ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖  បច្ចុប្បន្ន​នេះ អគារ​ការិយាល័យ​កម្រិត​បង្គួរ ឬ​ហៅ​ថា កម្រិត B កំពុង​តែ​មាន​តម្រូវការ​គួរ​ឱ្យ​កត់សម្គាល់​ពី​ម្ចាស់​ក្រុមហ៊ុន សហគ្រាស សម្រាប់​ធ្វើ​ជា​ការិយាល័យ​ក្រុមហ៊ុន ខណៈ​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​មុន​នេះ តម្រូវការ​អគារ​ការិយាល័យ​កម្រិត​នេះ នៅ​មិន​ទាន់​មានការ​គាំទ្រ ឬ​ជួល​ពី​សំណាក់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស​ច្រើន​នៅឡើយ​ទេ គឺ​មាន​តិចតួច​ប៉ុណ្ណោះ ។

អគ្គ​នាយ​ក្រុមហ៊ុន​អចលនទ្រព្យ Century 21  Mekong លោក ច្រឹ​ក សុខ​នី​ម បាន​មាន​ប្រសាសន៍​ថា ៖ « ពេល​បច្ចុប្បន្ន និង​នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​មកនេះ ការ​ផ្គត់ផ្គង់ និង​តម្រូវការ​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ ហើយ​អគារ​ការិយាល័យ​កម្រិត B ភាគច្រើន​មាន​អ្នកគាំទ្រ​ច្រើន​ជាង​កម្រិត C និង A ។ បើ​យើង​ប្រមើល​មើល​Ofice​កម្រិត B ហ្នឹង ភាគច្រើន​សម្បូរ​ភ្ញៀវ​ជួល​ច្រើន​ជាង​ប្រភេទ​ផ្សេង​ៗ​ទៀត ហើយ Office ប្រភេទ C ក៏​បាន​រៀបចំ​ឱ្យ​ក្លាយទៅជា​កម្រិត A ផង​ដែរ ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​នា​ពេល​បច្ចុប្បន្ន​នៅ​លើ​ទីផ្សារ » ។

លោក ​បន្ត​ទៀត​ថា ៖ « ស្ថានភាព​នៃ​អគារ​ការិយាល័យ​សព្វថ្ងៃ​នេះ អគារ​ការិយាល័យ​កម្រិត A ការ​ផ្គត់ផ្គង់​មាន​ច្រើន​ជាង​តម្រូវការ តែ​សម្រាប់​អគារ​ការិយាល័យ​កម្រិត B ការ​ផ្គត់ផ្គង់​មិន​ទាន់​បំពេញ​ទៅ​តាម​តម្រូវការ​នៅឡើយ​ទេ មាន​ន័យ​ថា មាន​តម្រូវការ​ច្រើន​ជាង​ការ​ផ្គត់ផ្គង់ ។ នៅ​ពេល​បច្ចុប្បន្ន​នេះ អគារ​ការិយាល័យ​កម្រិត B មាន​ជួល​ផ្ទះល្វែង ឬ​វីឡា​នៅ​ដាច់​ពី​គេ​ដើម្បី​ធ្វើ​ជា​ការិយាល័យ តែ​នៅ​ពេល​ខាង​មុខ ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​កម្រិត​នេះ​នឹង​មាន​ច្រើន​ឡើង​វិញ ដោយសារ​ការ​ផ្លាស់​ប្តូរ​ពី​ការ​ជួល​ផ្ទះ​វីឡា ឬ​ផ្ទះល្វែង​ធ្វើ​ជា​ការិយាល័យ ព្រោះ​ការ​ជួល​ផ្ទះ​វីឡា ឬ​ផ្ទះល្វែង ធ្វើ​ជា​ការិយាល័យ​នេះ​អាច​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន ជា​ពិសេស ត្រូវ​ចំណាយ​ច្រើន​ការ​ជួល​នៅ​ក្នុង​មជ្ឈមណ្ឌល​ការិយាល័យ » ។

លោក​ បញ្ជាក់​ដែរ​ថា ៖ « ឥឡូវនេះ ម្ចាស់​ក្រុមហ៊ុន សហគ្រាស ដែល​ជួល​ការិយាល័យ​នៅ​ក្នុង​មជ្ឈមណ្ឌល​ការិយាល័យ ឬ​អគារ​ការិយាល័យ​មាន​ទាំង​ខ្មែរ និង​បរទេស តែ​ក្នុង​នោះ​ខ្មែរ​មាន​ប្រមាណ​៧០% ហើយ​បរទេស​មាន​៣០%​។ ការ​ជួល​ការិយាល័យ​នៅ​ក្នុង​អគារ​ការិយាល័យ​មាន​ភាព​ងាយស្រួល​ជា​ច្រើន​ដូច​ ជា មាន​សុវត្ថិភាព មាន​សន្តិសុខ​យាមកាម​ត្រឹមត្រូវ មាន​កន្លែង​ចត​យានយន្ត មាន​អ្នក​សម្អាត និង​ជា​កន្លែង​ងាយស្រួល​សម្រាប់​ជួប​អតិថិជន ព្រោះ​អតិថិជន​ស្គាល់​ច្បាស់​ពី​ទីតាំង​នៃ​អគារ​ការិយាល័យ​នីមួយ​ៗ » ។

ចំណែក ​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​អេ​ស៊ា រៀល​អីុ​ស្ទេ​ត លោក ប៉ូ អ៊ា​វ​គង់ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ « ការិយាល័យ​ជួល​នៅ​តាម​អគារ​ការិយាល័យ​នានា​នៅ​ពេល​នេះ​ហាក់ដូចជា​មាន​ តម្រូវការ​ច្រើន ជា​ពិសេស អគារ​ធំ​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​អ្នក​ជួល​ច្រើន » ។

លោក​បន្ត​ថា ៖ « អ្នក​ជួល​អគារ​ការិយាល័យ​បាន​គិតគូរ និង​យល់​ដឹង​កាន់តែ​ច្រើន​ពី​ការ​ជួល​អគារ​ការិយាល័យ​ស្ដង់ដា​នៅ​អគារ​ដែល​ មាន​ទីតាំង​ល្អ មាន​ចំណត​យានយន្ត និង​សុវត្ថិភាព​ខ្ពស់ ជា​ពិសេស គឺជា​កន្លែង​ដែល​ងាយស្រួល​ដល់​អតិថិជន » ។

លោក ប៉ូ អ៊ា​វ​គង់ ក៏​បាន​បញ្ជាក់​ពី​តម្លៃ​នៃ​អគារ​ការិយាល័យ​ក្នុង​កម្រិត​នីមួយ​ៗ​ថា ៖ « អគារ​ការិយាល័យ​ក​កម្រិត A មាន​តម្លៃ​ចន្លោះ​ពី​២៥​ដុល្លារ ទៅ​៣០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ​, កម្រិត B មាន​តម្លៃ​ជុំវិញ​១០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​អគារ​ការិយាល័យ​កម្រិត C មាន​តម្លៃ​នៅ​ក្រោម​១០​ដុល្លារ អាច​ពី​៥ ទៅ​១០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ » ។

គួរ​បញ្ជាក់​ ដែរ​ថា ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​ជួល​ជា Office នឹង​កើត​ឡើងជា​បន្តបន្ទាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ តែ​ភាគច្រើន​នៃ​គម្រោង​នេះ គឺជា​អគារ​ការិយាល័យ​កម្រិត A- ឬ A+ ដោយ​អភិវឌ្ឍន៍​នៅ​ជាប់​ជាមួយនឹង​អគារ​ស្នាក់​នៅ​រួម សណ្ឋាគារ និង​ផ្សារ​ទំនើប ជាដើម ដែល​វា​កាន់តែ​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​អាជីវកម្ម​រវាង​គ្នា និង​គ្នា ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព