ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​ស្ទាបស្ទង់​ដោយ​សមាគម​វិនិយោគិន​បរទេស​ផ្នែក​អចលនទ្រព្យ​ឲ្យ​ដឹង​ថា វិនិយោគិន​បរទេស​ជា​ច្រើន​នឹង​មក​បោះទុន​ច្រើន​ជាង​មុន​ក្នុង​វិស័យ​អចលនទ្រព្យ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៦​នេះ បើ​ធៀប​នឹង​ទំហំ​មូលធនវិនិយោគ​នៅ​ឆ្នាំ​២០១៥ ។

តាម​ការ​ស្ទាបស្ទង់​ប្រចាំឆ្នាំ​លើក​ទី​២៤ របស់​ក្រុមហ៊ុន AFIRE បង្ហាញ​ថា ៦៤%​នៃ​អ្នកឆ្លើយ​តប​នឹង​ការ​វិនិយោគ​ផ្នែក​នេះ​និយាយ​ថា ពួក​គេ​ប្តេ​ជា្ញ​ធ្វើ​ឲ្យ​មាន​កម្រិត​សម​ល្មម ឬ​បង្កើន​ការ​វិនិយោគ​ធំ​ៗ​ក្នុង​វិស័យ​អចលនទ្រព្យ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​២០១៦ ខណៈ​៣១%​ទៀត​រំពឹង​ថា នឹង​រក្សា​នូវ​ការ​កាន់កាប់​ភាគហ៊ុន​របស់​ពួក​គេ ឬ​ក៏​វិនិយោគ​ឡើង​វិញ​លើ​ប្រាក់​ចំណូល​នៃ​ការ​លក់​ក្នុង​ទ្រព្យសកម្ម​របស់​សហរដ្ឋអាមេរិក​ដទៃ​ទៀត ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អា​មេ​រិ​ក AFIRE លោក Jim Fetgatter ដែល​ជា​សមាជិក​កាន់កាប់​ភាគហ៊ុន​ប្រមាណ​ជា​២​ទ្រី​លាន​ដុល្លារ​ក្នុង​ផ្នែក​អចលនទ្រព្យ​នៅ​លើ​ពិភពលោក បាន​ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ​ថា ៖ « នេះ​គឺជា​ការ​ឆ្លើយ​តប​ខ្លាំងក្លា​បំផុត ។ ការ​បង្អង់​ល្បឿន​កំណើន​នៃ​សេដ្ឋកិច្ច​ចិន​, ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​របស់​ប្រេ​ស៊ី​ល និង​វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​អឺរ៉ុប គឺជា​ការ​សង្កត់ធ្ងន់​ចំពោះ​វិនិយោគិន​បរទេស ដែល​សហរដ្ឋអាមេរិក​បច្ចុប្បន្ន ពិតជា​ទីកន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ពួក​គេ​ត្រូវ​ទៅ » ។

យោង​តាម​ក្រុមហ៊ុន Real Capital Analytics Inc ឱ្យ​ដឹង​ថា ការ​ទិញ​អចលនទ្រព្យ​សហរដ្ឋអាមេរិក​ពី​បរទេស បាន​កើនឡើង​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​កើនឡើង​៨៧,៣​ប៊ី​លាន​ដុល្លារ​នៃ​ការ​បិទ​បញ្ចប់​ជំនួញ​នេះ​កាលពី​ឆ្នាំ​មុន ធៀប​នឹង​បរិមាណ​តិច​ជាង​៥​ប៊ី​លាន​ដុល្លារ​ដែល​សម្រេច​បាន​កាលពី​ឆ្នាំ​២០០៩ ទៅ​ទៀត ។ ទិន្នន័យ​មូលធន​អចលន​ទ្រព្យ​បង្ហាញ​ថា វិនិយោគិន​ពី​ប្រទេស​កា​ណា​ដា អាស៊ី អឺរ៉ុប និង​អូស្ត្រាលី បាន​ទិញ​ភាគហ៊ុន​ជា​ច្រើន​នៅ​ក្នុង​អគារ​ការិយាល័យ​ខ្ពស់​ៗ ឃ្លាំង​ស្តុក​ទំនិញ អគារ​ខុន​ដូ ផ្សារ​ទំនើប និង​សណ្ឋាគារ ដោយ​គេ​បាន​សិក្សា​ឃើញ​ពី​ការ​នាំ​មក​នូវ​គុណប្រយោជន៍​ច្រើន​ជាង​មុន គឺ​ប្រមាណ​ជា​២៣,៥​ប៊ី​លាន​ដុល្លារ ឬ​ស្មើនឹង​២៧% នៃ​ការ​ទិញ​ក្នុង​ឆ្នាំ​២០១៥។

សហរដ្ឋអាមេរិក ក៏​ជាប់​លំដាប់​ទី​១​ផង​ដែរ​សម្រាប់​បណ្តា​ប្រទេស​នានា ជាមួយនឹង​កាលានុវត្តភាព​ល្អ​បំផុត​ចំពោះ​ការ​កើនឡើង​នៃ​តម្លៃ​ក្នុង​ឆ្នាំ​២០១៦ តាម​ពីក្រោយ​ដោយ​ប្រទេស​ប្រេ​ស៊ី​ល អេ​ស្ប៉ា​ញ អៀរ​ឡង់ និង​អង់គ្លេស ។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​របស់​ក្រុមហ៊ុន AFIRE​។

ជាង​នេះ​ទៅ​ទៀត ក្នុង​ទិន្នន័យ​ដែល​គេ​បាន​ស្ទាបស្ទង់​នោះ​ឃើញ​ថា ក្រុង​ឡុ​ង​ដ៍ និង​ឡូ​ស​អេ​ន​ជឺ​ឡេ​ស បាន​ជាប់​លំដាប់​ទី​២ និង​ទី​៣ ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​បំផុត​ក្នុង​ការ​វិនិយោគ​ផ្នែក​អចលនទ្រព្យ ។ ចំណែក​ទីក្រុង​ប៊ែ​រ​ឡាំង​បាន​ឡើង​បី​ចំណាត់ថ្នាក់​ឯណោះ រហូត​មក​ដល់​លេខ​៤ ហើយ​វា​ក៏​ជា​ឆ្នាំ​ទី​១​ដែរ ដែល​ទីក្រុង​ប្រទេស​អា​ល្លឺ​ម៉​ង់​នេះ​សម្រេច​បាន​ក្នុង​លំដាប់​ទី​៥ ។ រីឯ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង បាន​ស្មើគ្នា​ជាមួយ​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ក្នុង​លេខ​រៀង​ទី​៥ ។

ផ្អែក​តាម​ការ​ស្ទង់​មតិ​នៅ​សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា អចលនទ្រព្យ​បម្រើ​ឲ្យ​វិស័យ​ឧស្សាហកម្ម និង​ពហុ​គ្រួសារ គឺជា​ប្រភេទ​អចលនទ្រព្យ​ដែល​គេ​ចូល​ចិត្ត​ជាងគេ​នៅ​ក្នុង​អំឡុង​ឆ្នាំ​ទី​២​នេះ ខណៈ​ការ​លក់រាយ​បាន​ប្រែប្រួល​ពី​លំដាប់​លេខ​៤ មក​លេខ​៣​វិញ ។ ការិយាល័យ​បាន​ធ្លាក់​ចុះ​ពី​លេខ​៣ មក​ចំណាត់ថ្នាក់​លេខ​៤ ។ ដោយឡែក ផ្នែក​សណ្ឋាគារ​នៅ​តែ​ជាប់​លំដាប់​លេខ​៥ ដដែល ។

លោក Jim Fetgatter បាន​មាន​ប្រសាសន៍ថា ៖ « ច្បាប់​ថ្មី​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ដំណើរការ​វិនិយោគ និង​បើក​នូវ​ឱកាស​ច្រើន​សម្រាប់​ការ​ធ្វើ​រចនាសម្ព័ន្ធ​ជំនួញ​របស់​ពួក​គេ​ក្នុង​មធ្យោបាយ​ខុស​ៗ​គ្នា » ៕​

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព