ពលរដ្ឋ​ច្រើន​នាក់​នៅ​ស្រុក​រមាស​ហែក​ដាក់​ពាក្យ​ប្តឹង​ចោទ​មន្ត្រី​ពន្ធដារ​ម្នាក់​ស៊ី​ដាច់​ប្រាក់​បង់ពន្ធ​ផ្លូវ​រថយន្ត

ពលរដ្ឋ​ច្រើន​នាក់​នៅ​ស្រុក​រមាស​ហែក​ដាក់​ពាក្យ​ប្តឹង​ចោទ​មន្ត្រី​ពន្ធដារ​ម្នាក់​ស៊ី​ដាច់​ប្រាក់​បង់ពន្ធ​ផ្លូវ​រថយន្ត

ខេត្តស្វាយរៀង ៖ ម្ចាស់​រថយន្ត​ជាង​១០​នាក់ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​សាខា​ពន្ធដារ​ខេត្ត ដោយ​ចោទប្រកាន់​លោក ព្រំ វិសាល អាយុ​៥៤​ឆ្នាំ ជា​មន្ត្រី​ពន្ធដារ​សាខា​ស្រុក​រមាស​ហែក​ថា​យក​ប្រាក់​ថ្លៃ​បង់ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ​២០១៥​ហើយ​មិន​ព្រម​ឲ្យ​ប័ណ្ណ​បង់ពន្ធ​មក​ម្ចាស់​រថយន្ត ដើម្បី​បិទ​នៅ​កញ្ចក់​រថយន្ត បែរជា​ស៊ីដាច់​ប្រាក់​ហើយ​គេច​មិន​ទទួលខុសត្រូវ​។ អ្វី​ដែល​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ក្តៅក្រហាយ​នោះ គឺ​ពេល​បើករថយន្ត​តាម​ដងផ្លូវ​ត្រូវ​សមត្ថកិច្ច​ចាប់​ផាកពិន័យ ហើយ​ប្រសិនបើ​ទៅ​បង់ពន្ធ​ផ្លូវ​សា​ថ្មី​ត្រូវ​មន្ត្រី​ពន្ធដា​ផ​រាក​ពិន័យ​១០០% ដោយ​ចោទ​ថា​មក​បង់ពន្ធ​យឺត​ហួសពេល​កំណត់​ ។

ករណី​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៦ ខែមករា នៅ​សាខា​ពន្ធដារ​ខេត្ត ស្ថិត​ក្នុងភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។ ទាក់ទិន​នឹង​ករណី​ចោទប្រកាន់​មន្ត្រី​ពន្ធដារ​នេះ លោក អុ​ី ជា អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើទាល ឃុំ​ដូង ស្រុក​រមាស​ហែក បាន​ឲ្យ​ដឹង​ថា គាត់​ជា​ម្ចាស់​រថយន្ត​ម៉ាក Kia Frontier ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង 3A 1286 បាន​ប្តឹង​លោក ព្រំ វិសាល ជា​មន្ត្រី​ពន្ធដារ​សាខា​ស្រុក​រមាស​ហែក មាន​ទីលំនៅ​ភូមិ​ម្រះព្រៅ ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត ។ មូលហេតុ បាន​បោក​យក​ប្រាក់​គាត់​អស់​ចំនួន​២៧០.០០០​រៀល ជា​ប្រាក់​បង់ពន្ធ​ផ្លូវ ដែល​លោក ព្រំ វិសាល បាន​មក​យក​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ ដោយ​សន្យា​ថា​យក​ប័ណ្ណ​បង់ពន្ធ​រថយន្ត​មក​ឲ្យ​នៅ​ពេល​ក្រោយ​។ ប៉ុន្តែ រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ខែធ្នូ ២០១៥ មិនឃើញ​យក​ប័ណ្ណ​ពន្ធ​ផ្លូវ​រថយន្ត​មក​បិទ​រថយន្ត​ទើប​ពួក​គាត់​នាំ​គ្នា​មក​ប្តឹង ។ ចំណែក​លោក ព្រំ ថា អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​ទួល ឃុំ​ដូង មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ផ្លា​ក​លេខ កំពង់ចាម 3A 3123 បង់ប្រាក់​អស់​១១០.០០០​រៀល ។ លោក ព្រំ​សា​រិ​ន  អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ព្រៃ​ទួល ឃុំ​ដូង មាន​រថយន្ត​ម៉ាក​ម៉ៃ​ស៊ី​ធូ ពាក់​ផ្លា​ក​លេខ​3E-2752 បាន​បង់ប្រាក់​អស់​២​សែន​រៀល ។

លោក គង់ ទូច អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក មាន​រថយន្ត​៤​គ្រឿង គឺ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង 3A-2879 ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង 3A-1197 ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង 3A-0770  និង​ម៉ាក​តូ​យ៉ូ​តា​កាម​រី ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2Y-3480 បាន​បង់ពន្ធ​ឲ្យ​ឈ្មោះ​ព្រំ វិសាល នៅ​ក្នុង​ខែតុលា ឆ្នាំ​២០១៥ ចំនួន់​សរុប​២.២៥០.០០០​រៀល ។ រីឯ​ម្ចាស់​រថយន្ត​៨​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​លោក ព្រំ វិសាល យក​ប្រាក់​បង់ពន្ធ​ផ្លូវ​ស៊ីដាច់ មិន​យក​ប័ណ្ណ​បង់ពន្ធ​មក​ឲ្យ​ម្ចាស់​រថយន្ត​ឡើយ ។

ទាក់ទិន​នឹង​ករណី​ចោទប្រកាន់​នេះ លោក ឥន ទឹម ប្រធាន​សាខា​ពន្ធដារ​ខេត្ត បាន​ទទួលស្គាល់​ថា ឈ្មោះ ព្រំ វិសាល មិន​បាន​យក​ប្រាក់​មក​បង់ពន្ធ​ដើម្បី​យក​ប័ណ្ណ​បង់ពន្ធ​រថយន្ត​ដូច​ការ​ដាក់​ពាក្យបណ្តឹង​របស់​ម្ចាស់​រថយន្ត​ទេ​ដូច្នេះ​លោក​នឹង​កោះហៅ​ឈ្មោះ ព្រំ វិសាល មក​សាកសួរ​និង​ដោះស្រាយ ។ រីឯ​ម្ចាស់​រថយន្ត​ទាំងអស់ សំណូមពរ​ឲ្យ​លោក​ប្រធាន​សាខា​ពន្ធដារ​ខេត្ត ដោះស្រាយ​ឲ្យ​បាន​លឿន ជា​ពិសេស​ត្រូវ​ផ្តល់​ប័ណ្ណ​បង់ពន្ធ​ផ្លូវ​ឲ្យ​ពួក​គាត់ ដើម្បី​ការពារ​កុំ​ឲ្យ​សមត្ថកិច្ច​តាម​ដងផ្លូវ​ចាប់​ផាកពិន័យ ។ ជាមួយ​នេះ សូមកុំ​ផាកពិន័យ​ដោយ​ចោទ​ថា​បង់ពន្ធ​យឺតយ៉ាវ ពីព្រោះ​ពួក​គាត់​បាន​បង់ប្រាក់​រួច​អស់ហើយ ក៏​ប៉ុន្តែ​មន្ត្រី​ពន្ធដារ​បាន​ស៊ីដាច់​ដូច្នេះ​លោក​ប្រធាន​សាខា​ពន្ធដារ​ត្រូវ​តែ​ទទួលខុសត្រូវ​លើ​មន្ត្រី​របស់​ខ្លួន ៕