៩ ថ្ងៃ ប៉ូលិស​ផាកពិន័យ​បាន​ជាង ៥៧៧ លាន​រៀល និង​ត្រួតពិនិត្យ​ម៉ូតូ​ឡាន​ជាង ២៣​ម៉ឺន​គ្រឿង​

ភ្នំពេញ: ​របាយការណ៍​បូកសរុប​លទ្ធផល​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក រយៈពេល ៩ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បង្ហាញថា នៅ​ទូទាំងប្រទេស ប៉ូលិស​ចរាចរណ៍ បាន​ផាកពិន័យ​បាន​ថវិកា​សរុប ៥៧៧.១៣៤.០០០ រៀល ក្នុងនោះ ការផាកពិន័យ​ពី​រថយន្ត បាន​ថវិកា ៣៤១.១៤៣.០០០ រៀល និង​ការផាកពិន័យ​ម៉ូតូ បាន​ថវិកា ២៣៥.៧០៤.០០០ រៀល​។​

​របាយការណ៍​ដដែល បង្ហាញថា រយៈពេល ៩ ថ្ងៃ នៃ​ការត្រួតពិនិត្យ​នូវ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ប៉ូលិស​ចរាចរណ៍​នៅ​ទូទាំងប្រទេស ក៏បាន​រកឃើញ​យានយន្ត ដែល​ចូល​គោលដៅ​ត្រួតពិនិត្យ សុ​រប ២៣១.៧៦៥ គ្រឿង ក្នុងនោះ មាន​ឡាន ៩០.៤៦៤ គ្រឿង និង​ម៉ូតូ ១៤១.៣០១ គ្រឿង​។ ចំណែក​យានយន្ត​ល្មើស មាន​ចំនួន ៥៨.០៣៨ គ្រឿង ដោយមាន​ឡាន ២៥.៧៨១ គ្រឿង និង​ម៉ូតូ ចំនួន ៣២.២៥៧ គ្រឿង​។ ក្នុងចំណោម​យានយន្ត​ដែល​ល្មើស ប៉ូលិស​បាន​អប់រំ ចំនួន ៣១.២៤៣ គ្រឿង និង​ផាកពិន័យ​ចំនួន ២៦.៧៩៥ គ្រឿង​។​

​ជាមួយគ្នា​នោះ របាយការណ៍​ដដែល បង្ហាញថា រយៈពេល ៩ ថ្ងៃ​មកនេះ ប៉ូលិស​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ក៏បាន​ឃាត់ទុក​ម៉ូតូ ចំនួន​សរុប ២៣៦ គ្រឿង​ផងដែរ​។​

​ដោយឡែក ចំពោះ​ការផាកពិន័យ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ ក៏ត្រូវ​បាន​ប៉ូលិស​ធ្វើ​របាយការណ៍​ថា ទទួលបាន​ការផាកពិន័យ​ពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី បាន​ចំនួន ៦៣.៤០០.០០០ រៀល ក្នុងនោះ រួមមាន​ផាក​ពី​រថយន្ត​បាន​ចំនួន ៣៤.៣១០.០០០ រៀល និង​ផាកពិន័យ​ម៉ូតូ បាន​ចំនួន ២៩.០៩០.០០០ រៀល​៕​