អំពើជ្រុលនិយម ជាបញ្ហាដ៏ធ្ងន់ធ្ងរ នៅលើពិភពលោក នាពេលបច្ចុប្បន្ន

ភ្នំពេញ៖ លោក Hakan Atasever នាយកប្រតិបត្តិ នៃវិទ្យាស្ថានសន្ទនាមេគង្គ (Mekong Dialogue Institute/MDI) លើកឡើងថា អំពើជ្រុលនិយមជា គឺជាបញ្ហាដ៏ធ្ងន់ធ្ងរ មួយនៅក្នុងពិភលោកចប្ចុប្បន្ននេះ។

លោក Hakan Atasever ក្នុងសិក្ខាសាលាស្តីពី ទស្សនៈរបស់សាសនិក ឥស្លាមកម្ពុជា ក្នុងការប្រឆាំងនឹងអំពើហិង្សាជ្រុលនិយម កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ បានលើកឡើងថា អំពើជ្រុលនិយមហិង្សា គឺជាបញ្ហាដ៏ធ្ងន់ធ្ងរ មួយនៅក្នុងពិភពលោកបច្ចុប្បន្ននេះ។ វាបានបង្កឲ្យមានវិបត្តិក្នុងសង្គមជាច្រើន ដូចជា ការបំផ្លាញដល់សណ្តាប់ធ្នាប់ បង្កឲ្យមានការសង្ស័យរវាងគ្នានឹងគ្នា ភាពភ័យខ្លាច ការស្អប់ខ្ពើម ហើយរឿងនេះត្រូវបានគេប្រើបង្កចលាចល និងគាំទ្រភាពលំអៀង សាសនា វប្បធម៌ និងនយោបាយ។

លោក បានបន្ថែមថា “ជាងនេះទៅទៀត វាបានបន្ទាប់ដល់ គោលការណ៍នៃកិច្ចសន្ទនា ពោលគឺការយោគយល់ក្តីករុណា និងការយកចិត្តទុកដាក់ចំពោះគ្នា ដែលជាគុណតម្លៃ ដែលវិទ្យាស្ថានសន្ទនាមេគង្គកំពុងព្យាយាមផ្សព្វផ្សាយ។ ជាលទ្ធផល វិទ្យាស្ថានសន្ទនាមេគង្គមិនអាចអើពើទៅលើអំពើជ្រុលនិយមហិង្សានេះឡើយ”។
នាយកប្រតិបត្តិ នៃវិទ្យាស្ថានសន្ទនាមេគង្គដដែល បានបញ្ជាក់ថា វិទ្យាស្ថានសន្ទនាមេគង្គ សូមធ្វើការថ្កោលទោស និងមានការស្អប់ខ្ពើម ចំពោះទង្វើជ្រុលនិយម ហិង្សាគ្រប់ទម្រង់។ វិទ្យាស្ថានគាំទ្រដល់តម្លៃនៃលទ្ធិប្រជាធិតេយ្យ ការមិនប្រើប្រាស់សាសនា ធ្វើជាឧបករណ៍នយោបាយ និងសេរីភាពក្នុងការបញ្ចេញមតិ។ ជឿថាឥស្លាមពិតមិនអនុញ្ញាត និងគាំទ្រឲ្យមានក្រុម ដែលប្រព្រឹត្តទង្វើជ្រុលនិយម អំពើភេរវកម្ម ឬមនោគមវិជ្ជាហិង្សានោះទេ។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី ទស្សនៈរបស់សាសនិកឥស្លាមកម្ពុជា ក្នុងការប្រឆាំងនឹងអំពើហិង្សាជ្រុលនិយមនេះ មានគោលបំណងចំនួន៣ ទី១. ការកសាង ទំនាក់ទំនង និងទំនុកចិត្តរវាងសាសនិកឥស្លាម និងវិទ្យាស្ថានសន្ទនាមេគង្គ, ទី២. ពិភាក្សាអំពីទស្សនៈរបស់ឥស្លាមសាសនិកកម្ពុជា ក្នុងការប្រឆាំងនឹង អំពើហិង្សារជ្រុលនិយម និងទី៣. ពិគ្រោះយោបល់ដើម្បីអភិឌ្ឍកម្មវិធីសន្តិភាពអន្តរជំនឿ នាពេលអានគត ដោយមានការចូលរួមពីសាសនិកឥស្លាមជាច្រើននាក់ មកពីបណ្តាអង្គការធ្វើការងារទាក់ទងនឹងសាសនាឥស្លាម តំណាងថ្នាក់ដឹកនាំឥស្លាម និងអ្នកសារព័ត៌មានផងដែរ៕

អំពើជ្រុលនិយម ជាបញ្ហាដ៏ធ្ងន់ធ្ងរ នៅលើពិភពលោក នាពេលបច្ចុប្បន្ន