស​ស្ទើ​ខេ​សាន់ ស្នើ​​សុំ​ទៅ​ខាង​ខេត្ត​និង​ក្រសួង ​ដើម្បី​ធ្វើការ​ជុស​ជុល សម្រួលការ​ធ្វើ​ដំណើរ​ ​និង​ការ​ដឹក​ជញ្ជូន​​ផល​អនុ​ផល​ព្រៃឈើផ្សេង​ៗ​ ​ដែល​ក្រុមហ៊ុន​បាន​បង់​ព​ន្ឋ​ជូន​រដ្ឋ​រួច​ ។ ​លោក​បន្ត​ថា ​តំបន់​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច​​មាន​ផ្ទៃដី​សរុប ២២២ ៥០០​ហិច​តា ​លាត​ស​ន្ឋឹ​ង​លើ​ផ្ទៃដី​ស្រុក​​ចំនួន​៤​ក្នុង​ខេត្តមណ្ឌលគិរី ​ដូច​ជា​ស្រុក​កោះ​ញែក ​​កែវ​សីមា ​​ស្រុក​ពេ​ជ្រា​ដា​​ និង​ក្រុង​សែ​មនោ​រម្យ​​។​ក្នុង​នោះ​ក្រុមហ៊ុន​​ដែល​ទទួល​  សិ​ទ្ឋិ​​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម​ពី​​រដ្ឋាភិបាល​បច្ចុប្បន្ន​មាន​ចំនួន​៤ ​ដែល​កាលពីមុន​ក្រុមហ៊ុន​ទាំងអស់​មាន​ចំនួន​៧​ ​តែ​ត្រូវក្រសួងបរិស្ថាន​សម្រេច​ធ្វើការ​លុប​ចោល​ច្បាប់​វិនិយោគ​​អស់​៣​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​។​ ដោយឡែក​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​​តំបន់​ភ្នំ​ព្រេច​ ឃុំ ឃ្សឹ​ម ស្រុកស្នូល ​ខេត្តក្រចេះនោះវិញបាន​និយាយ​ដែរ​ថា ទាំង​យប់​ទាំង​ថ្ងៃ​មាន​រថយន្ត​ប្រភេទ​យី​ឌុ​ប​ ដែល​អាច​ផ្ទុក​ឈើ​​ចំណុះ​ប្រមាណ​ពី​៤០​ទៅ​៦០​ម៉ែត្រគូប ​បាន​សម្រុក​ដឹកឈើ​ចេញពី​ព្រៃ​ខេត្តមណ្ឌលគិរី ។​ ​ព្រោះ​រដូវ​នេះ​ជា​រដូវប្រាំង​និង​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការ​​ដឹក​ជញ្ជូន​ឈើ​គ្រប់​ប្រភេទ​យក​ទៅ​លក់​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​​​ខេត្ត​ត្បូងឃ្មុំ ទោះបី​ក្នុង​ច្បាប់​​បាន​ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​មានការ​ដឹក​ជញ្ជូន​ឈើឆ្លង​ដែន​ខុសច្បាប់​យក​ទៅ​​លក់​នៅ​បរទេស​យ៉ាងណា​ ក៏​សកម្មភាព​ជួញដូរ​ឈើ​សព្វថ្ងៃ​ចេញពី​ខេត្តមណ្ឌលគិរី ​គឺ​មានការ​ឃុបឃិត​គ្នា​​ជា​លក្ខណៈ​ប្រ​ព័​ន្ឋ​ទៅ​ហើយ​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​​តាម​ដងផ្លូវ​ជាតិ​លេខ​៧៦ ​ផ្លូវជាតិ​លេខ​៧ បាន​ត្អូញត្អែរ​ថា ​សព្វថ្ងៃ​ពួក​គាត់​មានការ​ភ័យ​ខ្លាច​ជា​ខ្លាំង​ ព្រោះតែ​រថយន្ត​ដឹកឈើ​​របស់​ក្រុមហ៊ុន​នានា តែង​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់ ​ខ្លះ​ក្រឡាប់​សង្កត់​លើ​ផ្ទះ ​ខ្លះ​បើក​លឿន​បុក​គេឯង ​ខ្លះ​ជ្រុះ​ឈើ​រាយ​ពេញ​ផ្លូវ​…​​។​ជាក់ស្តែង​ណាស់​ផ្លូវជាតិ​លេខ​៧៦​​ពី​ស្រុក​ស្នូល​ខេត្តក្រចេះ និង​ផ្លូវជាតិ​លេខ​៧​ពី​ខេត្តកំពង់ចាម​ដល់​ខេត្តស្ទឹងត្រែង ​បាន​រង​ការ​ខូចខាត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​កន្លែង​ខ្លះ​រថយន្ត​ប្រជាជន​ធម្មតា​ស្ទើរតែ​មិន​អាច​បើកបរ​បាន ​ព្រោះតែ​រថយន្ត​ដឹកឈើ​ដឹក​លើស​​ទម្ងន់​ទ្វេជា​បី​បែប​នេះ​ ។ បច្ចុប្បន្ន​នេះ​ប្រជា​សហ​គ​ម៏​និង​​​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចុង​ផ្លាស់​ស្រុក​កែវ​សីមា និង​ភូមិ​អ​ង្ទ្រ​ង ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ​រួម​ទាំង​ពលរដ្ឋ​នៅ​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ​មានការ​​ងឿងឆ្ងល់​ថា​ ផ្លូវ​មួយ​ខ្សែ​ដែល​គេ​ឈួ​ស​ឆាយ​ឆ្លងកាត់​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ព្រេច​នេះ​ ​ជា​គោល​ការ​ណ៏​​របស់​រដ្ឋាភិបាល រឺ​ក៏​ជា​គោល​ការ​ណ៏​​របស់​ខេត្ត​ដែល​ចង់​អភិវឌ្ឍ​ន៏​ទីនោះ​ ។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​ ​ប្រធាន​មន្ទីរ​សាធារណការ និង​​ដឹក​ជញ្ជូន​ខេត្ត​ លោក​ម៉ៅ ធន​រក្ស បាន​ឲ្យ​ដឹង​ថា ការ​ឈូស​ឆាយ​ផ្លូវ​នៅ​តំបន់​ខាងលើ ​គឺ​ពុំ​មានការ​ពាក់​ព័​ន្ឋ​ជាមួយ​លោក​ឡើយ​ ​ដោយឲ្យសួរ​ទៅ​ខាង​ខេត្ត​វិញ​ ​ព្រោះ​លោក​គ្រប់គ្រង​តែ​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​តែ​ចំនួន​បី​​ខ្សែ​ប៉ុណ្ណោះ​។ ចំណែក​អភិបាលរង​ខេត្តមណ្ឌលគិរី​ ​លោក​ ស្វាយ សំ​អ៊ា​ង​ ​បាន​ឲ្យ​ដឹង​ថា ​​ករណី​នេះ​លោក​មិន​បានដឹង​ទេ​​ ព្រោះ​មិន​បានឃើញ​លិខិត​រដ្ឋបាល ​ដាក់​មក​ខាង​ខេត្ត និង​បាន​ជំរុញ​ឲ្យ​ទៅ​សួរ​​លោក​អភិបាលខេត្ត​តែ​ម្តង​​ ។​ ​អភិបាលខេត្ត​មណ្ឌលគិរី​ ​លោក អេ​ង ប៊ុ​ន​ហៀ​ង ​បាន​មាន​ប្រសា​ស​ន៏​ថា ​កន្លង​មក​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា ​ម៉ាស​ស្ទើ​ខេ​សាន់ ​ដាក់​សំណើ​មក​ខេត្ត​ដើម្បី​ឈូស​ឆាយ​ផ្លូវ ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន​ ​។​ លោក​បាន​បន្ត​ថា ​តែ​ខាង​ខេត្ត​មិន​បាន​សម្រេច​នោះ​ទេ ​ហើយ​ការ​សម្រេច​ឲ្យ​មាន​ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​នេះ​ គឺ​ខាង​ក្រសួង​ដែល​គ្រប់គ្រង​តំបន់​​ព្រៃ​ការពារ​ភ្នំ​ព្រេច​ជា​អ្នក​អនុញ្ញាត​​ ។​ ទាក់ទង​ទៅ​នឹង​ការ​បកស្រាយ​​ខាងលើ​របស់​អាជ្ញាធរ​ខេត្ត ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​​បទល្មើស​ព្រៃឈើ​យល់ឃើញថា ​​ការលើកឡើងរបស់អាជ្ញាធរខេត្តខាងលើនេះគ្រាន់តែជា​ការ​ឆ្លើយ​ដោះសារយករួចខ្លួន​ប៉ុណ្ណោះ ​​ព្រោះ​ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​រហូត​ដល់​​ជាង​៥០​គីឡូម៉ែត្រ​ មិន​អាច​ធ្វើ​មួយ​ខែ​ឬ​ពីរ​ខែ​រួច​ទេ​ ហើយ​ក៏​មិន​អាច​បិទ​បាំង​ពី​ភ្នែក​ច្រមុះ​ របស់​ដៃជើង​ខេត្ត​បាន​ដែរ ​លុះត្រា​មានការ​ពាក់​ព័​ន្ឋ​ណាមួយ​ជា​ពិសេស ​ទើប​ការ​សាងសង់​ផ្លូវ​ដែល​មាន​ទទឹង​៨​ម៉ែត្រ ​ប្រវែង​៥០​ទៅ​៦០​គីឡូម៉ែត្រ ​អាច​ធ្វើ​ដោយ​រលូន​ ។ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​​បាន​លើក​ឡើង​ថា បទល្មើស​ព្រៃឈើ​នៅ​​ខេត្តមណ្ឌលគិរី​ជា​ពិសេស​នៅ​តំបន់​​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច ​នា​ពេល​បច្ចុប្បន្ន ​កំពុង​ក្លាយទៅជា​បទឧក្រិដ្ឋ​កម្ម​ព្រៃឈើ​ ខណៈ​ព្រៃ​នៅ​តំបន់​នោះ​​កំពុង​រង​នូវ​ភាព​វិនាស​គ្មាន​ថ្ងៃ​វិល​វិញ​ ហើយ​សត្វព្រៃ​កម្រ​រាប់​ពាន់​ប្រភេទ ​ក៏​ប្រឈម​ទៅ​នឹង​ការ​ផុត​ពូជ​ផង​ដែរ ​ដោយសារ​តែ​បាត់បង់​ទីជម្រក​។​ ​ទាក់ទិន​នឹង​បញ្ហា​នេះ​ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា ​បើ​នៅ​តែ​បណ្តែតបណ្តោយ​ មិន​ទប់ស្កាត់​ទាន់​ពេល​ទេ ​ព្រៃឈើ​នៅ​កម្ពុជា​នឹង​ក្លាយជា​វាល​រហោឋាន​​ជាក់​ជា​មិន​ខាន​៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព