រាជរដ្ឋាភិបាល ប្រកាសថា ម៉ូតូឡាន ដែលទិញច្រើនដំណ មិនចាំបាច់កាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិទេ

ភ្នំពេញ: ​រាជរដ្ឋាភិបាល ទើបតែ​សម្រេច​ជាថ្មី​ថា ម៉ូតូ​ឡាន មិនចាំបាច់​កាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិ​ទេ គឺ​រាជរដ្ឋាភិបាល សម្រេច​ទទួលស្គាល់​ការកាន់កាប់​ជាក់ស្តែង​នូវ​យានយន្ត​គ្រប់​ប្រភេទ​។ ការបញ្ជាក់នោះ បានធ្វើឡើងតាមរយៈសេចក្តីប្រកាស​របស់សម្តេច​ហ៊ុន​សែន ផង និងសេចក្តីជូនដំណឹង​របស់គណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកផង។​

ការបញ្ជាក់​ចុងក្រោយ​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុនសែន និងរាជរដ្ឋាភិបាល ខាងលើនេះ ដើម្បី​បង្ក​ភាពងាយស្រួល​ថែមទៀត ដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ម៉ូតូ និង​ឡាន​។ នោះ​គឺ​សម្តេច​ហ៊ុនសែន បានប្រកាសថា សម្រាប់​យានយន្ត ដែល​បាន​បង់​ពន្ធ និង​មាន​ផ្លាកលេខ ( ស្លាក​លេខ ) គ្រប់គ្រាន់​ហើយ មិនមាន​ការចាំបាច់​ត្រូវ​ផ្ទេរ​ឈ្មោះ ឬ​ធ្វើ​លេខ​ថ្មី​ទេ​។​

​បន្ថែម​លើ​សេចក្តីជូនដំណឹង ស្តីពី ការផ្ទេរកម្មសិទ្ធិ​យានយន្ត ដែល​ចេញ​ដោយ​សម្តេច​សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​៩ ខែមករា ឆ្នាំ​២០១៦ សម្តេច​ហ៊ុនសែន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា "​ចំណុច​ដែល​សួរ​មកនេះ បានរួម​ចំណែក​ដោះស្រាយ​នូវ​បញ្ហា​មិន​ច្បាស់ រវាង​ខ្លឹមសារ​ខាងដើម និង​ខ្លឹមសារ​ចុងក្រោយ​។ គោលបំណង​មិនមែន​ផ្ទេរ​ពី​ម្ចាស់​មុន​មក​ម្ចាស់​ក្រោយ​ទេ ព្រោះ​បានទទួល​ស្គាល់​ការកាន់កាប់​ជាក់ស្តែង ដោយ​មិនចាំបាច់​មានការ​បញ្ជាក់​ពី​ម្ចាស់​មុន​រួចទៅហើយ​។ សំខាន់ គឺ​ចង់ឱ្យ​បងប្អូន ដែល​មិនទាន់បាន​បង់ពន្ធ មិនទាន់​បានធ្វើ​ផ្លាកលេខ ចូលទៅ​បង់ពន្ធ និង​ធ្វើ​ផ្លាកលេខ ដើម្បី​មាន​ភាពស្របច្បាប់​ប៉ុណ្ណោះ​"​។​

​សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​សំរាប់​យានយន្ត ដែល​បាន​បង់ពន្ធ និង​មាន​ផ្លាកលេខ​គ្រប់គ្រាន់ ហើយ​មិនមាន​ការចាំបាច់​ត្រូវ​ផ្ទេរ​ឈ្មោះ ឬ​ធ្វើ​លេខ​ថ្មី​ទេ​។ កិច្ចការ ដែល​នៅ​សេសសល់ គឺ​បង់ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ តាម​ការកំណត់​នៃ​ច្បាប់​។ បន្តិចទៀត សម្តេច​ក្រឡាហោម ស ខេង និង​ធ្វើការ​កែតម្រូវ​នូវ​សេចក្តីជូនដំណឹង​នេះ​។ សុំ​អរគុណ​ចំពោះ​ការរួម​យោបល់​នេះ​"​។​

​ជាមួយនឹង​ការលើកឡើង​ខាងលើនេះ សម្តេច​ហ៊ុនសែន បាន​ភ្ជាប់​នូវ​សំណួរ​របស់​ប្រជាពលរដ្ឋ ជូន​សម្តេច​តាម​ហ្វេ​ស​ប៊ុ​កថា "​ស៊ា​ម ស៊ី​ដូ​រ៉ា​: សម្តេច​ជាទីគោរព​! សូម​សម្តេច​មេត្តា​ពិនិត្យ អត្ថន័យ​បី​បន្ទាត់​ចុងក្រោយ នៃ​លិខិត​ជូនដំណឹង​ខាងលើ​នោះ ហាក់បីដូចជា​ផ្ទុយ​ពី​ការលើកឡើង​នៅ​ខាងដើម ដោយ​មិនបាន​បញ្ជាក់​អោយមាន​ភាពច្បាស់លាស់​។ ក្នុងន័យ​ដំបូង គឺ​តំរូវអោយ​ម្ចាស់​យានយន្ត​បច្ចុប្បន្ន ដែល​មិនទាន់​បង់ពន្ធ ឬ​ធ្វើ​ផ្លាកលេខ សូម​យកទៅ​ធ្វើ​ដោយ​មិនចាំបាច់ មានការ​បញ្ជាក់​ពី​ម្ចាស់​ដើមឡើយ​។ ចុះបើ​យានយន្ត​នោះ ទិញ​ពី​គេ​មក​មាន​បង់ពន្ធ និង​ផ្លាកលេខ​គ្រប់គ្រាន់​ហើយ ឬក៏​ក្នុង​គ្រួសារ​មួយ មានការ​ចាំបាច់​យក​យានយន្ត ដែល​ចុះបញ្ជី​ដោយ​ឈ្មោះ​( ក ) តែ​ពេល​ប្រើបាស់​ជួនកាល មានឈ្មោះ​( ខ​, គ​, ឃ​....) វា​នឹង​ទៅជា​យ៉ាងណាដែរ សម្តេច​?"​។​

ភ្លាមៗ កាលពីព្រលប់ថ្ងៃទី៩មករា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន បានចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយទៀត ដោយ​សម្រេច​ថា "​រាជរដ្ឋាភិបាល សម្រេចទទួលស្គាល់​ការកាន់កាប់​ជាក់ស្តែង​នូវយានយន្ត​គ្រប់ប្រភេទ ដែលប្រជា​ពលរដ្ឋ​​កំពុងមាន ដោយមិនតម្រូវ​ឲ្យ​មានការបញ្ជាក់​ពីម្ចាស់ដើមឡើយ"។

សេចក្តីជូនដំណឹងដដែលនោះ ក៏បានគូសបញ្ជាក់ថា "ដើម្បី​ឲ្យការកាន់កាប់​ និងការធ្វើ​ចរាចរណ៍​ មានភាពស្របច្បាប់ ម្ចាស់យានយន្ត ត្រូវទៅបង់ពន្ធ និងធ្វើផ្លាកលេខ ក្នុង​ករណី មិនទាន់បង់ពន្ធ និងមិនទាន់ធ្វើផ្លាកលេខ"៕ 

រាជរដ្ឋាភិបាល ប្រកាសថា ម៉ូតូឡាន ដែលទិញច្រើនដំណ មិនចាំបាច់កាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិទេ