ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ថៃ ៖ លោក​ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បាន​អះអាង​ជា​ថ្មី​ម្តងទៀត​ថា ៖ « គម្រោង​លំនៅ​ឋាន Pracharat Housing សម្រាប់​អ្នករក​ចំណូល​បាន​កម្រិត​ទាប នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៦​នេះ » ។

លោក​បាន​ថ្លែង​ថា ៖ « មាន​កញ្ចប់​ថវិកា​ពី​ក្រសួង​អភិវឌ្ឍន៍​សង្គម និង​សន្តិសុខ​ពលរដ្ឋ ក្នុង​រង្វង់​១,៤​ប៊ី​លាន​បាត​រួច​ស្រេច​ហើយ ដែល​នឹង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ផ្តល់​មូលនិធិ​នៃ​គម្រោង​ដើម ។ ប៉ុន្តែ​យើង​នៅ​តែ​ពិចារណា​អំពី​ទីតាំង​ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ឋាន ក៏​ដូច​ជា​គម្រោង​ទាំងនេះ​នៅឡើយ ។ គម្រោង​នេះ​នឹង​ត្រូវ​បាន​ចាប់ផ្តើម​ដំណើរការ​ពិតប្រាកដ​ក្នុង​រយៈពេល​២​ទៅ​ ៣​ខែ​ក្រោយ ឬ​មិន​ឲ្យ​អូស​បន្លាយ​ដល់​ខែឧសភា ឡើយ » ។

ចំណែក​ក្រសួង​ ហិរញ្ញវត្ថុ​បាន​ពិភាក្សា​អំពី​វិធានការ​ជាមួយ​ប្រតិបត្តិ​ករ​ឯកជន​ ចាប់តាំងពី​ខែតុលា ដែល​ពាក់ព័ន្ធ​នឹង​តម្លៃ​ផ្ទះ​មិន​ឲ្យ​លើស​ពី​៦០​ម៉ឺន​បាត (១៦.៥០០​ដុល្លារ​) សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​សរុប​តិច​ជាង​១៥.០០០​បាត (៤១៤​ដុល្លារ​) ក្នុង​មួយ​ខែ ។

រដ្ឋាភិបាល​នឹង​ជ្រើសរើស​ដី​ក្បែរ​ សហគមន៍​និង​បណ្តាញ​ផ្លូវ​ដឹក​ជញ្ជូន​សាធារណៈ​សម្រាប់​គម្រោង​លំនៅ​ឋាន​នេះ ហើយ​ផ្ទះ​ទាំងនោះ​នឹង​ជួល​ក្នុង​រយៈពេល​៩៩​ឆ្នាំ ។
លោក Prawit Wongsuwan ថ្លែង​ទៀត​ថា ៖ « ទីតាំង​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​គម្រោង​ដើម គឺ​ស្ថិត​នៅ​ក្បែរ​តំបន់ Klong Lat Phrao ក្នុង​សង្កាត់ Din Daeng និង Klong Prem Pracha ដែល​នឹង​ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ​ភាគ​ខ្លះ ដោយ​អាជ្ញាធរ​លំនៅ​ឋាន​ជាតិ ខណៈ​ពាក់ព័ន្ធ​នឹង​វិស័យ​ឯកជន និង​ស្រប​តាម​ការ​ស្ម័គ្រចិត្ត និង​សមត្ថភាព​របស់​ពួក​គេ » ។

អ្នកតំណាង ​មក​ពី​សមាគម​ខុន​ដូ សមាគម​អចលនទ្រព្យ និង​សមាគម​ពាណិជ្ជកម្ម​លំនៅ​ឋាន ថៃ បាន​និយាយ​ក្នុង​កិច្ចប្រជុំ​សមាជិក​ថា ពួក​គេ​បាន​ស្ម័គ្រចិត្ត​ក្នុង​ការ​សាងសង់​លំនៅ​ឋាន​ទាំងនោះ ។ ចំណែក​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​ចំនួន​អាច​ផ្តល់​ដី​សម្រាប់​គម្រោង​ នេះ​ទៀត​ផង ។

ក្រសួង​ហិរញ្ញវត្ថុ​កំពុង​តែ​ផ្តល់​នូវ​ការ​លើកទឹកចិត្ត ​ពន្ធ​មួយ​ចំនួន​សម្រាប់​ប្រតិបត្តិ​ករ​ឯកជន ដែល​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​គម្រោង​នេះ ខណៈ​គោលការណ៍​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ងាក​ទៅ​រក​ការ​មិន​ស្វែងរក​ប្រាក់​ចំណេញ និង​កម្មវិធី​នានា​ស្តី​ពី​ទំនួល​ខុស​ត្រូវ​សង្គម និង​សាជីវកម្ម ។ ទោះជា​យ៉ាងណា ពុំ​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ពីលើ​នេះ​ឡើយ ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ទាក់ទិន​នឹង​ការ​លើកទឹកចិត្ត ឬ​ការ​បង្កើត​នូវ​មូលនិធិ​សហគ្រាស​សង្គម​ដើម្បី​ជួយ​ផ្តល់​ជា​មូលនិធិ​ដល់​ គម្រោង​នេះ ។

ធនាគារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ដែល​គេ​ស្គាល់​ថា Krungthai Bank ធនាគារ Government Savings Bank  និង Government Housing Bank នឹង​បោះ​ជំហាន​ចូល​ក្នុង​ការ​ជួយ​ដល់​អ្នកមាន​ចំណូល​ទាប​ដើម្បី​ទទួល​បាន​ នូវ​កម្ចី​ដោយ​មាន​របស់​បញ្ចាំ​បំណុល ៕​

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព