រថយន្ត​ស៊ី​ទែន​បុក​ទួ​រី​ស​ស្លាប់​៦​នាក់ របួសស្រាល​-​ធ្ងន់​៨​នាក់

រថយន្ត​ស៊ី​ទែន​បុក​ទួ​រី​ស​ស្លាប់​៦​នាក់ របួសស្រាល​-​ធ្ងន់​៨​នាក់

ខេត្តពោធិ៍សាត់ ៖ យ៉ាងតិច​មនុស្ស​៥​នាក់​បាន​ស្លាប់​នៅ​នឹក​កន្លែង​កើតហេតុ ម្នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ ៧​នាក់​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​រង​របួសស្រាល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដែល​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ​ជាប់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​៥​ភ្លឺ ថ្ងៃ​ទី​៨ មក​រា ។

លោក​វរសេនីយ៍ទោ រស់ ចំរើន ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត​ដឹក​សាំង និង​រថយន្ត​ទួ​រី​ស​ដឹក​អ្នកដំណើរ ។ រថយន្ត​ដឹក​ស៊ីទែន​សាំង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ក្បាល ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-1988 រីឯ​រថយន្ត​ទួ​រី​ស ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2A-1891 ។

តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​ភ្លឺ​នោះ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ ខណៈនោះ​គេ​ឃើញ​រថយន្ត​ដឹក​សាំង​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ទិស​ដៅ​ពី​លិចទៅ​កើត ។ ពេល​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ក៏​បុក​នឹង​រថយន្ត​ទួ​រី​ស​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​រុញ​ធ្លាក់​ទៅ​ខាងជើង​ផ្លូវ​ទាំង​ពីរ​គ្រឿង​បណ្ដាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ទួ​រី​ស​ស្លាប់​ចំនួន​៥​នាក់ (​ស្រី​ម្នាក់​)​នៅ​នឹង​កន្លែង​កើតហេតុ របួសធ្ងន់​៨​នាក់​(​ស្រី​១​នាក់​) និង​របួសស្រាល​ស្រី​ម្នាក់ ។

បន្ទាប់​ពី​កើតហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត​ដឹក​សាំង​ដែល​ពុំ​មាន​អ្នក​ណា​ស្គាល់ឈ្មោះ​នោះ បាន​រត់គេច​ខ្លួន​បាត់ ។ ចំណែកឯ​អ្នក​រង​របួស​ទាំងអស់​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង រហូត​ដល់​វេលា​ម៉ោង​ប្រហែល​១០​ព្រឹក​បាន​ស្លាប់​ម្នាក់​ទៀត​ដែល​ជា​អ្នកបើកបរ​រថយន្ត សរុប​អ្នក​ស្លាប់​ទាំងអស់​ចំនួន​៦​នាក់ ។ រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ រីឯ​សព​អ្នក​រង​គ្រោះ​ទាំងអស់​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំងអស់​រស់នៅ​ភូមិ​សាលា​លេខ​ប្រាំ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សុទ្ធតែ​ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម ។ ពួក​គាត់​បាន​ជួល​រថយន្ត​ទួ​រី​ស​មួយ​គ្រឿង​ជិះ​គ្នា​១៤​នាក់​ទៅ​កម្សាន្ត​លេង​នៅ​ខេត្តសៀមរាប ។ លុះ​ធ្វើ​ដំណើរ​មក​ដល់​ត្រឹម​ព្រំប្រទល់​ខេត្តពោធិ៍សាត់​-​កំពង់ឆ្នាំង​ក៏​ជួប​គ្រោះ​អកុសល​ដ៏​សែន​រន្ធត់​នេះ​ឡើង ។

នេះ​ជា​សោកនាដកម្ម​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដំបូង​នៅ​ដើមឆ្នាំ​២០១៦ នេះ ៕