សម្តេចនាយក​រដ្ឋមន្ត្រី អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ រៀន​បើកបរ​ឲ្យ​បាន​ត្រឹមត្រូវ ទាំង​ម៉ូតូ និង​ឡាន ហើយ​រៀន​ច្បាប់ និង​គោរព​ច្បាប់​ចរាចរណ៍​គ្រប់ពេល​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១០ ខែមករា ឆ្នាំ​២០១៦ ដែលជា​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ដែល​កំពុង​ចូលរួម​កិច្ចប្រជុំ សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សារ​អំពាវនាវ​ដល់​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ត្រូវ​រៀន​បើកបរ​ឲ្យ​បាន​ត្រឹមត្រូវ ទាំង​ម៉ូតូ និង​ទាំង​ឡាន ជាពិសេស​ពលរដ្ឋ​ទាំងអស់ ត្រូវ​រៀន​ច្បាប់​ចរាចរណ៍ ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​គ្រប់ពេល​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក សម្តេច​ហ៊ុនសែន បាន​លើកឡើងថា "​សូម​ជនរួមជាតិ​ទូទាំង​ប្រទេស រៀន​បើកបរ​អោយបាន​ត្រឹមត្រូវ ទាំង​ម៉ូតូ ឡាន ហើយ​រៀន​ច្បាប់​ចរាចរណ៍ និង​យល់ដឹង​អោយបាន​ច្បាស់លាស់ ព្រមទាំង​បើកបរ​គោរ​ច្បាប់​ចរាចរណ៍​គ្រប់ពេល​។ ពេល​បើកបរ​ម៉ូតូ ត្រូវតែ​ពាក់មួក​សុវត្ថិភាព​។ ពេល​បើកបរ​រថយន្ត ត្រូវតែ​ពាក់​ខ្សែក្រវ៉ាត់​ដាច់ខាត​។ មិន​ត្រូវមាន​មូលហេតុ​ណា ដែលថា មិន​ពាក់​ទេ រួមទាំង​កុមារ​ផងដែរ​។ គោរព​ច្បាប់​ចរាចរណ៍ គឺ​គោរព​ស្រឡាញ់​អាយុជីវិត​ខ្លួន​យើង​ផង និង​ជីវិត​អ្នកដទៃ​ផង​។ កុំអោយ​មានការ​សោកស្តាយ​អោយសោះ​!"​។​

​សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​បន្តថា "​សូម​អរគុណ​ក្មួយៗ​ស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ដែល​បាន​ចូលរួម​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​។ សូម​ពលរដ្ឋ​យកចិត្តទុកដាក់ មិនមែន​គោរព​ច្បាប់ នៅពេល​ដែលមាន​ក្រុមការងារ​ក្មួយៗ ចុះ​ផ្សព្វផ្សាយ​ទេ គឺ​ត្រូវតែ​គោរព​គ្រប់​វិនាទី​ទាំងអស់ នៅពេល​បើកបរ​លើផ្លូវ​ថ្នល់​"៕​