ពលរដ្ឋ​ជាង​១០០​នាក់​នៅ​ខេត្ត​ក្រចេះ​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​ជម្លោះ​ដីធ្លី

ជនជាតិ​ដើម​ភាគ​តិច​ព្នង ស្រុក​ចិត្របូរី ជាង ១០០​នាក់ អះអាង​ថា អាជ្ញាធរ​ស្រុក​មិន​ទាន់​ដោះស្រាយ​ផល​ប៉ះពាល់​ដីធ្លី​ប្រជាពលរដ្ឋ ដែល​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ដៅទូ សៃហ្គន ប៊ិន​ភឿក (Dau Tu Saigon-Binh Phouc) បាន​ឈូស​ឆាយ​លើ​ដី​សមូហភាព​សហគមន៍​កាល​ពី​ថ្ងៃ​ទី​៦ មករា។

ពលរដ្ឋ​រស់នៅ​ភូមិ​ប្អៀរ ឃុំ​ថ្មី ស្រុក​ចិត្របុរី នៅ​ថ្ងៃ​ទី​៩ មករា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ពន្លឿន​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួក​គាត់។ អ្នក​ភូមិ​ចោទ​ថា ក្រុមហ៊ុន​បន្ត​ឈូស​ឆាយ​កំណត់​ព្រំ​ដី​សម្បទាន​សេដ្ឋកិច្ច បំពាន​ទៅ​លើ​ដីធ្លី​ប្រើប្រាស់​សមូហភាព​សហគមន៍​ជាច្រើន​ហិកតារ។

តំណាង​ពលរដ្ឋ លោក ឃីន ឌឿន ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​ក្នុង​ព្រៃ​សមូហភាព​សហគមន៍​អស់​ទំហំ​ទទឹង ១៥០​ម៉ែត្រ និង​បណ្ដោយ​ជាង ៤.០២០​ម៉ែត្រ កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ លោក​ថា ករណី​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច៖ «»។

អនុប្រធាន​សហគមន៍​ការពារ​ព្រៃ​ភូមិ​ប្អៀរ លោក ឈឿន ផន កត់​សម្គាល់​ដែរ​ថា ក្រុមហ៊ុន​វៀតណាម បង្ក​ឧបសគ្គ​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង ដែល​មាន​ទម្លាប់​អាស្រ័យ​អនុផល​ព្រៃ​ឈើ និង​ការ​បាត់បង់​ប្រពៃណី​វប្បធម៌​របស់​ពួក​គាត់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ដៅទូ សៃហ្គន ប៊ិន​ភឿក លោក កែវ សាវ៉ាន់ ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៩ មករា។ តែ​លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រុមហ៊ុន​ពុំ​បាន​ឈូស​ឆាយ​ដី​សហគមន៍​ទេ។ លោក​ថា ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល មាន​ផែនទី​កំណត់​ព្រំ​ដី​ច្បាស់លាស់ ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឮ។

មេ​ឃុំ​ថ្មី លោក មុំ ខាំ ឲ្យ​ដឹង​ថា អាជ្ញាធរ​ធ្លាប់​សម្រប​សម្រួល​ជាមួយ​តំណាង​ពលរដ្ឋ និង​តំណាង​ក្រុមហ៊ុន ពី​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​នេះ តែ​នៅ​មិន​អាច​រក​ដំណោះស្រាយ​បាន។ លោក​ថា អាជ្ញាធរ​ឃុំ​បាន​ធ្វើ​សំណើ​ឲ្យ​អាជ្ញាធរ​ស្រុក និង​ខេត្ត ចុះ​សម្រប​សម្រួល​ករណី​នេះ​ហើយ ប៉ុន្តែ​មិន​ឃើញ​មាន​ចំណាត់​ការ​បែប​ណា​ឡើយ៖ «»។

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ដៅទូ សៃហ្គន ប៊ិន​ភឿក របស់​វៀតណាម វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ ទទួល​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃដី​ចំនួន ១​ម៉ឺន​ហិកតារ ឋិត​នៅ​ក្នុង​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​ថ្មី និង​ឃុំ​កន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ។

អភិបាល​ស្រុក​ចិត្របុរី លោក ហង់ ចាន់ឌី ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ​ស្រុក និង​ខេត្ត ស្នើ​ឲ្យ​រដ្ឋាភិបាល​កាត់​ដី​ចេញ​ពី​ក្រុមហ៊ុន ដើម្បី​ផ្ដល់​ឲ្យ​សហគមន៍​គ្រប់គ្រង។ លោក​ថា រដ្ឋាភិបាល​បាន​ឯកភាព​សំណើ​នេះ​ហើយ និង​រង់ចាំ​ក្រសួង​ពាក់ព័ន្ធ​អនុវត្ត​នីតិវិធី​តែ​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ ពលរដ្ឋ​ជាង ៩០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ក្រចេះ បន្ទាប់​ពី​តំណាង​អ្នក​ភូមិ ៥​នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ក្រចេះ កោះ​ហៅ​មក​បំភ្លឺ​ក្នុង​រឿង​ចោទ​ប្រកាន់​ពី​បទ​ញុះញង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។